អានតួអត្ថបទ
ចិន

តុលាការ​ចិន​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​១២​នាក់ ​ក្នុង​សំណុំ​រឿង​វាយ​ប្រហារ​ដោយ​កាំបិត​ កាល​ពី​ខែ​កក្កដា

នៅ​ថ្ងៃ​ចន្ទ​ទី​១៣​តុលា​នេះ ​តុលាការ​នៃ​តំបន់​ស៊ីនជាំង​ ភាគ​ខាង​លិច​ប្រទេស​ចិន ​បាន​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ចំនួន​១២​នាក់​ និង​ដាក់​ទោស​ទណ្ឌ​កម្រិត​ធ្ងន់​ទៅ​លើ​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​វាយ​ប្រហារ​ដោយ​កាំបិត ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។​ អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​ទាំង​អស់ ​ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​អះអាង​ថា​ ជា​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​ កាន់​សាសនា​អ៊ីស្លាម។​ ជនជាតិ​អ៊ុយហ្គួរ ​ដែល​ជា​ចលនា​ផ្ដាច់​ទឹកដី​និយម ​និង​ដែល​ជា​សត្រូវ​នឹង​ពួក​ជនជាតិ​ហាន​ នៅ​តំបន់​ស៊ីនជាំង។

ពួកអ៊ុយហ្គួរ​ម្ចាស់ស្រុក​ប្រឈមមុខ​នឹង​កងសន្តិសុខ​ចិន​
ពួកអ៊ុយហ្គួរ​ម្ចាស់ស្រុក​ប្រឈមមុខ​នឹង​កងសន្តិសុខ​ចិន​ © RFI
ផ្សាយពាណិជ្ជកម្ម

 

ពាក់ព័ន្ធ​នឹង​សំណុំរឿង​វាយប្រហារ​ដោយ​កាំបិត នៅ​តំបន់​ស៊ីន​ជាំ​ង កាលពី​ខែកក្កដា តុលាការ​​នៃ​តំបន់​ស៊ីន​ជាំ​ង បាន​កាត់ទោស​មនុស្ស​ចំនួន៥៦នាក់ ដោយ​ក្នុងនោះ ១២នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត ១៥នាក់​ត្រូវបាន​ព្យួរទោស​ប្រហារជីវិត ៩នាក់​ត្រូវ​ជាប់គុក​អស់​មួយជីវិត និង២០នាក់​ផ្សេងទៀត ត្រូវ​ជាប់ទោស​ពី៤ទៅ២០ឆ្នាំ។ បើ​ផ្អែក​តាម​ឈ្មោះ ជនជាប់ចោទ​ទាំងអស់​នៅក្នុង​សំណុំ​រឿងនេះ ត្រូវគេ​ជឿថា ជា​ចលនា​អ៊ុយ​ហ្គួ​រ​ផ្ដាច់​ទឹកដី​និយម កាន់សាសនា​អ៊ីស្លាម ដែល​រស់នៅ​តំបន់​ស៊ីន​ជាំ​ង។

នៅក្នុង​តំបន់​ស៊ីន​ជាំ​ង ភាគ​ខាងលិច​ប្រទេស​ចិន មាន​ប្រជាជន​រស់នៅ​ភាគច្រើន​ជា​ជនជាតិ​អ៊ុយ​ហ្គួ​រ ដើមកំណើត​តួ​ក​គី។ ពួកនេះ​ច្រើន​ជា​អ្នក​ជ្រុលនិយម ហើយ​ត្រូវបាន​អាជ្ញាធរ​ក្រុង​ប៉េកាំង​ចោទថា ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ភេរវកម្ម​ទាំងឡាយ​ដែល​កើតមាន​នៅក្នុង​តំបន់ និង​នៅក្នុង​ផ្ទៃ​ប្រទេស​ដទៃទៀត។ ពីរ​ឆ្នាំ​ចុងក្រោយ​នេះ មាន​មនុស្ស​ជាច្រើន​រយ​នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង ដែល​ភាគច្រើន​គឺ​ស្លាប់​នៅក្នុង​អំពើហិង្សា ដែល​បង្កឡើង​ដោយ​ជម្លោះ​រវាង​ចលនា​អ៊ុយ​ហ្គួ​រ​ផ្ដាច់​ទឹកដី​និយម និង​ពួក​ជនជាតិ​ចិន​ហាន ដែលជា​និមិត្តរូប​នៃ​អំណាច​ផ្ដាច់ការ​ទីក្រុង​ប៉េកាំង។

កាលពី​ចុងខែ​កក្កដា​កន្លងទៅ មានការ​វាយប្រហារ​ចូល​ទីស្នាក់ការ​ប៉ូលីស និង​អគារ​រដ្ឋ ពី​សំណាក់​ក្រុមមនុស្ស​កាន់​កាំបិត សំដៅ​ចាក់​ជន​ស៊ីវិល និង​បំផ្លាញ​យានយន្ត។ ព្រឹត្តិការណ៍​អំពើហិង្សា​ពេលនោះ បានសម្លាប់​មនុស្ស​អស់​ជិត១០០នាក់ មាន​ទាំង​ជនបង្ក​ហេតុ និង​ជន​ស៊ីវិល។ គួរ​ជម្រាបជូន​ថា អាជ្ញាធរ​ក្រុង​ប៉េកាំង បាន​ចាត់វិធានការ​តឹងរ៉ឹង​ខ្លាំងណាស់​នៅ​តំបន់​បះបោរ​ស៊ីន​ជាំ​ង ដោយ​មិន​ឲ្យ​អ្នកកាសែត​បរទេស​ណា​ម្នាក់ ចូលទៅ​កាន់​តំបន់​នោះឡើយ។ ការ​រឹត​ត្បឹ​ត​លើ​អ្នកកាសែត​ដូច្នេះ បានធ្វើ​ឲ្យ​ការទទួលបាន​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​កាំបិត កាលពី​ខែកក្កដា​នោះ មិនបាន​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ​នោះទេ។

ក្រោយពី​បាន​រង​ភេរវកម្មធំៗជា​បន្តបន្ទាប់ អាជ្ញាធរ​ប៉េកាំង​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវ​និយម។ ជា​យុទ្ធនា​ការដែល​មានដូចជា​ការបង្ក្រាប ការចាប់ខ្លួន និង​ការកាត់ទោស​ជាដើម ដោយ​ផ្ដោត​សំខាន់​ទៅលើ​សកម្មភាព​ទាំងឡាយណា ដែល​នាំ​ដល់​ភាពជ្រុលនិយម​ផ្នែក​សាសនា។ ប៉ុន្តែ​អ្នកការពារ​សិទ្ធិមនុស្ស​អ៊ុយ​ហ្គួ​រ​បាន​ព្រមាន​ថា យុទ្ធនាការ​របស់​អាជ្ញា​រ​ក្រុង​ប៉េកាំង អាច​នឹងធ្វើ​ឲ្យ​ចលនា​អ៊ុយ​ហ្គួ​រ​កាន់តែ​ចង់​សងសឹក​ខ្លាំង​ឡើង​ថែម​មួយកម្រិត​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ