សុក្រ 28 តុលា 2011
ចិនផ្តើមពង្រឹងការត្រួតពិនិត្យទៅលើអ៊ីនធ័រណែត និងទូរទស្សន៍

រូបភាពព្រមានទៅលើអ្នកប្រើអ៊ិនធ័រណែត ដែលចេញផ្សាយដោយអាជ្ញាធរចិន
© Figaro
កាលពីថ្ងៃពុធទី២៦តុលាម្សិលម្ង៉ៃ រដ្ឋាភិបាលចិនបានចេញបញ្ជាឲ្យពង្រឹងការត្រួតពិនិត្យទៅលើ អ៊ីនធ័រណែតនិងកម្មវិធីទូរទស្សន៍។ ទាំងនេះ គឺជាការផ្តើមអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្សកុម្មុយនិស្ត ដែលបានបើកសម័យប្រជុំមួយនៅទីក្រុងប៉េកាំង កាលពីជាងដប់ថ្ងៃមុន។ តើហេតុអ្វីបានជាអាជ្ញាធរចិនរឹតបន្តឹងអ៊ីនធ័រណែតនិងទូរទស្សន៍?
អាជ្ញាធរចិនមិនអែអង់ឡើយ បានប្រកាសពង្រឹងភ្លាមៗការត្រួតពិនិត្យទៅលើអ៊ីនធ័រណែត ដែលជាសេចក្តីសម្រេចចិត្តរបស់បក្សកុម្មុយនិស្តកាលពីដប់ថ្ងៃមុននេះសោះ។ ជាក់ស្តែង កាលពីថ្ងៃពុធទី២៦តុលាម្សិលម្ង៉ៃ តាមរយៈសេចក្តីថ្លែងការណ៍មួយ ទីក្រុងប៉េកាំងបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ពីអំណឹះ តទៅ បណ្តាញសង្គម និងសារទាក់ទងគ្នានៅក្នុងប្រព័ន្ធអ៊ីនធ័ណែត សុទ្ធតែឋិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង។
Micro-blogs នេះហើយគឺជាផ្ទាំងស៊ីបសំខាន់ជាងគេរបស់រដ្ឋាភិបាលចិន ពីព្រោះស្រដៀងគ្នានឹងTwitter micro-blogsទាំងនេះបាននិងកំពុងបន្តក្លាយជាវេទិកាមួយប្រកបទៅដោយគ្រោះថ្នាក់សម្រាប់ទីក្រុងប៉េកាំង។ តាំងពីមានចលនាបដិវត្តន៍នៅពិភពអារ៉ាប់ និងតាំងពីមានគ្រោះថ្នាក់ភ្លូករថភ្លើងល្បឿនលឿនបំផុតនៅប្រទេសចិនកាលពីខែកក្កដាមក សាររាប់លានសន្លឹកដែលរិះគន់រដ្ឋាភិបាលត្រូវបានបង្ហោះតាមmicro-blogs។
អ្វីដែលអាជ្ញាធរចិនចង់ទប់ស្កាត់ គឺការប្រើប្រាស់អ៊ីនធ័រណែត ដើម្បីផ្តួចផ្តើមគំនិត កេណ្ឌគ្នីគ្នាងើបបះបោរដូចនៅទុយនីស៊ីនិងនៅអេហ្ស៊ីប។ អ្វីដែលអាជ្ញាធរចិនចង់ឃ្លាំមើលគឺខ្លឹមសារនៃសារélectronique ដ្បិតក្នុងគ្រាបច្ចុប្បន្នអ្នកប្រើប្រាស់micro-blogs ដែលមានចំនួនរហូតដល់ទៅ១៩០លាននាក់ ផ្សព្វផ្សាយពាក្យចរចាមអារ៉ាម ព័ត៌មានមិនពិត និងសារឃោសនា ក្នុងគោលដៅនិយាយសម្អុយថ្នាក់ដឹកនាំឬបង្កចលាចលក្នុងសង្គម។ នៅក្នុងន័យនេះ ប៉ុន្មានថ្ងៃចុងក្រោយនេះនគរបាលបានចាប់ខ្លួនអ្នកប្រើប្រាស់micro-blogsជាច្រើននាក់ ក្នុងនោះរួមមានជាអាទិ៍និស្សិតម្នាក់នៅខេត្តYunnan ដែលបានបង្ហោះព័ត៌មានមិនពិតស្តីពីឃាតកម្មមួយដែលខ្លួនបានប្រឌិតឡើងទាំងស្រុង។
ទន្ទឹមនេះ នៅថ្ងៃពុធទី២៦តុលាម្សិលម្ង៉ៃដែរ អាជ្ញាធរជាតិគ្រប់គ្រងវិទ្យុ ទូរទស្សន៍ និងភាពយន្ត បានចេញផ្សាយសេចក្តីណែនាំមួយ បញ្ជាឲ្យទូរទស្សន៍ទាំង៣៤ដែលផ្សព្ធផ្សាយតាមបណ្តាញផ្កាយរណប កាត់បន្ថយកម្មវិធីreality TV និងកម្មវិធីកម្សាន្តណាដែលប៉ះពាល់ដល់ប្រពៃណី និងធ្វើឲ្យខូច«តម្លៃជាសារវន្តនៃមនោគមវិជ្ជាសង្គមនិយម»។ អាជ្ញាធរជាតិចង់ឲ្យទូរទស្សន៍ជួយលើកតម្កើង កម្រិតសីលធម៌របស់ប្រជាពលរដ្ឋ«កុំឲ្យឃើញតែលុយ និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនពេក»។
បទបញ្ជានេះមិនមែនធ្លាក់មកដោយចៃដន្យទេ ពីព្រោះជាងមួយសប្តាហ៍កន្លងមកហើយដែលសង្គមចិនទាំងមូលមានការតក់ស្លុតខ្លាំងនៅចំពោះមុខរូបភាពVideoមួយដែលត្រូវបានផ្សព្វផ្សាយបន្តគ្នាតាមប្រព័ន្ធអ៊ីធ័រណែត។ គឺជារូបភាពនៃក្មេងស្រីម្នាក់ដែលត្រូវបានរថយន្តបុកដួល និងកិនពីលើ។ ឡានបានបរទៅបាត់ រីឯមនុស្សម្នាវិញបានដើរធ្វើព្រងើយ មិនបានចាប់អារម្មណ៍សោះឡើយទៅលើក្មេងស្រីនោះ ដែលនៅដេករបួស ច្រងាងកណ្តាលផ្លូវ។
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ