ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 21 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 21 កញ្ញា 2012

អនាគត​ប្រមុខ​ដឹកនាំ​កំពូល​ចិន​ធានា​​ភាព​កក់​ក្តៅដល់អាស៊ាន​​

អនុ​ប្រធានាធិបតីចិន ស៊ី ជីនពីង(រូបកណ្តាល)​នឹង​ប្រមុខដឹកនាំនៃបណ្តាប្រទេសអាស៊ាន​អញ្ជើញមកចូលរួមប្រជុំអាស៊ាន​នៅ​Nanning ប្រទេសចិន​
អនុ​ប្រធានាធិបតីចិន ស៊ី ជីនពីង(រូបកណ្តាល)​នឹង​ប្រមុខដឹកនាំនៃបណ្តាប្រទេសអាស៊ាន​អញ្ជើញមកចូលរួមប្រជុំអាស៊ាន​នៅ​Nanning ប្រទេសចិន​
REUTERS

ដោយ នុយ ប៊ែរណាដែត

ក្នុង​បរិបទ​ដែល​មាន​ជម្លោះ​ដែន​ដី​ដ៏​តាន​តឹង លោក​ ស៊ី ជីនពីង អនុប្រធានាធិបតី​និង​ជា​អនាគត​ប្រមុខ​ដឹកនាំ​កំពូល​ចិន បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​​​អាស៊ាន ដើម្បី​ពន្យល់​និង​បញ្ជាក់​ជំហរ​របស់​ចិន​​ដែល​ត្រូវការ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។

 
ថ្លែង​នៅ​ឱកាស​នៃការ​បើក​សម័យ​ប្រជុំ​​ អាស៊ាន លោក ស៊ី ជីនពីង អនុប្រធានាធិបតី​និង​​ជា​​អនាគត​ប្រមុខ​ដឹកនាំ​កំពូល​ចិន បានថ្លែង​ថា “​វិបុលភាព​ឬ​ភាព​ថ្កុំ​ថ្កើងរុងរឿង​នៃ​ប្រទេស​​​ចិន​នឹង​​​អាច​ធានាទៅ​​បាន ក៏​អា​ស្រ័យ​ទៅ​លើ​ទំនាក់​ទំនង​ល្អ​នៃ​ប្រទេស​ជិត​ខាង​របស់​ចិន​ដែរ”។ “នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែលកំពុង​មាន​ដំណើរប្រែប្រួល​យ៉ាង​ច្រើន​​នេះ ប្រទេសចិន​​ យល់​ដឹង​យ៉ាង​ច្បាស់ណាស់- ​អំពី​សារៈ​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​-ការរីក​ចម្រើន​ដ៏យូរអង្វែង​​​និង​សន្តិភាពដ៏​ស្ថិតស្ថេរនៅក្នុងតំបន់​​”-នេះ​​ជាកា​រ​បញ្ជាក់​បន្ថែម​​របស់ លោក ស៊ី ជីនពីង។

ដោយ​ញ្ជាក់​អំពី​អធិបតេយ្យភាពរបស់ខ្លួន​នៅលើតំបន់មួយផ្នែកធំនៃសមុទ្រចិន​ខាង​ត្បូង​ ចិន បាន​​​​ក្លាយខ្លួន​ ជាគូរ​សត្រូវ​របស់​វៀតណាម​និង​ហ្វីលីពិន,ចំណែក​​​ប្រុយណេ​ តៃវ៉ាន់ និង​ ម៉ាឡេស៊ីវិញ ក៏​បានទាមទារដែរ​ចំណែកមួយភាគដែរ​​នៃ​តំបន់​នេះ​ ពី​ព្រោះវា ជាកន្លែង​​ដែល​សម្បូរណ៌​ទៅដោយធនធាន​ប្រេងកាត​ច្រើន​​ឥត​គណនា​។ ​​ម្យ៉ាងទៀត សមុទ្រ​​ចិន​ ក៏ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែរ​ ក្នុង​​​ការធ្វើ​ចរាចរ​​តាម​ជើង​ទឹក។​ ​
 
ដោយ​មានជម្លោះជាមួយជប៉ុន​នៅក្នុង​ការដណ្តើមកម្មសិទ្ធិ​ប្រជុំ​កោះ ​Senkaku ​តាមភាសា​ជប៉ុន​​ឬ Diaoyu តាមភាសា​ចិននៅ​ក្នុង​​សមុទ្រចិនខាង​កើត- ប្រទេសចិនក៏​​មាន​បំណង​ ​​ចង់​​រក​​ដំណោះស្រាយមួយ​ប្រកប​ដោយសន្តិវិធី ជាពិសេស​​នៅលើ​​ជម្លោះ​ការទូត” -នេះ​ជាការ​អះអាង​ជាថ្មីទៀត​របស់​លោក ស៊ី ជីនពីង អនុប្រធានាធិបតីចិន ​​​​​។
 
លោក ស៊ីជីនពីង អះអាងទៀតថា “ ប្រទេសចិននៅតែ​ប្រកាន់ខ្ជាប់​ជំហរដ៏​ម៉ឺងម៉ាត់របស់ខ្លួន​នៅ​ក្នុងកិច្ច​ការថែរក្សា​អធិបតេយ្យ​ភាព​-បូរណភាពនិង​សន្តិសុខ​ដែនដី​របស់​ខ្លួន​ដោយបាន​ ​សន្យា​ដែរថាចិននឹង​​រកដំណោះស្រាយនៅលើ​​​វិបត្តិនានា​ដោយសន្តិវិធី​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​របស់ខ្លួន​​ ពាក់​​ព័ន្ធនឹងបញ្ហា​ដែនដី និងដែនទឹក"។ រីឯ ​បញ្ហា សិទ្ធិ​ និង​ ផលប្រយោជន៍នៃ​ដែន​សមុទ្រវិញ លោក ស៊ីន ជីនពី បញ្ជាក់ថា  គួរតែប្រទេសទាំងអស់​ជាប់ពាក់ព័ន្ធក្នុងជម្លោះ ​រក​ការ​​ដោះស្រាយ ​តាម​រយៈការចរចាគ្នាជាមិត្តភាពវិញ"៕

tags: ចិន - សមុទ្រចិនខាងត្បូង - អាស៊ាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close