អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​កាណាដា​ទាម​ទារ​បូរណ​ភាព​ដែន​ដី​ក្នុង​តំបន់​មហា​សមុទ្រ​ទឹកកក​អាកទិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា​ Stephen Harper បាន​ធ្វើ​ដំណើរ​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ ក្បែរ​តំបន់​មហា​សមុទ្រ​ទឹកក​អាក​ទិក។​ នេះ​ទស្សន​កិច្ច​ដើម្បី​អះ​អាង​អធិបតេយ្យ​ភាព​ទឹក​ដី​របស់​ប្រទេស​កាណាដា​ ក្នុង​តំបន់​អាកទិក​ក្បែរ​ប៉ូល​ខាង​ជើង​ ដែល​ជា​តំបន់​មាន​ជម្លោះ​ចម្រូង​ចម្រាស ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​មាន​ជា​អាទិ៍​ សហរដ្ឋ​អាមេរិក​ ​ដាណឺម៉ាក​ ​ន័រវែស​ និង​ប្រទេស​រុស្សី​ ជា​ដើម។

អ្នក​ផ្សង​ព្រេង​ឯកា​នៅ​លើ​មហាសមុទ្ទ​​ទឹកកក​អាកទិក​ របស់​កាណាដា
អ្នក​ផ្សង​ព្រេង​ឯកា​នៅ​លើ​មហាសមុទ្ទ​​ទឹកកក​អាកទិក​ របស់​កាណាដា Gettyimages/Martin Hartley
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​កាណាដា​ Stephen Harper បាន​ធ្វើ​ដំណើរ​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ ក្បែរ​តំបន់​មហា​សមុទ្រ​ទឹកកក​អាកទិក។​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​​ប្រចាំ​ឆ្នាំ​លើក​ទី​ ៩ ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ប្រទេស​កាណាដា​ កាល​ពី​ឆ្នាំ​ ២០០៦។​ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ ដើម្បី​អះ​អាង​អធិបតេយ្យភាព​ទឹក​ដី​ភាគ​ខាង​ជើង​របស់​ប្រទេស​កាណាដា​ ក្នុង​តំបន់​អាកទិក​ក្បែរ​ប៉ូល​ខាង​ជើង​ ដែល​ជា​តំបន់​មាន​ជម្លោះ​ចម្រូងចម្រាស ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​មាន​ជា​អាទិ៍​សហរដ្ឋ​អាមេរិក​ ប្រទេស​ដាណឺម៉ាក​ ប្រទេស​ន័រវែស​ និង​ប្រទេស​រុស្សី​ ជា​ដើម។​ ម៉្យាង​ទៀត​ លោក Harper​ ប្រើ​ប្រាស់​ទស្សនកិច្ច​នេះ​ ដើម្បី​ពង្រឹង​មនោសញ្ចេតនា​របស់​ប្រជាជន​កាណាដា​អោយ​គិត​ថា​តំបន់​មហា​សមុទ្រ​ទឹក​កក​អាកទិក​ជា​ផែ្នក​មួយ​ក្នុង​ដែន​ដី​របស់​ប្រទេស​កាណាដា។

តាម​ពិត​ទៅ​ តំបន់​អាកទិក​គ្រប​ដណ្តប់​ដោយ​មហា​សមុទ្រ​ទឹកកក​អាកទិក​ បណ្តា​កោះ​មួយ​ចំនួន​ និង​ជា​ផែ្នក​មួយ​នៃ​ដី​របស់​​ទ្វីប​អាមេរិក​ខាង​ជើង ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប។​ តំបន់​មហា​សមុទ្រ​ទឹក​កក​អាកទិក​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​ ២១​ លាន​គីឡូ​ម៉ែត្រ​ការ៉េ​ ក្នុង​នោះ​មាន​ដី​ប្រមាណ​ ៧ លាន​គីឡូម៉ែត្រ​ការ៉េ។ អ្នក​ជំនាញ​បាន​ប៉ាន់​ស្មាន​ថា​ តំបន់​នេះ​មាន​ផ្ទុក​ធនធាន​រ៉ែ​ក្រោម​បាត​សមុទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​នោះ​ ១៣% ជា​ប្រេងកាត​ និង​៣០% ជា​ឧស្ម័ន​ធម្មជាតិ។

កាណាដា​ប្រកាស​ទាមទារ​យក​ច្រក​សមុទ្រ​ភាគ​ពាយ័ព្យ​ (Passage du Nord-Ouest) នៃ​មហា​សមុទ្រ​អាកទិក​ដាក់​ជា​របស់​ខ្លួន។​ ច្រក​សមុទ្រ​ភាគ​ពាយ័ព្យ​នេះ​ជា​ផ្លូវ​នាវា​ចរណ៍​ភ្ជាប់​ពី​ទ្វីប​អឺរ៉ុប​ទៅ​ទ្វីប​អាស៊ី​ ដែលនាវា​ដឹក​ទំនិញ​ទាំង​ឡាយ​អាច​ធ្វើ​ចរាចរណ៍​បាន​នៅ​រដូវ​ក្តៅ។​ សហរដ្ឋ​អាមេរិក ​ និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​ទាមទារ​នេះ​ យោង​លើ​អំណះ​អំណាង​ថា​ ច្រក​សមុទ្រ​នេះ​ជា​ដែន​ទឹក​អន្តរជាតិ។ ក្រៅ​ពី​ការ​ទាមទារ​នេះ​ប្រទេស​កាណាដា​ចង់​បាន​អធិបតេយ្យភាព​ក្នុង​ដែន​មហា​សមុទ្រ​ទឹក​កក​អាកទិក​ ដែល​សហ​រដ្ឋ​អាមេរិក ដាណឺម៉ាក ន័រវែស និង​រុស្សី កំពុងក៏​ទាមទារ​ចង់ផង​បាន​ដែរ។

ដើម្បី​ដោះ​ស្រាយ​វិវាទ​នេះ​ បណ្តា​ប្រទេស​ទាំង​នោះ​មាន​ពេល​រហូត​ដល់​ឆ្នាំ​ ២០១៥​ ដើម្បី​ដាក់​របាយ​ការណ៍​វិទ្យាសាស្រ្ត​ទៅ​គណៈកម្មការ​របស់​អង្គការ​សហ​ប្រជាជាតិ។ របាយការណ៍​នោះ​ត្រូវ​បង្ហាញ​តាម​បែប​វិទ្យាសាស្រ្ត​ពី​ប្រវែង​ដី​ត្រង់​មាន​ចំងាយ​ហួស​​​ ២០០ ម៉ៃយ ស្មើ​នឹង ៣៦០ គីឡូម៉ែត្រ​ក្រោម​បាត​សមុទ្រ​ ដោយ​ចាប់​រាប់​ពី​ខ្ពង់រាប​ទ្វីប​នៃ​ប្រទេស​នោះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ឆ្នាំ​នេះ​ កង​ល្បាត​សមុទ្រ​កាណាដា​បាន​ប្រើ​នាវា Louis St-Laurent ​ និង យាន​មុជ​ទឹក​គ្មាន​មនុស្ស​បើក​ដើម្បី​ជួយ​គាំទ្រ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​កាណាដា​ ដែល​កំពុង​ដឹក​នាំ​ការងារ​ស្ទង់​ជម្រៅ​បាត​សមុទ្រ​កំណត់​បូរណភាព​ទឹក​ដី​កាណាដា​ក្នុង​តំបន់​មហា​សមុទ្រ​ទឹក​កក​អាកទិក។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ប្រទេស​កាណាដា​បាន​​រៀប​ចំ​សមយុទ្ធ​យោធា​ ដែល​គេ​ហៅ​ថា​ Opération Nanook។​ សំរាប់​ឆ្នាំ​ ២០១៤​ នេះ​ សមយុទ្ធ​ Nanook ​លើក​ទី​១០​ត្រូវ​បាន​រៀប​ចំ​នៅ​ច្រក​សមុទ្រ​ភាគ​ពាយ័ព្យ​ នៃ​មហា​សមុទ្រ​ទឹក​កក​អាកទិក​ ដោយ​មាន​ការចូលរួម​ពី​នាវា​ចំបាំង​ប្រទេស​ដាណឺម៉ាក​ និង​យន្តហោះ​ស៊ើបការណ៍​សហរដ្ឋ​អាមេរិក។ គោល​បំណង​នៃ​សមយុទ្ធ​នេះ​គឺ​ ដើម្បី​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​ការ​សម្របសម្រួល​ប្រតិបត្តិការ​យោធា​ និង​ការ​ជួយ​សង្គ្រោះ​ ពេល​មាន​មហន្តរាយ​ជា​យថាហេតុ​ណា​មួយ​ក្នុង​តំបន់​នោះ។

ម៉្យាង​ទៀត​ សម​យុទ្ធ​យោធា​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដំឡើង​សាច់​ដុំ​ផែ្នក​យោធា​របស់​ប្រទេស​រុស្សី​ក្នុង​តំបន់​មហា​សមុទ្រ​ទឹក​កក​អាកទិក។ តាម​ពិត​ទៅ​ ប្រទេស​រុស្សី​កំពុង​ជួស​ជុល​មូលដ្ឋាន​ទ័ព​សម័យ​សហភាព​សូវៀត​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​របស់​ខ្លួន។ លើស​ពី​នេះ​ ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​​ និង​នាវា​បំបែក​ទឹក​កក​របស់​រុស្សី​កំពុង​ដើរ​ល្បាត​ក្នុង​ដែន​ទឹក​មហា​សមុទ្រទឹក​កក​អាកទិក។ ​ឆ្នាំ​ក្រោយ​នេះ​ យោធា​រុស្សី​នឹង​បញ្ចប់​ការ​សាង​សង់​មូលដ្ឋាន​ការពារ​ដែន​អាកាស​ជា​ច្រើន​កន្លែង​ ព្រម​ទាំង​​មណ្ឌល​ឃ្លាំ​មើល​សំរាប់​​កង​អាកាស​ចរណ៍​យោធា​រុស្សី​ តាម​បណ្តោយ​មហា​សមុទ្រ​ទឹក​កក​អាកទិក។ រុស្សី​ចំណាយ​ថវិកា​ប្រមាណ​ ១៧៧ ​លាន​ដុល្លារ​ ក្នុង​ការ​ជួស​ជុល​ហេដ្ឋារចនា​សម្ព័ន្ធ​យោធា​នេះ។

សំរាប់​សហរដ្ឋ​អាមេរិក​ និង ​កាណាដា​ ការ​ពង្រឹង​ផែ្នក​យោធា​រុស្សី​ក្នុង​តំបន់​នោះ​ជា​ការ​គំរាម​កំហែង​មួយ។ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៥៨ មក​ម្ល៉េះ​ ប្រទេស​ទាំងពីរ​នេះ​​បាន​រួម​គ្នា​បង្កើត​បញ្ជាការ​យោធា​ការពារ​ដែន​អាកាស​ទ្វីប​អាមេរិក​ខាង​ជើង​ (Commandement de la défense aérospatiale de l'Amérique du Nord) ដែល​ហៅ​កាត់​ថា​ NORAD។ ​ប៉ុន្តែ​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បេសកកម្ម​របស់​ NORAD​ គឺ​ឃ្លាំ​មើល​ដែន​អាកាស​ឆ្ងាយ​ហួស​ពី​ដែន​ដី​អាមេរិក​ខាង​ជើង​ ក្នុង​នោះ​ដែន​មហា​សមុទ្រ​ទឹកកក​អាកទិក។

ដូចនេះ ​មហា​សមុទ្រ​ទឹក​កក​អាកទិក​ជា​តំបន់​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​មួយ​ដ៏​ស្មុគស្មាញ​រវាង​ប្រទេស​ស្ថិត​នៅ​ជុំ​វិញ​ប៉ូល​ខាង​ជើង។ ក្នុង​នោះ​ ការ​សំលឹង​មើល​ពី​ការ​អាច​ទាញ​ប្រយោជន៍បាន​​ពី​ធនធាន​រ៉ែ​ និង​ឧស្ម័ន​ក្រោម​បាត​សមុទ្រជា​ដើម​ចម​នៃ​ជម្លោះ​រវាងបណ្តា​​ប្រទេស​ទាំងនោះ។ យើង​ត្រូវ​រង់​ចាំ​ការ​ដាក់​របាយការណ៍​វិទ្យាសាស្រ្ត​របស់​ភាគី​ជម្លោះ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ និង​ការ​ប្រកាស​សេចក្តី​សម្រេច​នា​ពេល​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ