អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​វាយបក​ទៅ​អាមេរិក​ដែល​រិះគន់​ខ្លួន​ជា​ថ្មី​ពី​រឿង​រំលោភ​សិទ្ធិ​មនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្លើយតប​ខ្លាំងៗ ទៅ​អាមេរិក​ដែល​បាន​ចេញ​របាយការណ៍​ស្តីពី​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន ទីក្រុង​ប៉េកាំង​បាន​​ចេញ​ផ្សាយ កាលពីថ្ងៃ​សុក្រ​ម្សិលមិញ របាយការណ៍​របស់ខ្លួន​មួយ​ដែរ ស្តី​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស នៅ​អាមេរិក។ សម្រាប់ទីក្រុង​ប៉េកាំង​របាយការណ៍​សិទ្ធិមនុស្ស​របស់​អាមេរិក​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

©Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ស្តី​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក អាមេរិក​បាន​ផ្តោត​ជាង ៥០​ទំព័រ​ទៅហើយ​ដើម្បី លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស នៅក្នុង​ប្រទេស​ចិន។ តាមក្រសួងការបរទេស​អាមេរិក ដែល​ជា​អ្នកនិពន្ធ​ចេញផ្សាយ​របាយការណ៍ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន កាន់តែ​ធ្លាក់ចុះ។ អាជ្ញាធរ​នៅ​បន្ត​រឹតត្បិត សេរីភាព​ជាទូទៅ​ទាំងផ្នែក​វប្បធម៌ និង​សាសនា មិន​ថា ចំពោះ​ជន​ស៊ិវិល អ្នកនយោបាយ ឬ​សកម្មជន​ការពារ​សិទ្ធិមនុស្ស។ តាមរបាយការណ៍​អាមេរិក អាជ្ញាធរ​ចិន​នៅបន្ត​ប្រើ​វិធានការ​កាត់ទោស ក្រៅផ្លូវច្បាប់​លើ​អ្នកទោស​នយោបាយ និង​បន្ត​ចាប់​ឃុំ​ខ្លួន សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ដោយ​ខុសច្បាប់។

ដោយពិតទៅ របាយការណ៍​អាមេរិក​ឆ្នាំនេះ គឺ​មិន​សូវ​ខុស​ប្លែក​ពី​របាយការណ៍​ឆ្នាំ​មុនៗ ដែល​អាមេរិក​ធ្លាប់​រិះគន់​ទៅលើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅប្រទេស​ចិន​ទេ។ គ្រាន់តែ​នៅឆ្នាំនេះ អាមេរិក​ឆ្លៀត​បន្ថែម​និយាយ​ពី​ការរំលោភ​ធ្វើបាប​ទៅលើ​លោក​Chen Guangcheng សកម្មជន​ការពារ​សិទ្ធិមនុស្ស។ លោក​Chen Guangcheng ដែល​បាន​លួចរត់​ទៅ​ជ្រកកោន ក្នុង​ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង​ប៉េកាំង និង​ដែល​ទើប​ទៅ​រស់នៅ​ក្នុង​ទឹកដី​អាមេរិក​បាន​៥ថ្ងៃមកហើយ។

ប៉ុន្តែ ទីក្រុង​ប៉េកាំង​វិញ បាន​ត្រៀមរួចហើយ របាយការណ៍​របស់ខ្លួន វាយប្រហារ​តបវិញ ដោយ​រិះគន់​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស នៅអាមេរិក។ នេះ ជា​របាយការណ៍​លើក​ទី ១៣​ហើយ ដែល​រដ្ឋអំណាច​ចិន​តែងតែ​ចេញផ្សាយ ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​រិះគន់​របស់​អាមេរិក។

តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​របស់ខ្លួន ​ចិន​បាន​លើក​អំណះអំណាង​ការពារ​ខ្លួន​ថា អ្វីដែល​អាមេរិក​បាន​លើកឡើង​ក្នុង​របាយការណ៍​​ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅចិន គឺ​ធ្វើឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​បាន​ឆ្លុះបញ្ចាំង​ពីការពិត​ជាក់ស្តែង។ ការពិតជាក់ស្តែង គឺ​ចិន​បាន​ប្រឹងប្រែង​ដើម្បី​កែលម្អ​វិស័យ​សិទ្ធិមនុស្ស ដែល​ពិភពលោក​ទាំងមូល​អាច​ឃើញ​តាមរយៈ​ជោគជ័យ​របស់ចិន ក្នុង​ការអភវិឌ្ឍន៍​ប្រទេស។ ទីក្រុង​ប៉េកាំង បាន​រុញច្រាន​ចោល​ការចោទប្រកាន់​របស់​អាមេរិក ព្រោះថា រដ្ឋអំណាច​ប៉េកាំង​បាន​ផ្តល់​ម្ហូប សម្លៀកបំពាក់ ផ្ទះសម្បែង​ដល់​ប្រជាជន​ចិន។ ដូច្នេះ ការខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន ទាំងនេះ គឺ​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋ​ដើម្បី​គោរព​សិទ្ធិ​មនុស្ស​ប្រជាជនចិន

នៅត្រង់ចំណុចនេះ របាយការណ៍​សិទ្ធិមនុស្ស​របស់​ចិន​បាន​វាយបក​ទៅ​អាមេរិក​វិញ ព្រោះ​បើ​តាម​របាយការណ៍ មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស ទៅលើ​ប្រជាជន​ស៊ីវិល នៅក្នុង​ប្រទេស​អាមេរិក។ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ប្រជាជន​អាមេរិក​រស់នៅ​ក្នុង​ភាព​ក្រីក្រ​មាន​កាន់​តែច្រើន។ អ្នកគ្មាន​ការងារ និង​អ្នកគ្មាន​ផ្ទះសម្បែង លេច​មុខ​កាន់​តែ​ច្រើន​ដែរ នៅតាមផ្លូវ​ក្នុង​ទីក្រុង​ញូវយ៉ក។ ករណី​ឃាតកម្ម​ទាក់ទង​នឹង​ជំនឿសាសនា ការប្រកាន់​ពូជសាសន៍​បាន​កើនឡើង ជាបន្តបន្ទាប់​នៅអាមេរិក។ សង្គមអាមេរិក​ជា​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​អំពើទារុណកម្ម និង​ការប្រើប្រាស់​អាវុធ​យ៉ាងផុសផុល។ នេះ​គេ​នៅ​មិនទាន់​រាប់បញ្ចូល​ពី​អំពើទារុណកម្ម​ដែល​ទ័ព​អាមេរិក​បាន​ធ្វើ​ទៅលើ​អ្នកទោស​នៅគុក Guantanamoនិង​នៅ​ក្នុង​សង្រ្គាម នៅ​​​ប្រទេស​អាហ្វហ្កានីស្ថាន ឬ អីរ៉ាក់។ ​

តាម​របាយការណ៍​ចិន បើ​អាមេរិក​សម្បូរ​ដោយ​រឿង​អាស្រូវ​រំលោភ​សិទ្ធិ​មនុស្ស ទៅហើយ អាមេរិក គ្មាន​សិទ្ធិ​មក​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​វិនិច្ឆ័យ រិះគន់​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​​ប្រទេស​ចិនទេ។ ក្នុង​ក្រសែភ្នែក​ចិន អាមេរិក​​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេសខ្លួន ក្នុង​យុទ្ធសាស្រ្ត​តែមួយគត់ គឺ​ធ្វើ​វិទ្ធង្សនា​ផ្តួល​អំណាច​បក្ស​កុម្មុយនិស្ត ប៉ុន្តែ គ្មាន​គំនិត​រិះគន់​ដើម្បី​ធ្វើ​ឲ្យបញ្ហា​ សិទ្ធិ​មនុស្ស​ត្រូវ​កែលម្អ នៅក្នុង​ប្រទេស​ចិន​ទេ។
 
បញ្ហា​សិទ្ធិ​មនុស្ស​ជា​ប្រភព​ជម្លោះ ដ៏​តានតឹង​រវាង​ចិន និង​អាមេរិក តាំងពី​ឆ្នាំ ១៩៨៩មក​ម្ល៉េះ។ អាមេរិក និង​ប្រទេស​លោកខាងលិច​បាន​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ចិន ក្រោយ​អាជ្ញាធរ​ចិន​បាន​បង្រ្កាប​ចលនា​បាតុកម្ម នៅទីលាន​ធានអានមេន។ ​នេះ មិន​មែន​ជាលើកទីមួយ​ទេ ដែល​ចិន ចេញ​របាយការណ៍​វាយបក​ទៅអាមេរិក។ កាលពី​ឆ្នាំ​មុន ចិន​ក៏ធ្លាប់​បាន​ស្នើ​ឲ្យ​អាមេរិក​ឆ្លុះ​កញ្ចក់​មើល​ខ្លួនឯង មុន​នឹង​រិះគន់​អ្នកដទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ