ចិន-ជប៉ុន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 19 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 19 តុលា 2012

ចិន​ដំឡើង​សាច់ដុំ​យោធា​ក្នុងពេល​មាន​ជម្លោះ​ដណ្តើមកោះ​ជាមួយ​ជប៉ុន

នាវាទ័ពជើងទឹកចិន​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងកើត ថ្ងៃសុក្រ ១៩ តុលា ២០១២
នាវាទ័ពជើងទឹកចិន​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងកើត ថ្ងៃសុក្រ ១៩ តុលា ២០១២
REUTERS/China Daily

ដោយ សេង ឌីណា

ចិន​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​​ទ្រង់ទ្រាយ​ធំ​មួយ នៅថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។ សមុទ្រចិន​ខាង​កើត ដែល​មាន​ប្រជុំកោះ​ជាប់ជម្លោះ​ជាមួយ​ជប៉ុន។ សមយុទ្ធនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​បង្ហាញ​សាច់ដុំ​​ខាង​ផ្នែក​យោធា​ដាក់​ជប៉ុន​ ហើយ​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ជម្លោះ​ព្រំដែន​ជាមួយ​ជប៉ុន កាន់តែ​មានភាពតានតឹង​ខ្លាំងឡើង​ថែមទៀត។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

19/10/2012

ដំណឹង​ស្តីពី​ការ​ធ្វើ​សមយុទ្ធ​​នេះ ទើប​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ប្រកាស​ឲ្យដឹង កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ប៉ុណ្ណោះ ដោយ​ប្រកាស​ឲ្យដឹង​តាមរយៈ​​​​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​។
 
នៅ​ក្នុង​សេចក្តីប្រកាសនេះ ចិន​​មិន​បាន​​បញ្ជាក់​ពី​ពេលវេលា​ និងទីតាំង​ច្បាស់លាស់ នៃ​សមយុទ្ធ​នេះ​ទេ គឺគ្រាន់តែ​ឲ្យដឹង​ថា សមយុទ្ធ​នេះ​នឹង​ធ្វើ​នៅថ្ងៃ​សុក្រ ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។ ចំពោះ​​ចំនួន និង​ប្រភេទ​ទ័ព​វិញ បញ្ជាការដ្ឋាន​កងទ័ព​ជើងទឹក​ចិន​បាន​​ឲ្យដឹង​ថា សមយុទ្ធ​នេះ​នឹង​មាន​ការ​ចូលរួម​ដោយ​​យន្តហោះ​ចម្បាំង​ ចំនួន ៨គ្រឿង ព្រមទាំង​នាវា ១១គ្រឿង (ដែល​ខ្លះ​ជា​នាវាចម្បាំង ខ្លះ​ជា​នាវា​ល្បាត​ដែន​សមុទ្រ និងខ្លះ​ទៀត​ជា​នាវា​របស់​ទីភ្នាក់ងារ​ជលផល)។
 
ចិន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា គោលដៅ​ចម្បង​នៃ​សមយុទ្ធនេះ​ គឺ​ដើម្បី​បង្កើន​សមត្ថភាព​​របស់​កងទ័ព​ជើងទឹក​​ចិន ក្នុង​ការ​ការពារ​អធិបតេយ្យភាពដែនដី​ និង​ការពារ​ផលប្រយោជន៍​របស់​ចិន នៅ​ក្នុង​ដែនសមុទ្រ។
 
សមយុទ្ធ​ទ័ពជើងទឹកនេះ គឺ​ជា​វិធានការ​ថ្មី​មួយទៀត​របស់​ចិន ដើម្បី​ជា​ការ​បង្ហាញ​សាច់ដុំ​​ដាក់​ជប៉ុន នៅ​ក្នុង​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​តែ​ប្រឈមមុខ​ដាក់​គ្នា ដោយសារ​តែ​ជម្លោះដណ្តើម​ប្រជុំកោះ។ ប្រសិនបើ​សមយុទ្ធ​ទ័ព​ជើងទឹកចិន​ថ្ងៃ​សុក្រ​នេះ ធ្វើឡើង​នៅ​ក្នុង ឬ​នៅ​ក្បែរ​ដែនទឹក​ ជុំវិញ​​ប្រជុំកោះ​​ដែល​ជាប់ជម្លោះនេះ វា​អាច​នឹង​ធ្វើ​ឲ្យ​ជម្លោះ​នេះ​រាលដាល​កាន់តែ​ខ្លាំង​ថែម​ទៀត ដែល​កាន់តែ​ពិបាក​ក្នុង​ការ​ដោះស្រាយ។
 
ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​របស់​ជប៉ុន​​បាន​ផ្សព្វផ្សាយ​​ថា ជប៉ុន និង​អាមេរិក​​ក៏​គ្រោង​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​រួមគ្នា​មួយដែរ នៅ​ខែ​ក្រោយ​នេះ។ សមយុទ្ធ​អាមេរិក និង​ជប៉ុន​នេះ គ្រោង​នឹង​ធ្វើ​នៅ​អូគីណាវ៉ា ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រជុំកោះ​ជាប់ជម្លោះ ហើយ​ក្នុង​សមយុទ្ធ​នេះ​ ទាហាន​អាមេរិក និង​ទាហាន​ជប៉ុន​ក៏​នឹង​ធ្វើ​ការ​ហាត់សមផងដែរ ​អំពីប្រតិបត្តិការ​វាយ​ដណ្តើម​យក​កោះ ដែល​ត្រូវ​ទ័ព​បរទេស​ឈ្លានពាន​កាន់កាប់។ ទាំងនេះ​សុទ្ធសឹង​តែ​ជា​វិធានការ ដែលអាច​​នាំ​ទៅការ​រាលដាល​នៃ​ជម្លោះ ជាជាង​ការ​បន្ធូរបន្ថយ​ភាពតានតឹង រវាង​ចិន​ និង​ជប៉ុន៕

tags: ចិន - ជប៉ុន - ជម្លោះព្រំដែន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close