ចិនវិនិយោគយ៉ាងមហាសាលលើផ្លូវដែកប្រទេសនីហ្សេរីយ៉ា
ក្នុងទំហំទឹកប្រាក់មហាសាល មិនធ្លាប់មាន ក្រុមហ៊ុនរដ្ឋចិនបានចុះហត្ថលេខាលើគម្រោងវិនិយោគ សាងសង់ផ្លូវដែកដ៏វែងបំផុតក្នុងប្រទេសនីហ្សេរីយ៉ា។ តាមកាសែតចិន ចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនរដ្ឋចិនត្រូវចំណាយទឹកប្រាក់ជិត១២ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវដែក ប្រវែង ១៤០២គីឡូម៉ែត្រ នៅតាមបណ្តោយឆ្នេរនីហ្សេរីយ៉ា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៣
ក្រុមហ៊ុនសាងសង់អយស្ម័យយានចិន ដែលជាក្រុមហ៊ុនរដ្ឋធំជាងគេ ជំនាញខាងផ្លូវដែក បានចុះហត្ថេលខាលើកិច្ចសន្យាសាងសង់ ជាមួយរដ្ឋាភិបាលនីហ្សេរីយ៉ា កាលពីថ្ងៃពុធ និងត្រូវបានកាសែតចិនថ្មី យកមកចុះផ្សាយនៅថ្ងៃព្រហស្បតិ៍។ តាមគម្រោង ក្រុមហ៊ុនចិនត្រូវចំណាយទឹកប្រាក់ប្រមាណ ១១,៩៧ពាន់ លានដុល្លារ សម្រាប់សង់ផ្លូវដែកនៅក្នុងប្រទេសនីហ្សេរីយ៉ា។ ជាទំហំទឹកប្រាក់សន្ធឹកសន្ធាប់ បំបែក ឯតទគ្គកម្ម។ នេះបើតាមកាសែតចិនថ្មី។
តាមរយៈគម្រោងនេះ ក្រុមហ៊ុនចិននឹងប្រើរាល់បច្ចេកវិទ្យា និងចំណេះធ្វើថ្មីៗខាងផ្នែកផ្លូវដែក ដែលចិនទើបអភិវឌ្ឍក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនចិនដែលមានមោទនភាពខ្លាំង បន្ទាប់ពីអាចផលិតរថភ្លើងដែលរត់ក្នុងល្បឿនបំផុត កំពុងព្យាយាមនាំចេញបច្ចេកវិទ្យាផលិតរបស់ខ្លួនទៅបរទេស។ ប៉ុន្តែ នៅបរទេស ក្រុមហ៊ុនចិនត្រូវពើបប្រទះនឹងក្រុមហ៊ុនប្រកួតប្រជែងល្បីៗ របស់បារាំង កាណាដា និងអាល្លឺម៉ង់ ដែលបានឈានចូលក្នុងទីផ្សារអន្តរជាតិមុនចិន។
ការប្រកាសគម្រោងសាងសង់ផ្លូវដែក ក្នុងតម្លៃទឹកប្រាក់មហាសាលនៅនីហ្សេរីយ៉ា ធ្វើឡើង នៅក្រោយប្រទេសម៉ិចស៊ិកទើបបានប្រកាសលុបចោលកិច្ចសន្យាដែលនិយាយពីការចូលរួមរបស់ក្រុមហ៊ុនចិន ក្នុងការផលិតខ្សែររថភ្លើងល្បឿនលឿន នៅម៉ិចស៊ិក។
តាមប្រធានក្រុមហ៊ុនសាងសង់អយស្ម័យយានចិន គម្រោងនេះនឹងផ្តល់ប្រយោជន៍ទាំងដល់នីហ្សេរីយ៉ា និងប្រទេសចិន។ គម្រោងនេះនឹងបង្កើតការងារធ្វើដល់មនុស្សបីសែននាក់ នៅនីហ្សេរីយ៉ា។ ជាមួយគ្នានោះ គម្រោងនេះនឹងអាចធ្វើឲ្យចិនអាចនាំចេញផលិតផល ឧបករណ៍របស់ខ្លួន ដែលមានតម្លៃ៤ពាន់លានដុល្លារ ទៅក្នុងប្រទេសនីហ្សេរីយ៉ាដែរ។
ចិនមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ បានបង្កើនការវិនិយោគនៅបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងរកកលដើរថយក្រោយ ដោយសារតែការធ្លាក់ចុះនៃការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក។ កាលពីខែឧសភាកន្លងទៅ នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋ នៅនីហ្សេរីយ៉ា នាយករដ្ឋមន្រ្តីចិនបានប្រកាសចង់បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយនីហ្សេរីយ៉ាដែលជាមហាអំណាចសេដ្ឋកិច្ចនៅទ្វីបអាហ្វ្រិក និងជាប្រទេសធំជាងគេនៅអាហ្វ្រិកខាងនាំចេញប្រេងឆៅ។ បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើនបានបោះទីតាំង នៅនីហ្សេរីយ៉ា និងវិនិយោគទៅលើការសាងសង់ផ្លូវដែក លើអាកាស ក្នុងទីក្រុងពាណិជ្ជកម្មLagos របស់នីហ្សេរីយ៉ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ