អានតួអត្ថបទ
ចិន​-អាមេរិក

យន្តហោះ​ចម្បាំង​ចិន​ឆាប​​​វិះ​​បុក​​យន្តហោះល្បាត​​អាមេរិក

យន្តហោះ​ចម្បាំង​ចិន​ បានហោះ​​ឆាប​ ប្រកប​ដោយ​គ្រោះ​ថ្នាក់ យន្តហោះ​របស់​យោធា​អាមេរិក​ដល់​ទៅ​បី​ដង កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ នៅ​ក្នុង​ដែនអាកាស​អន្តរជាតិ ភាគ​ខាង​កើត​ប្រទេស​ចិន។ នេះ​បើ​តាម​ក្រសួងការពារ​ជាតិ​អាមេរិក​ ដែល​ទើប​ចេញ​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃ​​ចុង​សប្តាហ៍​។ ហេតុការណ៍​យន្តហោះ​ចិន-​អាមេរិក​វិះបុក​គ្នា​លើ​មេឃ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​តាន​តឹង​ គ្មានថ្ងៃ​​ធូរ​ស្បើយ​រវាង​មហាអំណាច​កំពូល​ទាំង​ពីរ​លើ​លោក។

យន្តហោះ​ចម្បាំង​ចិន ឆាប​យន្តហោះ​យោធា​អាមេរិក។ រូបថត​ផ្តល់​ដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក
យន្តហោះ​ចម្បាំង​ចិន ឆាប​យន្តហោះ​យោធា​អាមេរិក។ រូបថត​ផ្តល់​ដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក AP
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ចម្បាំង​ចិន បំពាក់​​អាវុធរួចស្រេច​​ផង បាន​ហោះ​ឆ្វែវ​នៅ​ចម្ងាយ​តែ​ប្រមាណ​១០​ម៉ែត្រ​ពី​យន្តហោះ​អាមេរិក​ ប្រភេទ P-8 Poseidon ដែល​កំពុង​ល្បាត​ តាម​ទម្លាប់​ ​ ត្រួត​ពិនិត្យ​មើល​​ដែនទឹក​ពី​លើ​អាកាស។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក។

អ្នក​បើក​យន្តហោះ​ចិន បាន​ហោះ​ឆាប​ព័ទ្ធ​យន្តហោះ​ផង និង​មាន​ម្តង​នោះ​ហោះ​កាត់​​មុខ​យន្តហោះអាមេរិក​ ដោយ​សម្ញែង​​អាវុធ​ទៀត។ សម្រាប់​អាមេរិកនេះ​ជា​ទង្វើ​ដ៏​ប្រថុយ​ប្រថាន និងគ្មាន​ការ​ទទួល​ខុស​ផ្នែក​វិជ្ជាជីវៈ​សោះ ដែល​អាច​បង្ក​​គ្រោះ​ថ្នាក់ដល់​ក្រុម​ទាហាន​អាមេរិក​ផង និង​ដែល​រំលោភ​ច្បាប់​ដែន​អាកាស​អន្តរជាតិ​ផង។ អាមេរិក​បានបញ្ជូន​​សារ​បង្ហាញ​ពី​ការ​​ព្រួយបារម្ភ​បំផុតភ្លាម​ទៅ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉េកាំង។  

ទង្វើ​ដ៏​គ្រោះ​ថ្នាក់​លើកនេះ​​ ដែល​​បាន​កើត​ឡើង ចំពេល​ចិន​និង​ប្រទេស​ជិត​ខាង​មាន​ជម្លោះ​តាន​តឹង​គ្នា​នេះ ប្រព្រឹត្ត​ទៅ​ចំងាយ​ប្រមាណ​តែ​២២០គីឡូម៉ែត្រ​​ ពី​កោះ​ហៃណាំ​របស់​ចិន។
កាលពី​ខែ​មេសាឆ្នាំ​២០០១ នៅ​ក្នុង​តំបន់​​ដដែលនេះ​ យន្តហោះ​អាមេរិក​មួយ​គ្រឿង​ បាន​បុក​គ្នានឹង​យន្តហោះ​ស៊ើបការណ៍​ចាំ​ចាប់​​​សត្រូវ​របស់​ចិន បង្ក​ឱ្យ​ស្លាប់​អ្នក​បើក​យន្តហោះ​ចិន​​ម្នាក់ និង​បង្ខំ​យន្តហោះ​អាមេរិក​ឱ្យ​ចុះចត​ជា​បន្ទាន់​លើ​កោះ​ហៃណាំ។ ក្រុម​ទាហាន​​អាមេរិក​ត្រូវ​ឃាត់​ខ្លួន និង​ចាប់​ឃុំឃាំង​សួរ​ចម្លើយ​ដោយ​ភ្នាក់ងារ​ចិន។ ឧប្បត្តិវហេតុ​នោះ​ បាន​បង្ក​ឱ្យមាន​វិបត្តិការ​ទូត​យ៉ាង​ធ្ងន់ធ្ងរ​រវាង​ចិន​និ​ងអាមេរិក។ កាលពី​ខែ​កក្កដាកន្លង​ទៅ​ ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សមយុទ្ធ​​រួម​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នៅ​លើលោក ដោយ​មាន​ប្រទេស​ចំនួន​២៣​ចូល​ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។

ប៉ុន្តែ​ភាព​តាន​តឹង​ចិន​និង​អាមេរិក នៅ​តែ​មាន​ជាប់​ជានិច្ច ! ព្រោះ​​ប្រទេស​ជា​សម្ព័ន្ធ​អាមេរិក​មួយ​ចំនួន មាន​ជម្លោះ​ដណ្តើម​ទឹក​ដី​ជា​មួយ​ចិន​។ កាលពី​ខែ​មេសា​២០១៤ ប៉េកាំង​បាន​ខឹង​សម្បារ​ខ្លាំង​មិន​ចិត្ត​នឹង​សេចក្តីថ្លែងការណ៍​របស់​លោក​អូបាម៉ា ដែល​​ថា​កោះ​ជប៉ុន​ជាប់​ជម្លោះ​ជាមួយ​ចិន​ស្ថិត​ក្រោម​ការពារ​របស់​សន្ធិសញ្ញា​អាមេរិក​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ