សុក្រ 24 កុម្ភៈ 2012
មានមែនឬ ការ​ដណ្តើម​អំណាច​គ្នា​ខ្លាំង នៅក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​ចិន​សព្វថ្ងៃ ?
លោក Xi Jinping និង​លោក Bo Xilai
លោក Xi Jinping និង​លោក Bo Xilai
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

គណបក្ស​កុម្មុយនិស្ត​ចិន​រៀប​ចំ​អន្តរកាល​នយោបាយ ដប់​ឆ្នាំ​ម្តង។ នៅ​ក្នុង​អំឡុង​សម័យ​អន្តរកាល​នេះ​ម្តងៗ គណបក្ស​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​កំពូលៗ​នៃ​ប្រទេស ផ្លាស់ប្តូរ​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈ​មជ្ឈិម​របស់​ការិយាល័យ​នយោបាយ និង​ផ្លាស់ប្តូរ​សមាជិក​នៃ​គណ​កម្មាធិការ​មជ្ឈិម។ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍ នៅ​ក្នុង​សម័យ​អន្តរកាល​នយោបាយ​នេះ តែងតែ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា និង​ការ​ដណ្តើម​អំណាច​គ្នា។

ជា​ផ្លូវ​ការ ការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ចិន​នឹង​ផ្តើម​ប្រព្រឹត្ត​ទៅ នៅ​ខែ​តុលា​ខាង​មុខ​នេះ។ ជា​ផ្លូវ​ការ លោក​Xi Jinping គឺ​ជា​អនាគត​បុរស​ខ្លាំង​នៃ​មហាយក្ស​ចិន។ ជា​ផ្លូវ​ការ គ្មាន​ឡើយ​ការ​ប្រទាញ​ប្រទង់​គ្នា​នៅ​ក្នុង​ជួរ​គណបក្ស​កុម្មុយនិស្ត។ ក៏​ប៉ុន្តែ​នៅ​ពី​ក្រោយ​វាំងនន​នៃ​ឆាក​នយោបាយ​ចិន ការ​ដណ្តើម​អំណាច​គ្នា​យ៉ាង​កាច​សាហាវ បាន​និង​កំពុង​បន្ត​ប្រព្រឹត្ត​ទៅ។ ការ​ដណ្តើម​អំណាច​គ្នា​នេះ មិនមែន​ជា​រឿង​មួយ​ចៃដន្យ​ទេ ពីព្រោះ​ដប់​ឆ្នាំ​ម្តង គណបក្ស​កុម្មុយនិស្ត​ចិន​មិន​ត្រឹម​តែ​ប្តូរ​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ផ្លាស់​ប្តូរ​ថ្មី​ដែរ​សមាជិក​៧​នាក់​ក្នុង​ចំណោម​សមាជិក​ទាំងអស់​៩​នាក់​នៃ​គណៈ​អចិន្ត្រៃយ៍​របស់​ការិយាល័យ​នយោបាយ និង​៦០%​នៃ​សមាជិក​ទាំង​៣៧០​នាក់​របស់​គណ​កម្មាធិការ​មជ្ឈិម​បក្ស។
 
តាំង​ពី​ឆ្នាំ​២០០៧​ម្ល៉េះ គេ​បាន​ស្គាល់​រួច​ជា​ស្រេច​ឈ្មោះ​របស់​អនាគត​ប្រធានាធិបតី​និង​អនាគត​នាយក​រដ្ឋមន្ត្រី​ដែល​នឹង​ត្រូវ​ឡើង​មក​ដឹក​នាំ​ប្រទេស​ចិន​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០២១ នោះ​គឺ​លោក​Xi Jinping និង​លោក Li Keqiang។ ក៏​ប៉ុន្តែ ដរាប​ណា​អន្តរកាល​នយោបាយ​មិន​ទាន់​ចប់​ជា​ស្ថាពរ​ទេ ដរាប​នោះ​ការ​ផ្លាស់ប្តូរ​មុខ​តំណែង​កំពូលៗ​ក៏​មិន​ទាន់​ក្លាយ​ទៅ​ជា​ផ្លូវ​ការ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លាំង រវាង​ចរន្ត​ធំៗ​នៅ​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​ចិន។ សម្រាប់​ពួក​អ្នក​ឯកទេស​លោក​ខាង​លិច មាន​ចរន្ត​បី​ធំៗ​នៅ​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​ចិន​សព្វ​ថ្ងៃ។ ចរន្ត​ទី​មួយ គឺ​ពួក​ដែល​គេ​ហៅ​ថា «ក្រុមសៀងហៃ» មាន​ន័យ​ថា​ជា​បក្សពួក​របស់​លោក​Jiang Zemin អតីត​អភិបាល​ក្រុង​សៀងហៃ​និង​ជា​អតីត​ប្រធានាធិបតី។ ចរន្ត​ទី​ពីរ​គឺ​ជា​បក្ស​ពួក​របស់​បច្ចុប្បន្ន​ប្រធានាធិបតី​Hu Jintao គឺ​ជា​ពួក​«ក្រុមសម្ព័ន្ធ» គេ​ហៅ​ថា ពួក​ក្រុមសម្ព័ន្ធ ពីព្រោះ​លោក​Hu Jintao គឺ​ជា​អតីត​មេដឹកនាំ​សម្ព័ន្ធ​នៃ​យុវវ័យ​កុម្មុយនិស្ត​ចិន។ រី​ឯ​ចរន្ត​ទី​បី​វិញ ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ជួរ​បក្ស​សព្វ​ថ្ងៃ គឺ​កូន​ចៅ​របស់​ពួក​មេបដិវត្តន៍​ធំៗ ពួក​មេ​បដិវត្តន៍​ជា​ប្រវត្តិសាស្រ្ត។ អ៊ីចឹង​ហើយ​បាន​ជា​គេ​ហៅ​ចរន្ត​ទី​បី​នេះ​ថា​ជា​«ក្រុមពួកកូនស្តេច»។ លោក​Xi Xinping ដែល​នឹង​ក្លាយ​ជា​មនុស្ស​ខ្លាំង​នៃ​ប្រទេស​នៅ​ឆ្នាំ​២០១៣ ចេញ​មក​ពី​ជួរ​ក្រុម ពួក កូន ស្តេច ដ្បិត​លោក​ឱពុក​របស់​គាត់ Xi Zhongxun គឺ​ជា​អតីតឧប​នាយក​រដ្ឋមន្ត្រី​សម័យ​Mao Tsé-Tung និង Zhou Enlai។
 
ក៏​ប៉ុន្តែ បើ​យោង​ទៅ​តាម​មតិ​របស់​ក្រុម​អ្នក​សង្កេតការណ៍ ការ​ដណ្តើម​អំណាច​គ្នា​បាន​កើត​ឡើង​ខ្លាំង កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ នៅ​ក្នុង​ជួរ​ក្រុមពួកកូនស្តេច។ ពីព្រោះ គូ​ប្រជែង​របស់​លោក​Xi Xinping គឺ​លោក​Bo Xilai ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជា​អភិបាល​ក្រុង​Chongqing និង​ជា​កូន​ប្រុស​របស់​មេ​បដិវត្តន៍​ចិន​ម្នាក់​ដ៏​ល្បី ក៏​ចង់​បាន​ដែរ​តំណែង​ប្រធានាធិបតី។ ពាក្យ​ចចាមអារ៉ាម​លាយ​ឡំ​ទៅ​នឹង​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​កំពុង​បន្ត​លេច​ឮ​ឲ្យ​ដឹង​ថា លោក​Bo Xilai បាន​សាកល្បង​ជំរុញ​ឲ្យ​គណៈ​អចិន្រ្តៃយ៍​នៃ​ការិយាល័យ​នយោបាយ​របស់​បក្ស​រារាំង​កុំ​ឲ្យ​លោកXi Xinping ក្លាយ​ទៅ​ជា​អនាគត​ប្រធានាធិបតី​បាន​នៅ​ឆ្នាំ​ក្រោយ​២០១៣។
 
ដើម្បី​សំអាង​ថា ពិត​ជា​មាន​មែន​បំណង​អាក្រក់​ពី​សំណាក់​លោក​Bo Xilai ក្រុម​អ្នក​សង្កេត​ការណ៍​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ​កាល​ពី​ជាង​ដប់​ថ្ងៃ​មុន​នេះ។ កាល​ណោះ
លោក​Wang Lijun ដែល​ជា​ដៃ​ស្តាំ​របស់​លោក​Bo Xilai បាន​បាត់​ខ្លួន និង​ក្រោយ​មក​បាន​ភៀស​ខ្លួន​ទៅ​ជ្រក​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អាមេរិកាំង​នៅ​ទី​ក្រុង​Chengdu។ តាម​និយាយ លោក​Wang Lijung ដែល​ដឹង​រឿង​សម្ងាត់ ប្រហែល​ជា​បាន​ទៅ​ជ្រក​នៅ​ស្ថាន​កុងស៊ុល​អាមេរិកាំង ដើម្បី​គេច​ខ្លួន​កុំ​ឲ្យ​លោក​Bo Xilai ចាប់​បាន។ នៅ​ទី​បំផុត ពួក​សន្តិសុខ​ពិសេស​មួយ​ក្រុម​មក​ពី​ទីក្រុង​ប៉េកាំង បាន​មក​យក​លោក​Wang Lijung ចេញ​ពី​ស្ថាន​កុងស៊ុល​អាមេរិកាំង និង​នាំ​ខ្លួន​លោក​ទៅ​កាន់​រដ្ឋធានី។
 
យ៉ាង​ក៏​ដោយ ក្រុម​អ្នក​សង្កេតការណ៍​លោក​ខាង​លិច​ខ្លះ​អះអាង​ថា អនាគត​នយោបាយ​របស់​លោក​Bo Xilai នឹង​ប្រហែល​ជា​ត្រូវ​ចប់​ត្រឹម​នេះ៕

ពាក្យគន្លឹះ : ចិន
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close