ចិនធ្វើការផ្លាស់ប្តូរមេដឹកនាំកងទ័ព មុនពេលបើកសមាជផ្លាស់ប្តូរមេដឹកនាំបក្ស

ចិនបានប្រកាសផ្លាស់ប្តូរតំណែងអគ្គបញ្ជាការកងទ័ពអាកាស នៅថ្ងៃអង្គារម្សិលមិញនេះ ពោលគឺ នៅប្រមាណតែពីរសប្តាហ៍ប៉ុណ្ណោះ មុនការបើកធ្វើសមាជផ្លាស់ប្តូរមេដឹកនាំបក្សកុម្មុយនិស្តចិន ដែលគ្រោងធ្វើនៅថ្ងៃ៨ វិច្ឆិកា។ អ្នកតាមដានស្ថានការណ៍ចិនយល់ថា ការផ្លាស់ប្តូរតំណែងមេដឹកនាំកងទ័ពនៅពេលនេះប្រហែលជាផ្នែកមួយ នៃការរៀបចំផ្លាស់ប្តូរ សមាសភាពគណៈកម្មការកងទ័ពមជ្ឈិម ដែលជាស្ថាប័នមានអំណាចកំពូលផ្នែកកងទ័ព។
យោងតាមការប្រកាសរបស់ទូរទស្សន៍ជាតិចិន CCTV កាលពីម្សិលមិញនេះ ឧត្តមសេនីយ៍ ម៉ា ស៊ាវធៀន (Ma Xiaotian) ត្រូវបានតែងតាំងជាអគ្គបញ្ជាការកងទ័ពជើងអាកាសចិន ជំនួសឧត្តមសេនីយ៍ ស៊ូ ឈីលាំង (Xu Qiliang)។ ក៏ប៉ុន្តែ នៅក្នុងសេចក្តីប្រកាសនេះមិនបានបញ្ជាក់ថា តើលោកស៊ូ ឈីលាំង នឹងត្រូវទៅកាន់តំណែងអ្វីវិញនោះទេ។
ទោះជាយ៉ាងណា បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបានដកស្រង់ប្រភពឯករាជ្យ ៣ផ្សេងៗគ្នា ដែលសុទ្ធសឹងជាប្រភពស្និទ្ធនឹងមេដឹកនាំកំពូលចិន ឧត្តមសេនីយ៍ ស៊ូ ឈីលាំង ទំនងជានឹងត្រូវតែងតាំងជាអនុប្រធានគណៈកម្មការកងទ័ពមជ្ឈិម។
គួរបញ្ជាក់ថា នៅចិន គណៈកម្មការកងទ័ពមជ្ឈិម គឺជាស្ថាប័ន ដែលមានអំណាចកំពូលក្នុងវិស័យការពារជាតិ ហើយប្រធានគណៈកម្មការនេះ គឺមានតួនាទីជាអគ្គបញ្ជាការកងទ័ពជាតិចិនទាំងមូល។ បច្ចុប្បន្ននេះ ប្រធានគណៈកម្មការកងទ័ពមជ្ឈិម គឺលោកហ៊ូ ជីនតាវ ហើយលោកស៊ី ជីនពីង គឺជាអនុប្រធាន។ ចំណែកឧត្តមសេនីយ៍ ស៊ូ ឈីលាំង ក៏ជាសមាជិកម្នាក់ ក្នុងគណៈកម្មការនេះដែរ។
គេរំពឹងថា នៅក្នុងសមាជបក្សកុម្មុយនិស្ត នៅថ្ងៃទី៨ វិច្ឆិកាខាងមុខនេះ លោកហ៊ូ ជីនតាវ នឹងចុះចេញពីតំណែងជាអគ្គលេខាបក្ស ហើយផ្ទេរតំណែងនេះទៅឲ្យលោកស៊ី ជីនពីង។ ហើយលោកហ៊ូ ជីនតាវ ក៏ទំនងជានឹងផ្ទេរតំណែងប្រធានាធិបតី ទៅឲ្យលោកស៊ី ជីនពីងដែរ នៅក្នុងសម័យប្រជុំពេញអង្គនៃសភាប្រជាជនចិន ដែលនឹងត្រូវធ្វើ នៅខែមីនា ឆ្នាំក្រោយ។
ក៏ប៉ុន្តែ មានអ្នកវិភាគជាច្រើនមានយោបល់ខុសៗគ្នាជុំវិញតំណែងប្រធានគណៈកម្មការកងទ័ពមជ្ឈិម។ តើលោកហ៊ូ ជីនតាវនឹងផ្ទេរតំណែងប្រធានគណៈកម្មការកងទ័ពមជ្ឈិមនេះទៅឲ្យលោកស៊ី ជីនពីងដែរ ឬក៏គាត់នឹងធ្វើដូចជាលោកអតីតប្រធានាធិបតី ជាំង ហ្សេមីន (Jiang Zemin) កាលពីឆ្នាំ២០០២ ដែលបានលាឈប់ពីតំណែងជាលេខាបក្ស និងជាប្រធានាធិបតី ក៏ប៉ុន្តែ បន្តកាន់តំណែងជាប្រធានគណៈកម្មការកងទ័ពមជ្ឈិមរហូតដល់ឆ្នាំ២០០៤ ទើបផ្ទេរឲ្យលោកហ៊ូ ជីនតាវ?
រហូតមកទល់ពេលនេះ លោកហ៊ូ ជីនតាវ នៅមិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេថា តើលោកមានគម្រោងធ្វើអ្វីបន្តទៀត ក្រោយពីលាឈប់ពីតំណែងជាប្រមុខដឹកនាំបក្ស និងរដ្ឋ? ក៏ប៉ុន្តែ ជាទូទៅ គេសង្កេតឃើញថា នៅចិន គឺខុសពីនៅបណ្តាប្រទេសប្រជាធិបតេយ្យលោកខាងលិច។ ប្រមុខដឹកនាំចិន ទោះបីលាឈប់ពីមុខតំណែងផ្លូវការហើយក៏ដោយ ក៏នៅតែព្យាយាមបន្តរក្សាឥទ្ធិពលពីក្រោយឆាកដែរ ដើម្បីជាចន្ទល់ទុកការពារខ្លួនផង និងដើម្បីព្យាយាមរក្សាការពារកេរមរតក ដែលបន្សល់ទុកពីពេលខ្លួនកាន់អំណាចផង៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ