អានតួអត្ថបទ
កម្ពុជា

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បារម្ភ​ពី​អាជ្ញាធរ​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្តិត​មេ​ដៃ​គាំ​ទ្រ​លទ្ធផល​បោះឆ្នោត

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​ដែល​អាជ្ញាធរ​មូលដ្ឋាន បាន​បង្ខិតបង្ខំ​ប្រជាជន អោយ​ចុះហត្ថលេខា​គាំទ្រ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ដែល​បានប្រកាស​​ដោយ​គ.ជ.ប​ កាលពី​ថ្ងៃទី១២ សីហា។​ យ៉ាងណាក៏ដោយ ​មន្ត្រី​រដ្ឋា​ភិ​បាល លោក ផៃ ស៊ី​ផាន ហាក់​មិន​ជឿថា​ ប្រជាជន​កម្ពុជា​សម​យ័​នេះ​មានការ​ខ្លាចរអារ​នឹង​អាជ្ញាធរ​តំបន់​នោះទេ។

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ)
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ) REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានអោយដឹង​តាមរយៈ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី១៩ សីហា​ថា ខ្លួន​បានទទួល​របាយការណ៍​ដ៏​គួរអោយ​ព្រួយបារម្ភ​ពី​ប្រជាពលរដ្ឋ​ នៅ​សង្កាត់​ទឹកល្អក់១ ក្នុង​រាជធានី​ភ្នំពេញ ដែល​ទទួល​គំនាប​ពី​អាជ្ញាធរ​ក្នុងការ​ចុះហត្ថលេខា​លើ​ញត្តិ​​គាំទ្រ​លទ្ធផល​បោះឆ្នោត ។ 

សេចក្តី​ថ្លែង​ការ​នោះ បានអោយដឹងថា នៅ​សង្កាត់​ទឹកល្អក់​ទី១ អាជ្ញាធរ​បានធ្វើ​ញត្តិ​ដែល ​មានន័យ​​​គាំទ្រ​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​ដោយ គ.ជ.ប កាលពី​ថ្ងៃទី១២ សីហា។  ញត្តិ​នោះ​​ក៏​មានន័យ​ប្រឆាំងនឹង​អ្នកនយោបាយ ដែល​អំពាវនាវ​អោយមាន​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ផងដែរ។    

ដោយ​ការបង្ខំ​របស់​អាជ្ញាធរ ប្រជាជន​មួយចំនួន​ក្នុង​សង្កាត់​ទឹកល្អក់​ បាន​បង្ខំចិត្ត​ចុះហត្ថលេខា​លើ​ញត្តិ​នោះ ដោយ​ខ្លាច​ថា​ ប្រសិនបើ​ពួកគាត់​មិន​ព្រម​ចុះ​ហត្ថលេខា​គាំទ្រ​ញត្តិ​នោះទេ គ្រួសារ​​របស់​ពួកគាត់​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់។ ទង្វើ​បែបនេះ​ធ្វើអោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្កោលទោស​ថា វា​ពុំ​ស្របតាម​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ។

ក្រៅពី​សង្កាត់​ទឹកល្អក់ សកម្មភាព​បែបនេះ​ក៏​កើត​មាននៅ​សង្កាត់ផ្សេងៗទៀត​ដែរ នេះ​បើតាម​ការ​អោយដឹងពី​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ លោក អ៊ូ វីរៈ បាន​បន្ត​ទៀតថា លោក​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ជា​សាធារណៈ ដើម្បីអោយ​រដ្ឋាភិបាល និង គ.ជ.ប មាន​ចំណាត់ការ​​ទប់ស្កាត់។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិកា និង​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហាក់​​មិន​ជឿជាក់​លើ​របាយការណ៍​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ទទួលបាន​នោះទេ។ លោក បាន​ប្រាប់​វិទ្យុ​បារាំង​ថា រឿង​ព្រម​ ឬ​មិន​ព្រម ​គឺជា​សិទ្ធិ​របស់​ប្រជាជន គ្មាន​អ្នកណា​អាច​បង្ខំ​ពួកគាត់​នោះទេ ហើយ​លោក​មិន​ជឿ​ដាច់ខាត​ថា អាជ្ញាធរ​​ហ៊ាន​បង្គាប់​ប្រជាជន​ឲ្យ​ធ្វើបែបនេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ