ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 22 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 22 តុលា 2012

ក្រុមអ្នកគាំទ្រ​សរសេរ​លិខិតចំហ​ប្រឆាំង​នឹង​ការ​បណ្តេញ​លោក Bo Xilai ពី​សមាជិក​សភា

លោក​ Bo Xilai អតីត​លេខាបក្ស​កុម្មុយនិស្ត​ប្រចាំក្រុង Chongqing ដែល​ត្រូវ​បក្ស​កុម្មុយនិស្ត​ចិន​ដក​តំណែង
លោក​ Bo Xilai អតីត​លេខាបក្ស​កុម្មុយនិស្ត​ប្រចាំក្រុង Chongqing ដែល​ត្រូវ​បក្ស​កុម្មុយនិស្ត​ចិន​ដក​តំណែង
Reuters

ដោយ សេង ឌីណា

ក្រុម​អ្នក​ឆ្វេងនិយម​ចិន ដែល​គាំទ្រ​លោក​ Bo Xilai បាន​ចេញផ្សាយ​លិខិត​ចំហ​មួយទាមទារ​កុំ​ឲ្យ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សភា​​បណ្តេញ​លោក​ Bo Xilai ពី​សមាជិក​សភា ដោយ​អះអាង​ថា ការ​បណ្តេញ​លោក​ Bo Xilai នេះ គឺ​ជា​រឿង​មិន​ស្របច្បាប់ ហើយ​ធ្វើ​ឡើង ក្នុង​ហេតុផល​នយោបាយ។ លិខិត​ចំហ​នេះ គឺ​ជា​សញ្ញា​បង្ហាញ​កាន់តែ​ច្បាស់​ អំពី​​ភាព​ប្រេះឆា​ ក្នុង​រង្វង់​បក្ស​កុម្មុយនិស្ត​ចិន ដោយសារ​តែ​រឿង​លោក Bo Xilai ។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

22/10/2012

លិខិត​ចំហ ដែល​​ប្រឆាំង​នឹង​ការ​បណ្តេញ​លោក Bo Xilai ពី​សមាជិក​សភា​ចិន ត្រូវ​បានចុះ​ហត្ថលេខា​ដោយ​សាស្រ្តាចារ្យ អ្នក​សិក្សាស្រាវជ្រាវ និង​អតីត​មន្រ្តី​បក្ស​កុម្មុយនិស្ត​ចិន​ ជាង ៣០០នាក់ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អ្នក​មាន​និន្នាការ​​ឆ្វេងនិយម។ ក្រុម​អ្នក​ឆ្វេងនិយម​ចិន​ ដែល​គាំទ្រ​លោក Bo Xilai នេះ ប្រកាន់​យក​នូវ​គំនិត​មួយ​ថា ចិន​​ត្រូវ​តែ​បន្ត​ដើរ​តាម​គន្លង​បដិវត្តន៍​របស់​ម៉ៅ សេទុង ផ្ទុយ​ពី​ក្រុម​អ្នក​កំណែទម្រង់និយម ដែល​យល់ថា ចិន​ត្រូវ​តែ​ពន្លឿន​ការ​ធ្វើ​កំណែទម្រង់​​ ទាំង​ខាង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច។
 
នៅ​ក្នុង​លិខិត​ចំហ ដែល​ចុះផ្សាយ​លើ​វិបសៃត៍​កាសែត​ឆ្វេងនិយម​ឈ្មោះ « Red China » ក្រុម​អ្នក​គាំទ្រ​លោក​ Bo Xilai បាន​ចោទជាសំណួរ​​ចំពោះ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​ប្រជាជន​ចិន​ថា តើ​ពួកគេ​សំអាង​លើ​ហេតុផល​អ្វី ទើប​ហ៊ាន​បណ្តេញ​លោក Bo Xilai ពី​​សមាជិក​សភា? ហើយ​បើ​សិន​ជា​​ថា លោក​ Bo Xilai ប្រព្រឹត្ត​ខុស​គួរ​ស័ក្តិសម​នឹង​បណ្តេញ​ចេញ​ពី​សភា​មែន សភា​គួរតែ​បង្ហាញ​ភស្តុតាង​ទាំងអស់នេះ​ឲ្យ​ប្រជាជន​ទូទៅ​បាន​ដឹង ហើយ​អនុញ្ញាត​ឲ្យ​លោក​ Bo Xilai អាច​ឆ្លើយ​ដោះសារ​ការពារខ្លួន ទៅតាម​វិធាន​ច្បាប់។
 
គួរបញ្ជាក់ថា លោក Bo Xilai កំពុង​ប្រឈមមុខ​នឹង​​រឿង​ក្តីព្រហ្មទណ្ឌ ជុំវិញ​ការ​ធ្វើឃាត​អ្នក​ជំនួញ​អង់គ្លេស ឈ្មោះ Neil Heywood កាល​ពី​ឆ្នាំ​ទៅមិញ។ សំណុំរឿង​ឃាត​កម្ម ដែល​អតីត​មេប៉ូលិស​ក្រុងម្នាក់ រួមជាមួយ​នឹង​​​​ភរិយា​របស់​លោក Bo Xilai ​ទើប​នឹង​ត្រូវបាន​តុលាការ​ចិន​កាត់​ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​ នា​ពេល​ថ្មីៗនេះ។
 
នៅក្នុង​កិច្ចប្រជុំ​រយៈពេល ៤ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​បើក​ធ្វើ នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​ប្រជាជន​ចិន​គ្រោង​នឹង​សម្រេច​បណ្តេញ​លោក Bo Xilai ពី​សមាជិក​សភា។ ប្រសិនបើ​លោក Bo Xilai ពិត​ជា​ត្រូវ​បាត់បង់​សមាជិកភាព​​ក្នុង​សភា​មែន អភ័យឯកសិទ្ធិ​សភា​របស់​លោក​ក៏​ត្រូវ​បញ្ចប់​ដែរ ដែល​អាច​ជាការ​​បើក​ផ្លូវ​ឲ្យ​តុលាការ​​នាំរូបលោក​យក​ទៅ​កាត់ទោស​ ជុំវិញ​សំណុំរឿង​ឃាតកម្ម​លោក Neil Heywood បាន។
 
វិបសៃត៍​របស់​កាសែត « Red China » ដែល​ចុះផ្សាយ​លិខិត​ចំហ​គាំទ្រ​លោក Bo Xilai នេះ ត្រូវ​បាន​អាជ្ញាធរ​ចិន​បិទ​មិន​ឲ្យ​ប្រជាជន​ទូទៅ​ចូល​មើល​បានទេ ហើយ​លិខិត​នេះ​ក៏​មិនត្រូវបាន​​កាសែត​ផ្លូវការ​របស់​រដ្ឋ​យក​ទៅ​ចុះផ្សាយ​បន្ត​ដែរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ​​ការ​សរសេរ​លិខិត​គាំទ្រ​លោក Bo Xilai ជា​សាធារណៈ​បែបនេះ គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា រឿង​អាស្រូវ​របស់​លោក​ Bo Xilai កំពុង​តែ​បង្ក​ឲ្យ​មាន​​ភាព​ប្រេះឆា​ ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​ចិន ជាពិសេស គឺ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នក​ឆ្វេង​និយម និង​ក្រុម​អ្នក​កំណែទម្រង់​និយម។ ហើយ​ភាព​ប្រេះឆា​នេះ​កើតមាន​ឡើង នៅ​ក្នុង​ពេល​ដែល​បក្ស​កុម្មុយនិស្ត​ចិន​កំពុងតែ​រៀបចំ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី៕

tags: ចិន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close