ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 25 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 25 តុលា 2012

ចិន​ផ្តើម​គិតគូរ​ពី​ការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឡើង​វិញ

លោក  Wen Jiabao នាយករដ្ឋមន្រ្តី​ចិន
លោក Wen Jiabao នាយករដ្ឋមន្រ្តី​ចិន
Reuters路透社

ដោយ គួច គន្ធារ៉ា

ជិត ២ឆ្នំា ក្រោយ​ពី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ Fukushima ក្នុង​ប្រទេស​ជប៉ុន​មក ប្រទេស​ចិន​បាន​អនុញ្ញាត​ជាថ្មី​ឲ្យ​មាន​ការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ភាគ​តូច។ ប៉ុន្តែ​ការ​សាងសង់​នេះ​នឹង​ធ្វើ​ឡើង​នៅ​តាម​បណ្តោយ​ឆ្នេរ គឺ​មិន​មែន​នៅ​ក្រោម​ដី ដូច​ដែល​បាន​គ្រោង​ទុក​នោះ​ទេ។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

25/10/2012 by គួច គន្ធារ៉ា

គឺ​នៅ​ថ្ងៃពុធ ទី២៤ តុលា​ម្សិលមិញ ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង​បាន​សម្រេចចិត្ត​ឲ្យ​គិតគូរ​ឡើង​វិញ​ពី​ការ​បន្ត​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មីៗ​មួយ​ចំនួន​ទៀត។ សេចក្តីជូនដំណឹង​មួយ​បង្ហោះ​តាម​គេហទំព័រ​ឲ្យ​ដឹង​បន្ថែម​ថា ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​ឲ្យ​មាន​ការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មីៗ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៅ​ក្នុង​រយៈពេល ៥ឆ្នំា គឺ​ពី​ឆ្នំា ២០១១ ដល់​ឆ្នំា ២០១៥។ ម្យ៉ាង​ទៀត គម្រោង​អនុញ្ញាត​ឲ្យ​សាងសង់​បន្ថែម​នេះ គឺ​សាងសង់​តែ​នៅ​តាម​បណ្តោយ​ឆ្នេរ ពោល​មិន​មែន​សាងសង់​នៅ​ក្រោម​ដី​ដូច​ដែល​បាន​ព្រាង​ទុក​ពី​ពេល​មុន​នោះ​ទេ។
 
ដោយឡែក និង​បើ​យោង​តាម​កាសែត​ចិន គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន ៣ នៅ​ក្នុង​ខេត្ត Hunan ខេត្ត Jiangxi និង​ខេត្ត Hubei ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​កាល​ពី​ឆ្នំា ២០០៨ និង​ដែល​ដំណើរការ​សាងសង់​បាន​ចាប់​ផ្តើម​មក​ហើយ​នោះ នឹង​អាច​ព្យួរចោល​ក្នុង​រយៈពេល​យ៉ាង​តិច ៣ឆ្នំា។
 
ម្យ៉ាង​ទៀត រដ្ឋាភិបាល​ចិន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គ្រប់​ម៉ាស៊ីនប្រតិកម្ម​ថ្មីៗ​ទំាង​អស់​នឹង​ត្រូវ​អនុលោម​តាម​បទដ្ឋាន​សន្តិសុខ​នៃ​ជំនាន់ទី៣ ដូច​យ៉ាង​ម៉ាស៊ីនប្រតិកម្ម EPR របស់​បារំាង ឬ​មួយ​ក៏ AP១០០០ របស់​អាមេរិក។ កាល​ពី​សប្តាហ៍​មុន ក្រសួង​បរិស្ថាន​ចិន​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​អះអាង​ថា ស្ថានការណ៍​នៃ​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​ចិន​មិន​អាច​ធានា​ឲ្យ​បាន ១០០% ទេ។ របាយការណ៍​បាន​លើក​ឡើង​ពី​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ដោយសារ​តែ​ភាព​ខុសគ្នា​រវាង​ម៉ាស៊ីនប្រតិកម្ម និង​បច្ចេកវិទ្យា។
 
គួរ​ជម្រាប​ជូន​ថា នៅ​មុន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ខែ​មីនា ឆ្នំា ២០១១ រដ្ឋាភិបាល​ចិន​មាន​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​នុយក្លែអ៊ែរ​ឲ្យ​បាន ៨៦ ០០០មេហ្កាវ៉ាត់ នៅ​ឆ្នំា ២០២០ ទល់​នឹង ១២ ០០០មេហ្កាវ៉ាត់​ក្នុង​ឆ្នំា ២០១១​កន្លង​មក។ តែ​ឥឡូវ​នេះ គម្រោង​ផលិត​ឲ្យ​បាន ៨៦ ០០០មេហ្កាវ៉ាត់ នៅ​ឆ្នំា ២០២០ នឹង​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​តែ ៤០ ០០០មេហ្កាវ៉ាត់​វិញ។
 
យ៉ាង​ណា​ក៏​ដោយ ទោះបី​ចិន ជា​ប្រទេស​ដែល​បាន​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ច្រើន​ជាង​គេ​ក៏​ដោយ ក៏​ថាមពល​ផ្តល់​ដោយ​នុយក្លេអ៊ែរ​នៅ​តែ​មាន​បរិមាណ​តិច​ជាង​ថាមពល​ផ្តល់​ដោយ​ធ្យូងថ្ម​ដែល​មាន​រហូត​ដល់​ទៅ ៧០% និង​ថាមពល​ផ្តល់​ដោយ​វារីអគ្គិសនី​មាន​ចំនួន ១៥%។ បច្ចុប្បន្ន​នេះ ចិន​មាន​ម៉ាស៊ីនប្រតិកម្ម​ចំនួន ១៥ កំពុង​ដំណើរការ​ផលិត​ភ្លើងអគ្គិសនី និង​មាន​ម៉ាស៊ីនប្រតិកម្ម​ចំនួន ២៧ ទៀត​កំពុង​ដំណើរការ​សាងសង់៕

tags: ចិន - នុយក្លេអ៊ែរ
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close