អានតួអត្ថបទ
កាណាដា

ព្រឹត្តិការណ៍​បាញ់​ប្រហារ​នៅ​អូតាវ៉ា​ "នឹង​មិនធ្វើ​ឲ្យ​កាណាដា​ចុះញ៉ម"

ខ្មាន់​កាំភ្លើង​​បាន​សម្លាប់​​យោធា​​ម្នាក់​​មុខ​​រដ្ឋសភា​​កាណាដា​ នៅ​​ថ្ងៃ​​ពុធ​ ម្សិល​មិញ ​ប៉ុន្តែ​ភ្លាម​ៗ ​បុរស​​នោះ​​ក៏​ត្រូវ​​បាន​​នគរ​បាល​​ផ្តាច់​ជីវិត​​ទៅ​។ ​ការ​បាញ់​ប្រហារ​​ដោយ​​បុរស​​នោះ​ បាន​​បំភ័យ​​អ្នក​ក្រុង​​អូ​តា​​វ៉ា​​ឱ្យ​​ស្លន់​ស្លោ​​ឡើ​ង​ ខណៈ​ដែល​​ប៉ូលីស​​បារម្ភ​​ក្រែង​​មាន​​អ្នក​​ឆ្មក់​​ផ្សេង​ទៀត​ ក្នុង​​អាគារ​​រដ្ឋ​សភា​។ ​ល្ងាច​​មិញ​ គេ​​កំណត់​​អត្ត​សញ្ញាណ​​របស់​​ខ្មាន់​កាំភ្លើង​​នោះ​បាន​​ហើយ​។ ​ថ្លែង​​តាម​​ទូរទស្សន៍​ នាយក​រដ្ឋ​មន្ត្រី​​កាណាដា ​ហៅ​​ទង្វើ​​បុរស​​នោះ​​​ថា​ «​ការ​វាយ​ប្រហារ​​ភេរវកម្ម​»​។​

Les forces spéciales canadiennes ont été déployées autour du Parlement d'Ottawa, mercredi 22 octobre, pour traquer le ou les auteurs d'une fusillade.
Les forces spéciales canadiennes ont été déployées autour du Parlement d'Ottawa, mercredi 22 octobre, pour traquer le ou les auteurs d'une fusillade. REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

ខ្មាន់កាំភ្លើង​ដែល​ត្រូវ​នគរបាល​បាញ់សម្លាប់​នោះ ទំនងជា​ត្រូវគេ​ស្គាល់​ឈ្មោះថា មី​កា​អ៊ែ​ល ហ្សើ​អា​ហ្វ ប៊ី​បូ ( Michael Zehaf-Bibeau) សញ្ជាតិ​កាណាដា អាយុ៣២ឆ្នាំ ដែល​ភ្នាក់ងារ​សម្ងាត់​ចាត់ទុកថា​ជា«អ្នកដំណើរ​ដ៏​គ្រោះថ្នាក់​ខ្លាំង»។ សមត្ថកិច្ច​ទើបបាន​ដកហូត​លិខិតឆ្លងដែន​បុរស​នេះ​ទុក កាលពីពេលថ្មី។នៅ​ឆ្នាំ២០០៣ មី​កា​អ៊ែ​ល ហ្សើ​អា​ហ្វ ប៊ី​បូ ប្រហែលជា​ធ្លាប់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ពីរ​ឆ្នាំ ពីបទ​ចោរកម្ម និង​មាន​អាវុធ។ 

គាត់​បាន​បើក​ការវាយប្រហារ​មុន​ម៉ោង១០ព្រឹក ម៉ោង​នៅ​កាណាដា កាលពី​ម្សិលមិញ។ ពេលនោះ គាត់​បាន​បាញ់​យោធា​ម្នាក់ ក្នុងចំណោម​ពីរ​នាក់ ដែល​ឈរ​មុខ​វិមាន​អនុស្សាវរីយ៍​យុទ្ធជន​ពលី។ ដោយ​របួសធ្ងន់​ពេក យោធា​នោះ​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​បាត់ទៅ។ នៅឯ​អាគារ​រដ្ឋសភា​ឯណោះ​វិញ គេ​ឮស្នូរ​កាំភ្លើង​ប្រមាណ​ជា​ដប់​គ្រាប់ និង​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​មួយ។ នគរបាល​មិនអាច​ដឹងបាន​ទេ​ថា ខ្មាន់កាំភ្លើង​ដែល​វាយឆ្មក់​នោះ​មាន​ប៉ុន្មាន ប៉ុន្តែ​អាចមាន​ពី​ម្នាក់​ទៅ​បីនាក់។

រយៈពេល​មួយ​ម៉ោង​កន្លះ ក្រោយពី​ការវាយប្រហារ​លើក​ទី១ ខ្មាន់កាំភ្លើង​ម្នាក់​ត្រូវបាន​គេ​បញ្ជាក់​ជា​ផ្លូវការ​ថា​ស្លាប់ ប៉ុន្តែ​ការស្រាវជ្រាវ​រក​ជន​ផ្សេងទៀត ដែល​អាច​ផ្សំគំនិត នៅតែ​បន្ត។ ប៉ូលីស​បានស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចៀសវាង​ពី​ទីប្រជុំជន និង​កុំ​នៅ​មាត់​បង្អួច។ 

ចំពោះមុខ​ការវាយប្រហា​រ​មិន​ធ្លាប់មាន​នេះ កងទ័ពអាកាស​ចម្រុះ​អាមេរិក កាណាដា ត្រូវបាន​គេ​បញ្ជា​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ប្រកាសអាសន្ន ដើម្បី«ត្រៀម​ឆ្លើយតប​ឱ្យបាន​លឿន» ចំពោះ​ឧបទ្ទវហេតុ​ផ្លូវអាកាស​ណាមួយ ដែល​អាចពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នៅ​រដ្ឋធានី​អូ​តា​វ៉ា។ ការត្រួតពិនិត្យ​តាម​អាគារ​សាធារណៈ ក្នុង​ទីក្រុងធំៗរបស់​កាណាដា ក៏ត្រូវ​បាន​បង្កើន​ផងដែរ។

ពេល​ល្ងាច នាយករដ្ឋមន្ត្រី​កាណាដា បាន​ថ្លែង​សារ​តាម​ទូរទស្សន៍។ «យើង​នឹងមិន​ខ្លបខ្លាច​ទេ ។ ប្រទេស​កាណាដា​នឹងមិន​ខ្លបខ្លាច​ជាដាច់ខាត។ តាមពិត សកម្មភាព​បែបនេះ​នឹង​នាំ​យើង​ឱ្យ​ប្តេជ្ញា​កាន់តែ​មោះមុត និង​ប្រឹងប្រែង​ទ្វេ​ឡើង»។ នេះ​ជាស​ម្ដី​ផ្ទាល់​របស់លោក ស្ទី​ហ្វិ​ន ហា​ភើ (Stephen Harper)។

ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បាន​ថ្កោលទោស​ទង្វើ​នោះ​ថា «ការវាយប្រហារ​ដ៏​អាស្រូវ» សំដៅ​ប្រទេស​កាណាដា។ ចំណែក​ខាង​បារាំង​វិញ លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (François Hollande) បាន​សម្ដែង​នូវ«សាមគ្គីភាព​ទាំងស្រុង​របស់​បារាំង»ជាមួយ​ប្រទេស​កាណាដា។

ការបាញ់ប្រហារ​ម្សិលមិញ​នៅ​រដ្ឋសភា​កាណាដា បាន​កើតឡើង​មួយថ្ងៃ ក្រោយ​ឧបទ្ទវហេតុ​មួយ​នៅ​តំបន់ កេ​បិ​ក (Québec) ដែលជា​ខេត្ត​និយាយ​ភាសា​បារាំង​របស់​កាណាដា។ ពេលនោះ យុវជន​ម្នាក់​ដែល​ស្និទ្ធ​នឹង​មជ្ឈដ្ឋាន​អ៊ីស្លាម​ជ្រុលនិយម បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​យោធា​ពីរ​នាក់ ដោយ​ចេតនា នៅក្នុង​ក្រុង​តូច​មួយ ក្បែរ​ទីក្រុង​ម៉ុងរ៉េអាល់។ យុវជន​នោះ​ក៏ត្រូវ​បាន​នគរបាល​ស​ម្លា​ប់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ