លោក ចាន់ សុវ៉េតនឹងចូលបំភ្លឺតាមដីកាកោះរបស់តុលាការ
លោកចាន់ សុវ៉េតដែលជាមន្ត្រីស៊ើបអង្កេតដ៏សំខាន់ម្នាក់របស់សមាគមការពារសិទ្ធិមនុស្សអាដហុកនឹងបង្ហាញខ្លួនតាមដីកាបង្គាប់របស់ចៅក្រមសាលារាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អាដហុក។ សមាគមការពារសិទ្ធិមនុស្សអាដហុកបានអំពាវនាវអោយមានជួបជុំគាំទ្រលោកចាន់ សុវ៉េតនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៤សីហា ដែលជាថ្ងៃនៃចូលខ្លួនរបស់លោកចាន់ សុវវ៉េត។
លោកចាន់ សុវ៉េត ប្រធានក្រុមអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកនឹងចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ លោក ឆែ វីរៈ នៅព្រឹកថ្ងៃទី២៤សីហា។ នេះបើតាមការអះអាងរបស់លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អាដហុក។
លោកនី ចរិយាបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមអាដហុកបានសម្រេចអោយលោកចាន់ សុវ៉េតចូលខ្លួនតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនេះ ហើយថា លោកចាន់ សុវ៉េតខ្លួនឯងក៏មានឆន្ទៈអនុវត្តដីកាបង្គាប់នេះដែរ។
លោកចាន់ សុវ៉េត ប្រធានក្រុមស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅអោយចូលខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី២៤សីហា ដើម្បីបំភ្លឺសំណុំរឿងមួយដែលចៅក្រមបញ្ជាក់ថាបានកើតឡើងនៅក្នុងរាជធានីភ្នំពេញកាលពីខែឧសភាឆ្នាំ២០១២នេះ។
យោងតាមដីការបស់ចៅក្រមស៊ើបសួរដដែល លោកចាន់ សុវ៉េតបានជាប់ចោទពីបទ «ផ្តល់ជំនួយដល់ចារីជាអាទិ៍»។ នៅក្នុងដីកាបង្គាប់នោះ ចៅក្រមបានសរសេរបញ្ជាក់ផងដែរថា ប្រសិនបើ លោកចាន់ សុវេតមិនចូលខ្លួនតាមកាលកំណត់នោះទេ ចៅក្រមនឹងចេញដីកាបង្គាប់អោយនាំខ្លួន។
ចៅក្រមមិនបានបង្ហាញសំណុំរឿងមែន ប៉ុន្តែគួរកត់សំគាក់ថា ការចោទប្រកាន់ និងការបង្គាប់អោយមន្ត្រីស៊ើបអង្កេតដ៏សំខាន់របស់អាដហុករូបនេះ ចូលខ្លួនបំភ្លឺនៅតុលាការនេះ បានកើតឡើងក្រោយសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកន្លងមក ដែលបាននិយាយអំពីមន្ត្រីសិទ្ធិមនុស្សម្នាក់បានផ្តល់ជំនួយនៅក្នុងបទល្មើសឧក្រិដ្ឋមួយ។ ហើយដែលបទល្មើសនោះត្រូវបានគេយល់ថា គឺជាសំណុំរឿងនៃក្រុមមនុស្សមួយក្រុមដែលរដ្ឋាភិបាលចាត់ទុកថា បានកាន់កាប់ដីខុសច្បាប់ និងចង់បង្កើតតំបន់អបគមន៍នៅក្នុងភូមប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ។
ទាក់ទងនឹងការកោះហៅលោកចាន់ សុវ៉េតពីសំណាក់តុលាការ អាដហុកបានចេញសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអង្គារ បង្ហាញក្តីព្រួយបារម្ភខ្លាំង ហើយបានចាត់ទុកថា នេះគឺជាសកម្មភាពគំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស។ អាដហុក បានអំពាវនាវដល់ស្ថានទូតបរទេសនៅកម្ពុជា ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលជួបជុំគ្នានៅមុខសាលាដំបូងនៅព្រឹកថ្ងៃទី២៤សីហានោះ ដើម្បីបង្ហាញការគាំទ្រដល់លោកចាន់ សុវ៉េត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ (1)
អ្នកដែលត្រូវបានលោកហ៊ុន សែន
អ្នកដែលត្រូវបានលោកហ៊ុន សែន ចោទប្រកាន់ហើយនោះកម្របានរួចខ្លួនណាស់។ ពីព្រោះតុលាការជារបស់គាត់៕
ប្រតិកម្មជុំវិញអត្ថបទនេះ