អានតួអត្ថបទ
កម្ពុជា- ចិន

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ទស្សនកិច្ច​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិនលោកលៀងគង​លី (LIANG GUANGLIE) បាន​មកដល់​ភ្នំពេញ​នា​រសៀល​ថ្ងៃអាទិត្យ​ទី ២៧ ឧសភានេះ​ក្នុង​ដំណើរ​ទេស្សន​កិច្ចរ​រយៈពេល៤ថ្ងៃ​នៅ​កម្ពុជា។ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ។វត្តមាន​របស់​ប្រមុខ​យោធា​ចិន​នៅ​កម្ពុជា​បានកើត​ឡើង​ចំ​ពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បើក​កិច្ចប្រជុំ នៅ​ទីក្រុង​ភ្នំពេញ។  

លោក​LIANG GUANGLIE​រដ្ឋមន្រ្តីការពារ​ជាតិ​ចិន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មន្ទីរ​បញ្ចកោណ​អាមេរិក
លោក​LIANG GUANGLIE​រដ្ឋមន្រ្តីការពារ​ជាតិ​ចិន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មន្ទីរ​បញ្ចកោណ​អាមេរិក © REUTERS
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​នៅ​កម្ពុជា​នាពេលនេះ​ត្រូវបាន​គេ​ពន្យល់ថា មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ និង​កាន់តែ​ស៊ីជម្រៅ​ថែមទៀត។ រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​កម្ពុជា​ក៏​គ្រោង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ​ផងដែរ។ នេះ​បើ​យោងតាម​ប្រភពពី​ក្រសួងការពារជាតិ។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុជា លោក លៀង គ័ងលី និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា គ្រោង​នឹង​ជួបពិភាក្សា​គ្នា និង​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​យោធា​ប្រទេស​ទាំងពីរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ។

គួរ​កត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិចិន នៅ​កម្ពុជា នាពេលនេះ​បានធ្វើ​ឡើង​ចំពេល​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ដែល​នឹង​បើក​ធ្វើ នៅ​ថ្ងៃទី​២៩​ឧសភា​នេះ។ គ្មាន​ប្រភព​ណា​បង្ហើប​ឲ្យ​ដឹងថា តើ​វត្តមាន​របស់​ប្រមុខ​យោធា​ចិន នៅ​កម្ពុជា​នាពេលនេះ​មាន​ជាប់​ពាក់​ពន្ធ័​នឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ដែរ ឬក៏​យ៉ាងណា​នោះទេ។ មន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះឡើយ។ យ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ត្រូវគេ​រំពឹងថា នឹង​ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។

កាលពី​ថ្ងៃទី២៤ ខែឧសភា ឧត្តម​មន្ត្រី​អាស៊ាន បានបញ្ចប់​ការពិភាក្សា​អំពី​ចំណុច​សំខាន់ៗ​ដែល​ត្រូវ​ដាក់បញ្ចូល​ក្នុង​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​រួចរាល់​ហើយ នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ។ ក្រម​ប្រតិបត្តិ​នេះ​នឹង​ត្រូវគេ​ដាក់ជូន​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពិនិត្យ និង​អនុម័ត​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ នា​ខែកក្កដា​ខាងមុខ។ ក្រម​ប្រតិបត្តិ​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​របស់​អាស៊ាន​ក្នុង​ការចរចា​ជាមួយ​ចិន ដើម្បី​រក​ដំណោះស្រាយ​ស្តីពី​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង។ ជម្លោះ​ដណ្តើម​កាន់កាប់​ដែនកោះ​រវាង​ចិន និង​សមាជិក​អាស៊ាន​ចំនួន ៤គឺ​វៀតណាម ហ្វីលីពីន ព្រុយណេ និង​ម៉ាឡេស៊ី នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ​កំពុង​ក្លាយជា​ក្តីបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​នៅក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ