អានតួអត្ថបទ
ចិន

ប្រទេស​ចិន​ប្រហារ​ជីវិត​មនុស្ស​៨​នាក់​ពី​បទ​ភេរវកម្ម​

ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ចិន ​បាន​​រាយការ​ណ៍​​ឲ្យ​​ដឹង​​នៅ​​ថ្ងៃ​​សៅរ៍​​ទី​២៣​ សីហា​​ថា ​រដ្ឋ​​កុំម្មុយ​នីស្ត ​បាន​​កាត់​ទោស​​ប្រហារ​ជីវិត​​មនុស្ស​៨​​នាក់ ​ពី​បទ​​ថា​​បាន​​ប្រព្រឹត្ត​​អំពើ​​ភេរវកម្ម​​នៅ​ក្នុង​​តំបន់​​ស្វយ័ត​​ស៊ីន​​ជាំ​ង ​ភាគ​​ខាង​លិច​​ប្រទេស​​ចិន​។ ​ក្នុង​ចំណោម​​អ្នក​​ទាំង​៨​នោះ ​ក៏​មាន​​ផង​ដែរ​ ជន​ជាប់​ចោទ​​នៅ​ក្នុង​​សំណុំ​រឿង​​បំផ្ទុះ​​រថយន្ត​​នៅ​​ទីលា​ន​​ធាន​​អាន​​មេន ​កាល​ពី​​ខែ​តុលា​​ឆ្នាំ​ទៅ​​មិញ​​ផង​ដែរ​។​

ចិន​ប្រហារ​ជីវិត​មនុស្ស​៨​នាក់ ​ពី​បទ​ភេរវកម្ម​
ចិន​ប្រហារ​ជីវិត​មនុស្ស​៨​នាក់ ​ពី​បទ​ភេរវកម្ម​ @Google
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ របស់​ចិន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី២៤សីហា​ថា មនុស្ស​ចំនួន៨នាក់​ត្រូវបាន​រដ្ឋអំណាច​ចិន​ប្រហារជីវិត​កាលពីពេលថ្មីៗនេះ ពីបទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នៅក្នុង​សំណុំរឿង​ចំនួនផ្សេងៗគ្នា។ សំណុំរឿង​មួយ​ក្នុងចំណោម​នោះ គឺជា​អំពើ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​នៅ​ទីលាន​ធាន​អាន​មេន កាលពី​ខែតុលា ឆ្នាំ២០១។ ចំណែក​សំណុំរឿង​ផ្សេងទៀត រួមមាន ការបង្កើត​អង្គការ​ភេរវជន ការវាយប្រហារ​លើ​ប៉ូលីស​និង​មន្ដ្រីរាជការ និង​ការផលិត​សារធាតុ​ផ្ទុះ​ជាដើម ដែល​បាន​កើតឡើង​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង។

តំបន់​ស៊ីន​ជាំ​ង​ភាគ​ខាងលិច​ប្រទេស​ចិន ជា​តំបន់​ស្វយ័ត ដែល​ប្រជាជន​ភាគច្រើន​នៅ​ទីនោះ ជា​ជនជាតិ​អ៊ុយ​ហ្គួ​រ អ្នក​កាន់សាសនា​អ៊ីស្លាម។ អំពើហិង្សា និង​ភាពចលាចល តែងតែ​កើតឡើងជារឿយៗនៅ​តំបន់​ស៊ីន​ជាំ​ង​នេះ រវាង​ចលនា​អ៊ុយ​ហ្គួ​រ​ផ្ដាច់​ទឹកដី​និយម និង​ពួក​ជនជាតិ​ចិន​ហាន ដែលជា​និមិត្តរូប​នៃ​អំណាច​ផ្ដាច់ការ​របស់​ទីក្រុង​ប៉េកាំង។

ក្នុង​ខែមីនា​កន្លងទៅ ស្ថានីយ​រថភ្លើង​មួយកន្លែង​នៅ​គុន​មីង  បាន​រង​ការវាយប្រហារ​ដោយ​ក្រុម​ប្រដាប់អាវុធ ដែល​បាន​ចូលទៅ​ចាក់​សម្លាប់​អ្នកដំណើរ ធ្វើអោយមាន​មនុស្ស​ស្លាប់២៩នាក់ និង​របួស១៤០នាក់។ ពីរ​ខែ​ក្រោយមក គឺ​នៅ​ខែឧសភា មានការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ស្ថានីយ​រថភ្លើង ក្រុង​Urumqi ស្ថិតក្នុង​តំបន់​ស្វ័យ​ត​ស៊ីន​ជាំ​ង ភាគ​ខាងលិច បណ្តាល​ឲ្យ​មនុស្ស៣៩នាក់​ស្លាប់ និង៩០នាក់​ផ្សេងទៀត​រងរបួស។

រដ្ឋអំណាច​ចិន បាន​ចោទប្រកាន់​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​នៅ​តំបន់​ស៊ីន​ជាំ​ង ថា​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ភេរវកម្ម​ទាំងនេះ។ ប៉ុន្តែ​អង្គការសិទ្ធិមនុស្ស​នានា​អះអាងថា ភាពចលាចល​ក្នុង​តំបន់ ភាគច្រើន​គឺ​បង្កឡើង​ដោយសារតែ​រដ្ឋាភិបាល​បានដាក់​នយោបាយ​តឹងរ៉ឹង​ប្រឆាំង​ជនជាតិ​អ៊ុយ​ហ្គួ។ ជនជាតិ​អ៊ុយ​ហ្គួ​វិញ តែង​ចោទ​រដ្ឋាភិបាល​ចិន​ថា បាន​គាបសង្កត់​វប្បធម៌ ប្រពៃណី និង​សាសនា​របស់​ពួកគេ។

គួរ​ជម្រាបជូន​ថា ក្រោយពី​កើតមាន​អំពើ​ភេរវកម្ម​ជា​បន្តបន្ទាប់ ទីក្រុង​ប៉េកាំង​បានប្រកាស​បើក​យុទ្ធនាការ​កណ្តាប់ដៃ​ដែក រយៈពេល​មួយឆ្នាំ ដើម្បី​បង្ក្រាប​ក្រុម​ភេរវជន និង​ក្រុម​ជ្រុលនិយម​សាសនា នៅ​ស៊ីន​ជាំ​ង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ