តំបន់ស៊ីនជាំងរបស់ចិនស្គាល់ការវាយប្រហារដោយកាំបិតថ្មីទៀត ស្លាប់និងរបួសមនុស្សជាច្រើននាក់
នៅថ្ងៃចន្ទទី ២៨ កក្កដា មានការប៉ះទង្គិចយ៉ាងហិង្សា នៅតំបន់ស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន ដែលមានបណ្តាជនភាគច្រើនជាជនជាតិអ៊ុយហ្គួរកាន់សាសនាអ៊ីស្លាម។ ការប៉ះទង្គិច បានបង្កឱ្យមានមនុស្សស្លាប់និងរបួស រាប់រយនាក់។ នេះបើតាមក្រុមអ្នកការពារសិទ្ធិមនុស្សអ៊ុយហ្គួរ ប៉ុន្តែបើប្រភពព័ត៌មានផ្លូវការចិន ដែលទើបទម្លាយដំណឹងជាសាធារណៈនៅយប់ថ្ងៃអង្គារម្សិលមិញ កម្លាំងប៉ូលិស បានបង្ក្រាបជនកាន់កាំបិតដើរចាក់គេចាក់ឯង និងមានស្លាប់តែ ជាងដប់នាក់ប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
តើតុល្យការពិតនៃចំនួនមនុស្សស្លាប់និងរបួស មានប៉ុន្មាន ? អង្គការការពារសិទ្ធិជនជាតិអ៊ុយហ្គួរ បានទាមទារឱ្យអាជ្ញាធរក្រុងប៉េកាំង បញ្ឈប់សកម្មភាពបិទខ្ទប់ព័ត៌មានពិត ដែលមានកើតឡើងនៅសង្កាត់ Shache និងដែលអាជ្ញាធរចិនអាចមានចំណែកទទួលខុសត្រូវក្នុងអំពើហិង្សានេះដែរ។ តំណាងអ៊ុយហ្គួរនៅអាល្លឺម៉ង់ បានទាមទារជាពិសេសឱ្យមានការអង្កេតឯករាជ្យមួយ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទទី ២៨ កក្កដា មានការវាយប្រហារ ចូលទីស្នាក់ការប៉ូលិស និងអគាររដ្ឋ ពីសំណាក់ក្រុមមនុស្សកាន់កាំបិត សំដៅចាក់ជនស៊ីវិល និងបំផ្លាញយានយន្តមក ទើបប៉ូលិស បានចេញធ្វើអន្តរាគមន៍បង្ក្រាប កម្ចាត់ជនវាយលុកបានជាង១០នាក់មែន (រាប់ទាំងជនជាតិចិន ហាន និង ជនជាតិភាគតិចអ៊ុយហ្គួរ)! នេះបើតាមព័ត៌មានដែលមានផ្សព្វផ្សាយនៅល្ងាចថ្ងៃអង្គារដោយ ភ្នាក់ងារសារព័ត៌មានផ្លូវការ ចិនថ្មី ដែលលើកឡើងពីករណី វាយប្រហារភេរវកម្មដោយគិតទុកជាមុន។
ហេតុការហិង្សាចាក់សម្លាប់គ្នានេះ កើតឡើងចំថ្ងៃបិទបញ្ចប់ពិធីតមអាហារ ក្នុងសាសនាអ៊ីស្លាម និងបន្ទាប់ពីភេរវកម្មអត្តឃាត កណ្តាលផ្សារក្រុងUrumqi កាលពីខែឧសភា ដែលបានបង្កឱ្យស្លាប់៤៣នាក់ និងរបួសជាងមួយរយនាក់។ ជាប្រតិកម្ម ក្រុងប៉េកាំង បានប្រកាសបើកយុទ្ធនាការប្រឆាំងនឹងភេរវជន ដោយមានការកាត់ទោសប្រហារជីវិតជនជាតិអ៊ុយហ្គួរយ៉ាង១៣នាក់។
នៅស៊ីនជាំង មានបណ្តាជនភាគច្រើនជាជនជាតិអ៊ុយហ្គួរ សរុបជាង៩លាននាក់ កាន់សាសនាអ៊ីស្លាម ដើមកំណើតតួកគី ច្រើនជាអ្នកជ្រុលនិយម ដែលបើតាមអាជ្ញាធរក្រុងប៉េកាំង ជាប្រភពបង្កភេរវកម្មទាំងឡាយចុងក្រោយ នៅក្នុងតំបន់ នៅក្នុងផ្ទៃប្រទេសផ្សេងទៀត។ ប៉ុន្តែសម្រាប់អង្គការការពារសិទ្ធិមនុស្ស គឺដោយហេតុតែនយោបាយគាបសង្កត់ បំបិទសេរីភាព សាសានា វប្បធម៌ជនជាតិភាគតិច ទើបមានភាពតានតឹង និងហិង្សាធំធាត់ឡើងនៅស៊ីនជាំងយ៉ាងដូច្នេះ។ អាជ្ញាធរចិនបានដាក់កំហិតយ៉ាងខ្លាំងលើបណ្តាជនអ៊ីស្លាមនៅស៊ីនជាំងមិនឱ្យមានលទ្ធភាពបួសអត់អាហារទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ