អានតួអត្ថបទ
កម្ពុជា

ការស្លាប់​របស់​លោក​ឈុត វុទ្ធី និង​មន្ត្រី​អាវុធហត្ថ​នៅ​តែ​ជា​អាថ៌កំបាំង

រឿងរ៉ាវ​ដែល​ឈានដល់​ការផ្ទះ​អាវុធ​នាំ​ឲ្យ​ស្លាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅឯ​ខេត្តកោះកុង​នៅតែ​បន្ត​ស្ថិត​ក្នុង​អាថ៌កំបាំង​នៅឡើយ។ ខណៈដែល​ការស៊ើបអង្កេត​កំពុងដំណើរការ កាសែត The Cambodia Daily ដែលមាន​អ្នកកាសែត​ពីរ​នាក់​ស្ថិតក្នុង​ហេតុការណ៍​នោះបាន​រៀបរាប់​យ៉ាង​ពិស្តារ​អំពី​ហេតុការណ៍​នោះ។ យ៉ាងណាក៏ដោយ អ្នកកាសែត​ទាំងពីរ​អះអាងថា​ខ្លួន​មិនបាន​ឃើញ​អ្នកបាញ់​សម្លាប់​លោក​ឈុត វុទ្ធី និង​មន្ត្រី​ប្រដាប់អាវុធ​ម្នាក់​នោះទេ។ 

​ពិធីបុណ្យ​សពលោកឈុន វុទ្ធី​នៅ​ថ្ងៃ​សៅរ៍​ទី ២៨ មេសា នៅខេត្ត​កណ្តាល​
​ពិធីបុណ្យ​សពលោកឈុន វុទ្ធី​នៅ​ថ្ងៃ​សៅរ៍​ទី ២៨ មេសា នៅខេត្ត​កណ្តាល​ ©RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

 

លោក​ឈុត វុទ្ធី​ប្រធាន​ក្រុម​ការពារ​ធនធាន​ធម្មជាតិ កាលនៅ​ឧទ្យានជាតិ​បទុម​សាគរ ក្នុង​ខេត្ត​កោះកុង
លោក​ឈុត វុទ្ធី​ប្រធាន​ក្រុម​ការពារ​ធនធាន​ធម្មជាតិ កាលនៅ​ឧទ្យានជាតិ​បទុម​សាគរ ក្នុង​ខេត្ត​កោះកុង ©Reuters

អ្នកកាសែត​ពីរ​នាក់​ដែល​ស្ថិតក្នុង​ហេតុការណ៍​បាញ់សម្លាប់​លោក ឈុត វុទ្ធី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​សាក្សី​ដ៏​សំខាន់​ក្នុង​សំណុំ​រឿងនេះ​មិនបាន​និយាយ​ជា​សាធារណៈ​អំពី​ហេតុការណ៍​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ កាសែត The Cambodia Dailyដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​រៀបរាប់​ដំណើររឿង​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ​យ៉ាង​ពិស្តារ។

បើ​យោងតាម​កាសែត​ជា​ភាសា​អង់គ្លេស និង​មានបក​ប្រែជា​ភាសា​ខ្មែរ​មួយ​នេះ ហេតុការណ៍​ពិតជា​បាន​ផ្តើមឡើង​ដោយសារ​តែ​ការរារាំង​មិន​ឲ្យ​អ្នកកាសែត និង​អ្នកការពារ​ព្រៃឈើ​ថតរូប​គំនរ​ឈើ និង​វល្លិ​រមៀត​ដែល​គេ​បានគរ​ទុក​នៅ​ទីនោះ។ ការព្យាយាម​ថតរូប​ភាព​របស់​អ្នកកាសែត​ទាំងពីរ និង​របស់លោក ឈុត វុទ្ធី​ផង បានធ្វើ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​ដែល​ឈរ​ការពារ​ទីតាំង​នោះ​ខឹងសម្បា និង​ព្យាយាម​ដកយក​ម៉ាស៊ីន​ថត​ពី​ពួកគេ។ ទំនាស់​បាន​ឈានដល់​ការជជែក​គ្នា​យ៉ាង​តឹងសរសៃក និង​ថែមទាំង​មាន​ការប្រតាយប្រតប់គ្នា​ទៀតផង។ ទីបំផុត សូរ​អាវុធ​បាន​ផ្ទុះឡើង​សំដៅ​លោក ឈុត វុទ្ធី។
 

កាសែត​Cambodia Daily​បង្ហាញ​រូប​លោក​ឈុត វុទ្ធី​នៅថ្ងៃ​កើតហេតុ
កាសែត​Cambodia Daily​បង្ហាញ​រូប​លោក​ឈុត វុទ្ធី​នៅថ្ងៃ​កើតហេតុ

ប៉ុន្តែ អ្នកកាសែត​ទាំងពីរ​អះអាង​ថា ​មិន​បាន​ដឹង​អ្នកណា​ជា​អ្នកបាញ់​ទេ។ បន្ទាប់ពី​រត់​ចូល​ព្រៃ​មួយសន្ទុះ ពួកគេ​បានចេញ​មកវិញ ស្រាប់តែ​ឃើញ​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ស្លាប់ នៅ​ពីមុខ​រថយន្ត​របស់​លោក ឈុត វុទ្ធី។ ចំណែក​លោក​វុទ្ធី​កំពុង​ត្រូវរបួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​នៅក្នុង​រថយន្ត​របស់ខ្លួន។ នេះ​បើតាម​សាច់រឿង​ដែល​អ្នកកាសែត​ទាំងពីរ​រៀបរាប់​ប្រាប់​កាសែត​របស់ខ្លួន។ ដូច្នេះ បើ​យោងតាម​កាសែត The Cambodia Dailyសាក្សី​ដ៏​សំខាន់​ទាំងពីរ​ក៏​មិនបាន​ដឹងថា អ្នកណា​ជា​អ្នកបាញ់​សម្លាប់​អ្នក​ទាំងពីរ​ដែរ។

យោងតាម​របាយការណ៍​សន្និដ្ឋាន​របស់​កងរាជ​អាវុធហត្ថ មន្ត្រី​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា អាយុ៣២ឆ្នាំ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ គឺជា​អ្នកបាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​បន្ទាប់មក​បាន​បាញ់សម្លាប់​ខ្លួនឯង​តែម្តង។ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​នៅ​មិនទាន់​ជឿ​របាយការណ៍​នេះ​ទេ។ លោក ចាន់ សូវ៉េត មន្ត្រី​អ្នកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដែល​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ផ្ទាល់​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ការសន្និដ្ឋាន​របស់​កងរាជ​អាវុធហត្ថ​មិនទាន់​សម​ហេតុផល​ទេ។ យ៉ាងណាក៏ដោយ ក្រុមការងារ​របស់លោក​កំពុងតែ​ស៊ើបអង្កេត​បន្តទៀត​ដើម្បី​រក​ការពិត។

នៅថ្ងៃនេះ​ដែរ សព​របស់លោក ឈុត វុទ្ធី ត្រូវបាន​គេ​បញ្ជូន​មកដល់​ស្រុកកំណើត​នៅឯ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​ការចូលរួម​ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល គណបក្សនយោបាយ និង​ប្រជា​សហគមន៍​ព្រៃឡង់​ជាច្រើន។ ចំណែកឯ​សព​របស់​មន្ត្រី​រាជ​អាវុធហត្ថ​ក៏ត្រូវ​បាន​គេ​ធ្វើបុណ្យ​ដែរ នៅឯ​ស្រុក​កណ្តាលស្ទឹង​ក្នុង​ខេត្តកណ្តាល​ដូចគ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ