អានតួអត្ថបទ
កម្ពុជា

អ្នក​សារព័ត៌មាន​កម្មករ​រោង​ចក្រ​កាត់​ដេរ​ កាន់​តែកើន​ឡើង​ដើម្បី​រាយការណ៍​ពី​ស្ថានភាព​ការងារ​ក្នុង​រោងចក្រ

កន្លង​មក ​មជ្ឈម​ណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC)​ បាន​បណ្តុះ​បណ្តាល​ពលរដ្ឋ​១៥០​នាក់​ ឲ្យ​ក្លាយ​ជា​អ្នក​កាសែត​ប្រជាជន​ហើយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា​ CCiM​ ក៏​បាន​បង្រៀន​ដល់​ពលរដ្ឋ​ចំនួន​៣៤​នាក់​ដែរ។​ ចំនួន​ពលរដ្ឋ​អ្នកសារព័ត៌មាន​មាន​ការ​កើត​ឡើង​ ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ ​គឺ​គម្រោង​របស់​CCiM​បាន​បណ្តុះ​បណ្តាល​កម្មករ​រោងចក្រ​កាត់ដេរ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ ដើម្បី​រាយការណ៍​ពី​រោង​ចក្រ​របស់​ខ្លួន​ស្រប​ពេល​ដែល​អង្គការ​ ILO​រក​ឃើញ​ថា​ស្ថានភាព​ការងារ​ក្នុង​រោងចក្រ​នៅ​កម្ពុជា​មាន​ការ​លំបាក​ច្រើន​សម្រាប់​កម្មករ។​

មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCiM) ​បាន​បើក​វេទិកា ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៦តុ​លា ​ស្តី​ពី​  “ការ​ភ្ជាប់​ទំនាក់​ទំនង​ រវាង​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វិជ្ជាជីវៈ។​
មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCiM) ​បាន​បើក​វេទិកា ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៦តុ​លា ​ស្តី​ពី​ “ការ​ភ្ជាប់​ទំនាក់​ទំនង​ រវាង​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វិជ្ជាជីវៈ។​ RFI/Heng Oudom
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCiM)​បាន​បើក​វេទិកា ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៦​តុលា​ស្តី​ពី​“ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​អ្នក​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិជ្ជាជីវៈ​។ ​មាន​អ្នក​ចូលរួម​ជិត​១០០​នាក់​ នៅ​សណ្ឋាគារ​សាន់វ៉េ​ក្នុង​ក្រុង​ភ្នំពេញ ​វេទិកា​នេះ ​មាន​គោល​​បំណង​ឲ្យ​ពល​រដ្ឋ​អ្នក​សារព័ត៌មាន​និង​កម្មករ​រោង​ចក្រ​កាត់​ដេរ​ រឹត​ចំណង​ទាក់​ទង​ជា​មួយ​អ្នក​សារ​ព័ត៌មាន​អាជីព​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ ផ្លាស់​ប្តូរ​យោបល់ ​និង​បទ​ពិសោធ ​ព្រម​ទាំង​ជួយ​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

មជ្ឈ​មណ្ឌលCCiM​បាន​កត់​សម្គាល់​ថា ​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ដែល​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​ កំពុង​ដើរ​តួនាទី​របស់​ខ្លួន​ យ៉ាង​សំខាន់​នៅ​ក្នុង​ការ​តាម​ដាន​និង​រាយការណ៍​ព័ត៌មាន​អំពី​បញ្ហា​ សុខភាព​សុវត្ថិភាព​និង​សន្តិសុខ​របស់​កម្មករ​កាត់​ដេរ​ទៅ​កាន់​រដ្ឋាភិបាល​ ម្ចាស់​រោង​ចក្រ​ សាធារណៈ​ជន​ទូទៅ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ក្នុង​ឆ្នាំ​២០១៤​នេះ ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​(CCiM)​បាន​បណ្ដុះ​បណ្តាល​ពលរដ្ឋ​៣៤​នាក់​នៅ​ក្នុង​នោះ​ មាន​១០​នាក់​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​និង​២៤​នាក់​ទៀត​ជា​ពលរដ្ឋ​សាមញ្ញ​មក​ពី​ខេត្ត​ក្រុង​ចំនួន​១២​ផ្សេង​គ្នា។​មជ្ឈ​មណ្ឌល​នេះ​ក៏​គ្រោង​នឹង​បណ្តុះបណ្តាល​អ្នក​កាសែត​ប្រជាជន​ ពិសេស​កម្មករ​រោងចក្រ​កាត់ដេរ​បន្ថែម​ទៀត​ឲ្យ​ដល់​៨០​នាក់​ នៅ​ឆ្នាំ​ក្រោយ។

បន្ទាប់​ពី​បណ្តុះ​បណ្តាល​រួច ​CCiM​ផ្តល់​ទូរស័ព្ទ​ទំនើប​ម៉ាក​ស្មាត​ហ្វូន ​ដល់​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ ដើម្បី​រាយការណ៍​ព័ត៌មាន ​ទាំង​អត្ថបទ​ រូបថត​ និង​វីដេអូ។ ​មិន​តែ​ប៉ុណ្ណោះ ​មជ្ឈម​ណ្ឌល​នេះ​ ក៏​បាន​ផ្តល់​កម្រៃ​ចំពោះ​ព័ត៌មាន​នីមួយ​ៗ​នោះ​ផង​ដែរ។

លោក​ មឿន ​ឈាន​ណារិទ្ធ​ ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌​មាន (CIMS)​ និង​ជា​វាគ្មិន​ម្នាក់​នៅ​ក្នុង​វេទិកា​នោះ​ បាន​និយាយ​ថា​៖​«ការ​រាយ​ណ៍​បាន​ត្រឹម​ត្រូវ​របស់​អ្នក​កាសែត​ប្រជាជន​ដែល​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​ ពិត​ជា​មាន​ប្រយោជន៍​ណាស់ ​សម្រាប់​មជ្ឈដ្ឋាន​ទូទៅ។ ​ពិសេស ​វា​អាច​ជួយ​កាត់​បន្ថយ​អាត្រា​សិស្ស​ឈប់​រៀន​ ហើយ​ទៅ​ធ្វើ​ការ​រោងចក្រ ​បន្ទាប់​ពី​បាន​ដឹង​ពី​ស្ថានភាព​ទុក្ខ​លំបាក​ពិត​ប្រាកដ​របស់​កម្មករ​រោង​ចក្រ»។

គួរ​បញ្ជាក់​ដែរ​ថា ​កន្លង​មក​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ ​(CLEC)​ក៏​បាន​បណ្តុះ​បណ្តាល​ដល់​អ្នក​កាសែត​ប្រជាជន ​ បាន​ចំនួន​១៥០​នាក់​ដែរ។​ក្នុង​នោះ​មាន​សកម្មជន​បណ្តាញ​ព្រះសង្ឃ​ជនជាតិ​ដើម​ភាគតិច​សហគម​ដី​ធ្លី​សកម្មជន​ព្រៃឈើ​សកម្មជន​បណ្តាញ​ការងារ​និង​សកម្មជន​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិត​លើ​បណ្តាញ​សង្គម។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ងែ​តម៉ូ​សេ​អ្នក​សម្រប​សម្រួល​គម្រោង​ ICT​ របស់​មជ្ឈមណ្ឌល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ