ចិនគ្រោងបង្កើតមូលដ្ឋានទ័ពនៅលើកោះក្នុងតំបន់ជាប់ជម្លោះជាមួយវៀតណាម

ក្រសួងការពារជាតិចិនបានប្រកាសឲ្យដឹង នៅថ្ងៃចន្ទនេះថា ចិនគ្រោងបង្កើតមូលដ្ឋានទ័ពអចិន្រ្តៃយ៍ នៅប្រជុំកោះ Paracel ក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់ជាប់ជម្លោះជាមួយវៀតណាម និងតៃវ៉ាន់។ ការប្រកាសអំពីគម្រោងបង្កើតមូលដ្ឋានទ័ពចិននេះ ប្រាកដជានឹងធ្វើឲ្យជម្លោះសមុទ្រចិនខាងត្បូង ដែលកំពុងតែមានភាពតានតឹងស្រាប់ កាន់តែពុះកញ្ជ្រោលខ្លាំងឡើងថែមទៀត។
យោងតាមសេចក្តីប្រកាសនៅលើទំព័រវិបសៃត៍ នៃក្រសួងការពារជាតិចិន មូលដ្ឋានកងទ័ពចិននឹងត្រូវដាក់តាំងនៅក្នុងក្រុង Sansha ក្នុងប្រជុំកោះ Paracel ដែលជាប្រជុំកោះមួយ ក្នុងចំណោមប្រជុំកោះពីរ ដែលកំពុងជាប់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិចិនបានឲ្យដឹងថា គម្រោងបង្កើតមូលដ្ឋានទ័ពអចិន្រ្តៃយ៍ នៅ Sansha នេះ ត្រូវបានសម្រេចដោយគណៈកម្មការកងទ័ពមជ្ឈិម ក៏ប៉ុន្តែ មិនបានបញ្ជាក់ច្បាស់លាស់ទេថា តើមូលដ្ឋានទ័ពនេះនឹងត្រូវបង្កើតនៅពេលណា ហើយមានទាហានចំនួនប៉ុន្មាននាក់ ដែលនឹងត្រូវឈរជើងនៅក្នុងមូលដ្ឋានទ័ពនេះ។
ប្រជុំកោះ Paracel មានកូនកោះតូចៗប្រមាណជាង ៣០ ហើយកំពុងជាប់ជម្លោះរវាងចិន តៃវ៉ាន់ និងវៀតណាម។ កន្លងមក វៀតណាម និងចិនធ្លាប់បានកាន់កាប់ប្រជុំកោះ Paracel នេះមួយចំណែកម្នាក់ ក៏ប៉ុន្តែ ក្រោយពីមានការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកទាំងពីរ កាលពីឆ្នាំ១៩៧៤ ចិនក៏បានដណ្តើមកាន់កាប់ប្រជុំកោះនេះទាំងស្រុង ចាប់ពីពេលនោះមក ក្នុងខណៈពេលដែលវៀតណាម នៅបន្តកាន់កាប់កោះខ្លះ នៅក្នុងប្រជុំកោះ Spratley ។
ប្រជុំកោះ Spratley ស្ថិតនៅចុងខាងត្បូង នៃសមុទ្រចិនខាងត្បូង ហើយក្រៅពីចិន និងវៀតណាម មានប្រទេសសមាជិកអាស៊ាន ៣ ទៀត គឺហ្វ៊ីលីពីន ម៉ាឡេស៊ី និងព្រុយណេ ដែលជាប់ជម្លោះដណ្តើមកាន់កាប់កោះ ក្នុងប្រជុំកោះនេះ។
គួររំឭកឡើងវិញថា កាលពីខែមិថុនាកន្លងទៅនេះ ចិនទើបនឹងបានសម្រេចកំណត់យកទីក្រុង Sansha ធ្វើជាទីតាំងមូលដ្ឋានរដ្ឋបាល សម្រាប់គ្រប់គ្រងកោះទាំងអស់ នៅក្នុងសមុទ្រចិនខាងត្បូង ពោលគឺ ទាំងប្រជុំកោះ Paracel និង Spratley។ សមាជិកក្រុមប្រឹក្សាក្រុង Sansha ចំនួន ៤៥រូប ត្រូវបានជ្រើសតាំងឡើង កាលពីថ្ងៃអាទិត្យ ម្សិលមិញ ហើយក្នុងថ្ងៃជាមួយគ្នានោះ ប្រជាជនវៀតណាមជាច្រើននាក់ បាននាំគ្នាធ្វើបាតុកម្ម នៅទីក្រុងហាណូយ ដើម្បីប្រឆាំងនឹងមហិច្ឆតារបស់ចិន នៅសមុទ្រចិនខាងត្បូង។
គឺដោយសារតែបញ្ហាសមុទ្រចិនខាងត្បូងនេះហើយ ដែលបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ រហូតធ្វើឲ្យអាស៊ានត្រូវបញ្ចប់កិច្ចប្រជុំ ដោយគ្មានសេចក្តីថ្លែងការណ៍រួម ដែលជារឿងមិនធ្លាប់មាន ក្នុងប្រវត្តិ ៤៥ឆ្នាំ របស់អាស៊ាន។ ទាល់តែមួយសប្តាហ៍ក្រោយពេលបញ្ចប់កិច្ចប្រជុំ ហើយតាមរយៈការសម្របសម្រួលរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ទើបរដ្ឋមន្រ្តីការបរទេសអាស៊ានអាចចេញសេចក្តីថ្លែងការណ៍រួមមួយ អំពីគោលការណ៍របស់អាស៊ាន ទាក់ទងនឹងសមុទ្រចិនខាងត្បូងនេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ (2)
c'est come histoire du cambodge
la chine
il a bien fait pour le envahiseur come vietnam
My idea for viet nam
វៀតណាមគួរទទួលយកទៅ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ តើវៀតណាមចេះឈឺចាប់ដែរឬនៅ ពេលដែលចិនធ្វើអំពើនេះមកលើខ្លួន? តើវៀតណាមមានគឹតថាកម្ពុជាឈឺចាប់ដែរឬទេនៅពេលដែល ខ្លួនប្រព្រឹត្តិអំពើទាំងនេះមកលើកម្ពុជា? បាបកម្ម បាបកម្ម ។
ប្រតិកម្មជុំវិញអត្ថបទនេះ