អានតួអត្ថបទ
ចិន

អតីត​មេដឹកនាំ​ជាន់​ខ្ពស់​កាន់​តែ​កំពូលៗ​ឡើង​ជាប់​​ចោទ​​ក្នុង​​អំពើ​ពុក​រលួយ​

បន្ទាប់​ពី​ប៉ូស៊ីឡៃ គូ​ប្រជែង​នយោបាយ​របស់​លោក ស៊ី ជីនពីង ម្នាក់​ទៀត បាន​ជាប់​ជុច ធ្លាក់​ក្នុង​សំណាញ់​ច្បាប់ ពី​បទ​បាន​ប្រព្រឹត្ត​បទ​​ល្មើស​ធ្ងន់ធ្ងរ​ខុស​វិន័យ​បក្ស។ គណបក្ស​កុម្មុយនិស្ត​ចិន បាន​បើក​អង្កេត ប្រឆាំង​នឹង​​អតីត​មេដឹកនាំ​ភ្នាក់ងារ​សន្តិសុខ​​ផ្ទៃក្នុង​ លោក ស្ហ៊ូ យ៉ុងកង់ ( Zhou Yongkang) ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ មាន​អាយុ ៧១ ឆ្នាំ ជា​មន្ត្រី​ចូលនិវត្តន៍​​មែន ប៉ុន្តែ​លោក Zhou គឺ​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ម្នាក់ ក្នុង​ចំណោម​ថ្នាក់ដឹកនាំកំពូល​​ចិន​​ដ៏​មាន​អំណាច​ នៅ​ទសវត្សរ៍​ឆ្នាំ ២០០០។​នេះ​បើ​តាម​សារព័ត៌មាន​​ផ្លូវការ​ចិន​ថ្មី​ ចេញ​ផ្សាយ​ថ្ងៃទី ២៩ កក្កដា ២០១៤។

លោក Zhou Yongkang ប្រមុខ​ដឹកនាំ​សន្តិសុខ​ចិន កាល​ពេល​នៅ​កាន់​អំណាច​
លោក Zhou Yongkang ប្រមុខ​ដឹកនាំ​សន្តិសុខ​ចិន កាល​ពេល​នៅ​កាន់​អំណាច​ © Reuters
ផ្សាយពាណិជ្ជកម្ម

 

លោក Zhou គឺ​ជា​ឥស្សរជននយោបាយ​ ​មាន​ឋាន្តរសក្តិ​ខ្ពស់​បំផុត ដែល​ជាប់​​អង្កេត​ពុក​រលួយ​ គិត​ចាប់​ពី​របប​សាធារណរដ្ឋ​ចិន​ប្រជាមានិត​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៩។ លោក Zhou ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិ​យាល័យ​នយោបាយ​បក្ស ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​នៅ​ ចិន និង​ជា​ប្រមុខ​ដឹកនាំ​សន្តិសុខ​ជាតិ ដែល​ជា​តួនាទី​ដ៏​មាន​អំណាច​បំផុត​ ក្នុង​ប្រទេស​ រហូត​ដល់​ឆ្នាំ​២០១២ ឆ្នាំ​ចូល​និវត្តន៍។

ក្នុង​រយៈ​ពេល​កាន់​តួនាទី​សន្តិសុខ​ផ្ទៃក្នុង​៥​ឆ្នាំ លោក​ Zhou ដឹកនាំ​ផ្នែក​កម្លាំង​ប៉ូលិស​ផង ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់ស៊ីវិល​​ផង ប៉ូលិស​ប្រតិព័ទ្ធ​ផង ព្រមទាំង​ចៅក្រម​និង​រដ្ឋ​អាជ្ញា។ ចំណាយ​ផ្នែក​សន្តិសុខ​ផ្ទៃក្នុង​បាន​កើន​លើស​កញ្ចប់​ថវិកា​ក្នុង​វិស័យ​ការពារ​ជាតិ​ទៀត។​ លោក Zhou បាន​ក្លាយ​ជា​មនុស្ស​ដែល​មានអំណាច​ជ្រុល​ ហើយ​តួនាទី​ដ៏​សំខាន់​មួយ​នេះ បាន​ធ្លាក់​ចុះ​ខ្សោយ​នៅ​ពេល​មាន​ការ​រុះ​រើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ចិន​ នា​ឆ្នាំ​២០១២។ លោក​បាន​គាំទ្រ​បេក្ខភាព​ លោក ប៉ូ ស៊ីឡៃ ដោយ​ចង់​ជួយ​ជ្រោម​ឱ្យ​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស។ ប៉ុន្តែ​លោក ប៉ូស៊ីឡៃ ជា​គូប្រជែង​របស់​លោកស៊ីជីនពីង និង​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង និងកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ឥលូវ​បទ​ចោទ​ប្រកាន់​នេះ បាន​ធ្លាក់​មក​លើរូប​ លោក Zhou តែ​ម្តង ! តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣​មក លោក Zhou ត្រូវ​​ជាប់​​ឃុំ​ឃាំង​ក្នុង​គេ​ហដ្ឋាន​។ គណៈកម្មការ​កណ្តាល​ផ្នែក​ត្រួតពិនិត្យ​វិន័យ​បក្ស​ជា​អ្នក​ទទួល​បន្ទុក​ធ្វើ​អង្កេត​ ហើយ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​ចិន សេចក្តី​សម្រេច​ចោទ​ប្រកាន់​លោក Zhou ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​វិធាន​បក្ស និង​បទដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ ជាមួយ​នឹង​ការ​ដាក់​បញ្ជា​ឱ្យ​ធ្វើ​អង្កេត​ប្រឆាំង​នឹង​លោក Zhou លោក ស៊ីជីនពីង ចង់​បំបែក​ទម្លាប់​​និង​ព្រមាន​ថា​ សមាជិក​អចិន្ត្រៃយ៍​​នៃ​ការិយាល័យ​នយោបាយ​បក្ស ក៏​អាច​ជាប់​អង្កេត​ពុក​រលួយ​ដែរ សូម្បី​ដល់​អាយុ និង​កំពុង​ចូល​និវត្តន៍​ក៏​ដោយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ