អានតួអត្ថបទ
ចិន-បារាំង

ទស្សនកិច្ច​របស់​លោក​ស៊ីជីនពីង​នៅ​បារាំង៖ចិន​ចុះ​កិច្ច​ព្រមព្រៀង ចំនួន​៥០ ជាមួយ​បារាំង

នៅ​ក្នុង​ប្រទេស​បារាំង លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​បាន​បញ្ចប់​ទស្សនកិច្ច របស់ខ្លួន កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​​ទី ២៧ មីនា។ ក្នុង​អំឡុង​ទស្សនកិច្ច​ ផ្លូវរដ្ឋ​រយៈពេល បីថ្ងៃ របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ប្រទេស​ចិន និង​បារាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ចំនួន ៥០ ដែល​មាន​តម្លៃ ១៨​ពាន់​លាន​អឺរ៉ូ។

នៅថ្ងៃពុធទី ២៦ នៅក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបស៊ីជីនពីង នៅបារាំង ចិន និងបារាំងចុះកិច្ចព្រមព្រៀងលើសហប្រតិបត្តិការជាដៃគូ ចំនួន ៥០ដែលមានតម្លៃ ១៨ពាន់លានអឺរ៉ូ
នៅថ្ងៃពុធទី ២៦ នៅក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបស៊ីជីនពីង នៅបារាំង ចិន និងបារាំងចុះកិច្ចព្រមព្រៀងលើសហប្រតិបត្តិការជាដៃគូ ចំនួន ៥០ដែលមានតម្លៃ ១៨ពាន់លានអឺរ៉ូ ©REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​ទឹកដី​បារាំង លោកប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ត្រូវ​បាន​លោកប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់​ ទទួល​ស្វាគម យ៉ាង​ខ្ពស់មុខ ខ្ពស់មាត់។ ជាមួយ​នឹង​មោទនភាព លោក​ប្រធានាធិបតី​បារាំង​បាន​ថ្លែង​ថា បារាំង​ជា​ប្រទេស​ទីមួយ នៅ​អឺរ៉ុប​ដែល​លោក​ប្រធានាធិបតី​ចិន​បាន​ជ្រើសរើស ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ចាប់តាំង​ពី​លោក​ស៊ី ជីនពីង​បាន​ចូល​កាន់​តំណែង​​ជា​ប្រធានាធិបតី​ចិន កាលពី​មួយ​ឆ្នាំមុន។ ទស្សនកិច្ច​លើកនេះ ធ្វើ​ចំ​ពេល​ខួប​៥០​ឆ្នាំ នៃ​ការទទួល​ស្គាល់​ចិន​របស់​ម៉ៅ សេទុង ពី​សំណាក់​លោក​ឧត្តមសេនីយ៍ Charles De Gaull។

ការធ្វើ​ឲ្យ​ប្រសើរឡើង ទំនាក់ទំនង ចិន បារាំង គឺ​ជា​នយោបាយ​ការបរទេស​អាទិភាព​របស់ ប្រទេស​បារាំង។ បារាំង ដែល​កំពុង​មាន​សេដ្ឋកិច្ច​មិនសូវ​ល្អ បាន​ព្យាយាម​ចែចង់​ចិន ជា​យូរ​ណាស់​មកហើយ។ នៅក្នុង​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​របស់ចិន លោកប្រធានាធិបតី​បារាំង​ បាន​ចាត់ទុក​ចិន ជាមិត្ត និង​លើក​សរសើរ​ប្រទេស​ចិន ថា ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ នៅក្នុង​ពិភពលោក។ លោក​ប្រធានាធិបតី​ចិន​វិញ បាន​បញ្ជាក់​បន្ថែម​ថា គឺ​ភាព​ជាដៃគូ ឈ្នះ ឈ្នះ ដែល​ធ្វើ​ឲ្យ​បារាំង និង​ចិន​រួមគ្នា។

ភាពជាដៃគូ​បាន​ធ្វើ​ឲ្យ​បារាំង និង​ចិន​ចុះ​ហត្ថលេខា​រួមគ្នា លើ​កិច្ចព្រមព្រៀង​ចំនួន ៥០ ដែល​មាន​តាំង​ពី​វិស័យ​ថាមពល ឧស្សាហកម្ម រហូត​ដល់​កសិកម្ម។ នៅក្នុង​កាលៈទេសៈ​ដែល​ឧស្សាហកម្ម​បារាំង​កំពុង​ថប់ដង្ហើម កិច្ច​ព្រមព្រៀង​មួយ​ចំនួន ជាមួយ​ចិន បាន​ធ្វើ​ឲ្យ​បារាំង​ហាក់​ទទួល​បាន​ប្រយោជន៍​ច្រើន។ ចិន​បន្ត​កិច្ចសន្យា​សហប្រតិបត្តិការ​ជាមួយ​បារាំង ក្នុង​ការផលិត​យន្តហោះ​Airbus របស់​បារាំង រហូត​ដល់​ឆ្នាំ ២០២៦។ ចិន​បញ្ជា​ទិញ ឧទ្ធម្ភាគចក្រ​របស់​បារាំង និង​បាន​សម្រេច​ដាក់​ទុន​វិនិយោគ ធ្វើ​ជា​ម្ចាស់ភាគហ៊ុន​១៤​ភាគរយ នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង PSA Peugot Citroen។ នៅ​រាល់​កិច្ច​ព្រមព្រៀង ចិន​បាន​ផ្តល់​ទុន​វិនិយោគ ប៉ុន្តែ ចិន​ក៏​បាន​ទាមទារ​ឲ្យ​ផលិតកម្ម​របស់​ក្រុមហ៊ុន​បារាំង ធ្វើ​ឡើង ដោយ​មួយផ្នែក នៅក្នុង​ទឹកដី ចិន។ ក្នុង​ឧទាហរណ៍ កន្លងមក យន្តហោះ​Airbus មួយផ្នែក​ត្រូវ​បាន​ដំឡើង ដោយ​ក្រុមហ៊ុន​ចិន នៅ​រោងចក្រ​ចានជីន ក្នុង​ទឹកដី​ចិន។

សូមអាន៖ ចិន អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ពាណិជ្ជកម្ម នៅ​អឺរ៉ុប ឬ ?

តាមអ្នកវិភាគខ្លះ នៅក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​របស់​បារាំង​កំពុង​ដើរ​អូសជើង កិច្ចព្រមព្រៀង​ជាមួយ​មហាអំណាច​ចិន​មាន​សារៈសំខាន់​សម្រាប់​បារាំង រហូត​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​បារាំង​មិនសូវ​លើក​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន។ នៅក្នុង​សន្និសីទ​រួម​ជាមួយ​លោក​ប្រធានាធិបតី​ចិន លោក​ហ្វ្រង់ស័រ ហូឡង់​បាន​ត្រឹម​និយាយ​ដោយ​បង្ហើរ​ ថា បារាំង​នៅតែ​ផ្តល់​តម្លៃ​ទៅ​លើ​សេរីភាព​បញ្ចេញមតិ ប៉ុន្តែ លោកប្រធានាធិបតី​បារាំង​មិនបាន​លើកឡើង​ពី​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស​នៅ​ចិន​ទេ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ