មេធាវីពិការភ្នែកចិនរត់ទៅលាក់ខ្លួននៅស្ថានទូតអាមេរិក?
ដំណឹងលួចរត់គេចខ្លួនរបស់មេធាវីពិការភ្នែក Chen Guangcheng បានបែកឮខ្ចរខ្ចាយ និងបានក្លាយជាព័ត៌មានចាប់អារម្មណ៍ខ្លាំងរបស់អ្នកប្រើប្រាស់អ៊ិនធ័រណេតចិន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ក្រុមការពារសិទ្ធិមនុស្សចិន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍ទី ២៨ មេសានេះ ដែលថា លោក Chen Guangcheng ពេលនេះកំពុងស្ថិតនៅក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុងប៉េកាំង ហើយអ្នកទទួលខុសត្រូវក្នុងកម្រិតខ្ពស់ របស់ចិន និងអាមេរិក កំពុងចរចាគ្នា ពីរឿងនេះ។
អាមេរិកធ្លាប់បានបង្ហាញការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងជោគវាសនារបស់មេធាវីពិការភ្នែក Chen Guangcheng។ ប៉ុន្តែ យ៉ាងណាក៏ដោយ មន្រ្តីស្ថានទូតអាមេរិកនៅតែបដិសេធ សុំមិនធ្វើអត្ថាធិប្បាយ ជុំវិញដំណឹងដែលថា លោក Chen Guangchengត្រូវបានទទួលឲ្យលាក់ខ្លួន នៅក្នុងស្ថានទូតអាមេរិកាំងក្នុងក្រុងប៉េកាំង។
អ្នកបញ្ជាក់ព័ត៌មាននេះចុងក្រោយគឺ សកម្មជនហ៊ូ ជា ដែលជាអ្នកសម្របសម្រួលសមាគមការពារមេធាវី។ សកម្មជនការពារសិទ្ធិមនុស្សហ៊ូ ជាដែលអាជ្ញាធរទើបដោះលែងឲ្យមានសេរីភាព កាលពីខែមិថុនា ឆ្នាំមុននេះបាននិយាយថា លោក Guangchengកំពុងស្ថិតនៅនៅកន្លែងសុវត្ថិភាព មួយ ហើយកន្លែងសុវត្ថិភាពនោះ គ្មានឯណាក្រៅតែពីស្ថានទូតអាមេរិកនោះទេ។ការបញ្ជាក់របស់លោកហ៊ូ ជា អាចចាត់ទុកជាបានការ ព្រោះថា កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ភរិយារបស់លោកហ៊ូ ជា បានផ្សព្វផ្សាយរូបថត លោក Guangcheng ដែលនិយាយសើចជាមួយ លោកហ៊ូ ជា នៅកន្លែងមួយ ដែលគេមិនបានបញ្ជាក់។
បន្ទាប់មក គេបានឃើញរូបភាពវីដេអូតាមYoutube ដែលនៅក្នុងនោះ មេធាវីពិការភ្នែក Guangcheng បានបញ្ជាក់ពីការរត់លួចគេចចេញពីផ្ទះរបស់គាត់ ដែលឃ្លាំតាមមើលជាប់របស់ប៉ូលិសមូលដ្ឋាន។ នៅក្នុងសារវីដេអូនោះ ដែលលោកផ្ញើសំដៅនាយករដ្ឋមន្រ្តីចិន លោកវេន ជាប៉ាវ លោក Guangcheng បាននិយាយថា លោកបានឆ្លងកាត់ការលំបាកច្រើនណាស់ ដើម្បីលួចរត់គេចពីការឃ្លាំមើលរបស់សេនាជនភូមិ។ លោក Guangcheng ចង់បញ្ជាក់ប្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ចិនថា លោកពិតជាត្រូវគេឃុំខ្លួនក្នុងគេហដ្ឋាន និងទទួលរងការវាយដំពីអាជ្ញាធរមូលដ្ឋានមែន។ តាមលោក មេធាវីពិការភ្នែក ការឃុំខ្លួនលោកក្នុងគេហដ្ឋានអស់រយៈពេល ជិត២ឆ្នាំ មិនបានធ្វើឡើងដោយស្របច្បាប់ទេ។ មិនមែនប៉ូលិសទេដែលយាមឃុំគាត់ គឺក្រុមអាជ្ញាធរមានអំណាចមួយក្រុមដែលចាប់ឃុំគាត់។
នៅក្នុងសាររបស់ខ្លួន លោក Guangchengបានស្នើសុំបីចំណុចដល់លោកនាយករដ្ឋមន្រ្តីវេន ជាប៉ាវ។ ទីមួយ លោកអំពាវនាវឲ្យនាយករដ្ឋមន្រ្តីចិន ធ្វើការស៊ើបអង្កេតលើជនមួយក្រុមនោះដែលបានវាយធ្វើបាបសមាជិកគ្រួសាររបស់គាត់ និងឃុំគាត់ក្នុងផ្ទះ។ ទីពីរ សុំឲ្យអន្តរាគមដោះស្រាយអំពើពុករលួយ និងដាក់ទណ្ឌកម្មដល់អាជ្ញាធរប្រើអំណាច ដោយរំលោភច្បាប់ និងទីបី គឺ លោកសុំឲ្យរដ្ឋាភិបាលផ្តល់កន្លែងសុវត្ថិភាពមួយដល់ក្រុមគ្រួសាររបស់គាត់ ព្រោះបើតាមលោក Guangcheng លោកកំពុងស្ថិតនៅកន្លែងសុខមែន ប៉ុន្តែ ម្តាយ ប្រពន្ធ កូន និងបងប្អូន ក្មួយរបស់គាត់កំពុងទទួលរងទុក្ខបុកម្នេញក្រោយពីក្រុមអាជ្ញាធរបានដឹងដំណឹងនេះ។
តាមក្រុមការពារសិទ្ធិមនុស្សChina Aid នៅរដ្ឋតិចសាស់ ក្មួយ និងបងប្រុសរបស់លោក Guangchengត្រូវប៉ូលិសវាយដំ សួរចម្លើយ កាលពីថ្ងៃព្រឹកសុក្រម្សិលមិញ។ នៅថ្ងៃតែមួយនោះ សកម្មជនប្រឆាំងម្នាក់ដែលជួយទៅដឹកយកលោក Guangcheng មកទីក្រុងប៉េកាំង ក៏ត្រូវប៉ូលិសឃាត់ខ្លួនដែរ នៅខេត្តណង់កាំង។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋអំណាចចិន ត្រូវបានសហគមន៍អន្តរជាតិ ជាពិសេស អាមេរិករិះគន់ពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីចាប់ឃុំខ្លួន បំបិទសេរីភាព សកម្មជនការពារសិទ្ធិមនុស្សដូចជាលោកលី ស៊ាវប៉ូ លោកហ៊ូ ជា និងវិចិត្រករ អៃ វៃវៃ ពេលនេះ រដ្ឋអំណាចក្រុងប៉េកាំងកំពុងត្រូវគេទិតៀនពីរឿងធ្វើបាបមេធាវីពិការភ្នែក។ រដ្ឋអំណាចចិនដែលកំពុងជញ្ជួយដោយវិបត្តិនយោបាយក្នុងជួរបក្ស ពេលនេះ ត្រូវមករងនឹងរលករិះគន់ ពីក្នុង និងក្រៅប្រទេសលើបញ្ហាសិទ្ធិមនុស្សមួយជាន់ថែមទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ