អានតួអត្ថបទ
កម្ពុជា

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​បញ្ចប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន

ថ្ងៃ​អាទិត្យ​ទី​២​វិច្ឆិកា​នេះ​ ជា​«ទិវា​អន្តរជាតិ​ដើម្បី​បញ្ជប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន»។ ​នៅ​កម្ពុជា​អ្នក​កាសែត​ជា​ច្រើន​នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ការ​ទាមទារ​រក​យុត្តិធម៌​ក៏​នៅ​តែ​បន្ត។

Facebook
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCiM និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR ព្រមទាំង​អង្គការ ដែល​ធ្វើការ​លើ​វិស័យ​ព័ត៌មាន និង​ការបញ្ចេញមតិ បានចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ កាលពី​ថ្ងៃទី៣១ តុលា។ ជា​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​តាមរ​យៈ​ការការពារ​សេរីភាព​បញ្ចេញមតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទៅលើ​ចំណុច​មួយចំនួន ដែល​ក្នុង​នោះ​​ក៏មាន​ការអំពាវនាវ​ឲ្យ​រដ្ឋាភិបាល ស្វែងរក​យុត្តិធម៌​ចំពោះ​ករណី​សម្លាប់​អ្នកកាសែត និង​អំពាវនាវ​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ​លើ​មាត្រា​មួយចំនួន ដើម្បី​ធានា​ដល់​សុវត្ថិភាព​អ្នកកាសែត​នៅ​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែង​ការ​ដដែល​បាន​ឲ្យ​ដឹងថា វប្បធម៌​និ​ទណ្ឌ​ភាព ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការរីកចម្រើន​នៃ​ការអភិវឌ្ឍន៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​បំបិទ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​​សារព័ត៌មាន ដែល​មិនអាច​ខ្វះ​បាន ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​បានទទួល​ព័ត៌មាន និង​មាន​ការ​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នកស្រី​ចក់ សុភាព នាយិកា​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា​និ​ទណ្ឌ​ភាព​បាន​រំលោភ​លើ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ពោលគឺ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​និតិរដ្ឋ និង​គោលការណ៍​មូលដ្ឋាន​របស់​លទ្ធិប្រជាធិបតេយ្យ។ បើ​វប្បធម៌​និ​ទណ្ឌ​ភាព​នៅតែ​បន្ត នោះ​វា​នឹងធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​មួយចំនួន​មានការ​ខ្លាចរអា​ក្នុងការ​បំពេញ​បេសកកម្ម​របស់ខ្លួន ហើយ​មានតែ​រដ្ឋាភិបាល​ទេ ដែល​ដើរតួ​សំខាន់​ក្នុងការ​លុបបំបាត់​នូវ​វប្បធម៌​នេះ។

លោក​ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង ថា​ក្រសួង​មហា​ផ្ទៃ​នៅតែ​បន្តធ្វើ​ការស៊ើបអង្កេត ដរាបណា​ជនល្មើស​មិនទាន់​ត្រូវបាន​នាំទៅ​កាន់​តុលាកា​រ​ដើម្បី​ផ្តន្ទាទោស ពោលគឺ​សំណុំរឿង​នោះ​នៅតែ​បើ​ចំហរ​នៅឡើយ។ លោក​បន្ថែមថា បើ​កម្ពុជា​មាន​និ​ទណ្ឌ​ភាព​មែន នោះ​ពន្ធនាគារ​ប្រហែលជា​មិនមាន​អ្នកទោស​​ច្រើន​ទេ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១២ តុលា អ្នកកាសែត​ខ្មែរ​ម្នាក់ទៀត ក៏ត្រូវ​បានសម្លាប់​ក្នុង​បេស​ក​កម្ម​យក​ព័ត៌មាន​ពី​ការកាប់​ឈើ​ខុសច្បាប់ ក្នុង​ខេ​ត្រ​ក្រចេះ ហើយ​បើ​គិត​តាំងពី​ឆ្នាំ១៩៩៤មក មាន​អ្នកកាសែត ១៣នាក់​បាន​ស្លាប់។  អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​ឲ្យ​ដឹងថា​មាន​ករណី​​សម្លាប់​អ្នកកាសែត​ជាង៩០ភាគរយ មិនទាន់​ត្រូវបាន​វែកមុខ​ឃាតករ និង​ផ្តន្ទាទោស​ជនល្មើស​នៅឡើយ​ទេ។ ក្នុង​រយៈពេល១០ឆ្នាំ​កន្លងទៅនេះ មាន​អ្នកកាសែត ៨០០នាក់​នៅ​ទូទាំង​ពិភពលោក ត្រូវបាន​សម្លាប់ នៅក្នុងពេល ដែល​ពួកគេ​កំពុង​អនុវត្ត​ការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ