អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​កំពុង​ប្រជែង​ជាមួយ​អាមេរិក​ខាងផ្នែក​អវកាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ឲ្យដឹង​ អំពី​ផែនការ​អភិវឌ្ឍ​កម្មវិធី​អវកាស​ សម្រាប់​រយៈពេល ៥​ឆ្នាំ (២០១២-២០១៦)។ ផែនការ​នេះ​បង្ហាញ​​ឲ្យ​ឃើញ​ពី​មហិច្ឆតា​របស់​​ចិន​ ដែល​​កំពុងតែ​បោះជំហាន​ទៅមុខ ដើម្បី​ក្លាយ​ជា​គូប្រជែង​ដ៏​សំខាន់​មួយ​របស់​អាមេរិក ក្នុងអវកាស ទាំង​ផ្នែក​ស៊ីវិល និង​ផ្នែក​យោធា។

​អវកាសយានិក​ចិន នៅ​កណ្តាល​លំហ​អវកាស កាលពីឆ្នាំ​២០០៨
​អវកាសយានិក​ចិន នៅ​កណ្តាល​លំហ​អវកាស កាលពីឆ្នាំ​២០០៨ REUTERS
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ផែនការ ៥ឆ្នាំ ដែល​រដ្ឋាភិបាល​ចិន​​បញ្ចេញ​ឲ្យ​ដឹង កាល​ពី​ម្សិលមិញ​នេះ ចិន​គ្រោង​នឹង​បង្កើត​មន្ទីរពិសោធន៍​នៅ​ទីអវកាស ព្រមទាំង​​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​យក​ដី​ពី​ព្រះចន្ទ​​ដើម្បី​មក​ធ្វើការ​សិក្សា ហើយ​ទាំងអស់​នេះ​ត្រូវ​ធ្វើ​​ឲ្យ​បាន ​នៅ​ឆ្នាំ​២០១៦។ ផែនការ​នេះ​បង្ហាញ​យ៉ាងច្បាស់​អំពី​មហិច្ឆតា​របស់​ចិន ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ទី​អវកាស។

គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០០៣ ចិន​បាន​ក្លាយ​ជា​ប្រទេស​ទី៣ បន្ទាប់​ពី​អាមេរិក និង​រុស្ស៊ី ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​ទីអវកាស។ នៅឆ្នាំ​២០០៧ ចិន​បាន​បញ្ជូន​យានអវកាស​​ដោយ​គ្មាន​មនុស្ស​បើក​​ឲ្យ​ទៅ​ធ្វើ​ដំណើរ​ជុំវិញ និង​​ថតយក​រូបភាព​ព្រះចន្ទ។ នៅ​ឆ្នាំ​បន្ទាប់ ពោល​គឺ នៅ​ឆ្នាំ​២០០៨ ចិនបាន​បោះជំហាន​ទៅមុខ​មួយ​ដំណាក់កាល​ទៀត ដោយ​បញ្ជូន​អវកាសយានិក​មួយរូប​ឲ្យ​ចេញ​ក្រៅយាន​អវកាស ហើយ​ស្ថិត​នៅ​កណ្តាល​ទីអវកាស​រយៈពេល ១៣នាទី។

ទោះជាយ៉ាងណា គិតមកទល់ពេលនេះ បច្ចេកវិទ្យា​អវកាស​របស់​ចិន​​នៅ​ចាញ់​សហរដ្ឋ​អាមេរិក​យ៉ាង​ដាច់ឆ្ងាយ។ បច្ចេកវិទ្យា​អវកាស​របស់​ចិន​នៅពេល​នេះ ទើប​នឹង​បាន​ប្រហាក់ប្រហែល​នឹង​បច្ចេកវិទ្យា​របស់​អាមេរិក​កាលពី​ទសវត្សរ៍​ទី​៦០​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់ គឺ​នៅត្រង់ថា កម្មវិធី​អវកាស​របស់​ចិន​កំពុង​មាន​ភាព​ជឿនលឿន​ទៅមុខ​ជាប់ជានិច្ច ក្នុងពេល​ដែល​កម្មវិធី​អវកាស​អាមេរិក​កំពុង​ជួប​នឹង​បញ្ហា​ថវិកា ដោយ​មក​ពី​វិបត្តិ​សេដ្ឋកិច្ច។

ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា នយោបាយ​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាមេរិក​តែងតែ​មាន​ការផ្លាស់ប្តូរ នៅពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​ប្រធានាធិបតី។ ជាក់ស្តែង នៅពេល​លោក​ប៊ូស នៅ​ជា​ប្រធានាធិបតី លោក​បាន​កំណត់​គោលដៅ​ឲ្យ​ទីភ្នាក់ងារ NASA បញ្ជូន​មនុស្ស​ត្រឡប់​ទៅ​ចុះចត​លើ​ព្រះចន្ទ​វិញ​ឲ្យ​បាន​នៅ​ឆ្នាំ​២០២០។ ក៏ប៉ុន្តែ ផែនការ​នេះ​ត្រូវ​បាន​​លោក​អូបាម៉ា​លុបចោល​ទៅវិញ។ យានចម្លង​រវាង​ផែនដី និង​ស្ថានីយ៍​អវកាស​អន្តរជាតិ ដែល​ធ្លាប់តែ​ដំណើរការ​អស់រយៈពេល​ប្រមាណ ៣០​ឆ្នាំ​មកហើយ​នោះ ក៏​ត្រូវបាន​អាមេរិក​បញ្ឈប់ កាល​ពី​ខែ​កក្កដា កន្លងទៅថ្មីៗនេះ។

ចិន ដែល​ដឹកនាំ​ដោយ​របបកុម្មុយនិស្ត មិនមាន​ការផ្លាស់ប្តូរ​នយោបាយ​បែបនេះ​ទេ។ លើសពីនេះ​ទៅទៀត កម្មវិធី​អវកាស​របស់ចិន​ទាំងអស់ រាប់ទាំង​កម្មវិធី​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់​សកលវិទ្យាល័យ និង​ស្ថាប័ន​ស៊ីវិល​ផ្សេងទៀត គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​​កងទ័ព​ចិន។

ចិន​តែងតែ​អះអាង​ជារឿយៗ​ថា កម្មវិធី​អវកាស​របស់ខ្លួន គឺ​មិន​ធ្វើ​ឡើង ក្នុងគោលដៅ​ប្រកួតប្រជែង​ផ្នែក​យោធា​ជាមួយ​ប្រទេស​ណាមួយ​នោះទេ។ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កត់សម្គាល់​ នៅ​ក្នុង​ផែនការ​ ៥ឆ្នាំ​ ដែល​ចិន​ប្រកាសឲ្យដឹង កាលពី​ម្សិលមិញ​នេះ គឺ​​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ GPS ដែល​អាច​ប្រើប្រាស់​ទាំង​ក្នុង​ផ្នែកស៊ីវិល និង​យោធា។

គួរ​រំឭកថា រហូតមកទល់ពេលនេះ ចិនពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ប្រព័ន្ធ GPS របស់​អាមេរិក និង​រុស្ស៊ី ដើម្បី​ប្រើប្រាស់​ទាំង​ក្នុង​វិស័យ​ស៊ីវិល និង​យោធា។ ក៏ប៉ុន្តែ នៅ​ឆ្នាំ​១៩៩៦ ចិន​បាន​មើលឃើញ​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន ក្រោយ​ពី​អាមេរិក​បាន​ដាក់ពង្រាយ​នាវា​ផ្ទុក​យន្តហោះ ព្រមទាំង​នាវាចម្បាំង​ជាច្រើន​គ្រឿងផ្សេងទៀត នៅ​ច្រកសមុទ្រ​តៃវ៉ាន់ ដោយ​មិន​ឲ្យ​ចិន​ដឹង។

ចិន​ក៏​បាន​សម្រេច​បង្កើត​ប្រព័ន្ធ GPS ផ្ទាល់​ខ្លួន ដោយ​ដាក់​ឈ្មោះ​ថា “Beidou”។ រហូត​មកទល់​ពេលនេះ ចិន​បាន​បង្ហោះ​ផ្កាយរណប​ចំនួន ១០​គ្រឿង ដើម្បី​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ Beidou នេះ ហើយ​គ្រោង​នឹង​បង្ហោះ​ ៦​គ្រឿង​ទៀត នៅ​ឆ្នាំ​ក្រោយ។ ជាសរុប​ ចិន​គ្រោង​នឹង​​ដាក់ពង្រាយ​ផ្កាយរណប​ ​ចំនួន ៣៥​គ្រឿង ឲ្យ​បាន​នៅ​ឆ្នាំ​២០២០។ ប្រសិន​បើ​អាច​ធ្វើ​បាន​តាមផែនការ​នេះ​មែន កងទ័ព​ចិន​នឹង​​លែង​ពឹងលើ​ប្រព័ន្ធ​ GPS របស់​អាមេរិក និង​រុស្ស៊ី​តទៅទៀតហើយ។

ក្រៅពី​​ការប្រើប្រាស់​ក្នុងវិស័យ​ស៊ីវិល ជាពិសេស ក្នុង​ការ​ធ្វើចរាចរណ៍​ផ្លូវគោក និង​ផ្លូវទឹក ចិន​អាច​ប្រើប្រាស់​ផ្កាយរណប Beidou ដើម្បី​តាមឃ្លាំមើល​សកម្មភាព​ និង​​កំណត់​ទីតាំង​ជាក់លាក់​របស់​សត្រូវ។ ជាពិសេស ផ្កាយរណប​នឹង​ជួយ​ឲ្យ​កងទ័ព​ជើងទឹកចិន​អាច​តាមដាន ឃ្លាំមើល​​​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក ដែល​​ជាទី​ប្រកួតប្រជែង​រវាង​កងទ័ព​ចិន និង​កងទ័ព​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ