កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 27 មីនា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 27 មីនា 2011

គ្រោះថ្នាក់​ចរាចរណ៍​បន្ត​សម្លាប់​មនុស្ស​យ៉ាងរង្គាល​ជា​រៀងរាល់​ថ្ងៃ

ការ​បើកបរ​ល្មើស​នឹង​ច្បាប់​គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរតែ​រាល់ថ្ងៃ
ការ​បើកបរ​ល្មើស​នឹង​ច្បាប់​គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរតែ​រាល់ថ្ងៃ
©Reuters

ដោយ ប៉ែន បូណា

បន្ទាប់ពី​សោកនាដកម្ម​សង្គ្រាម​បាន​បញ្ចប់​ទៅ ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍន៍។ ​ប៉ុន្តែ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​និង​កំពុង​ក្លាយ​ជា​សោកនាដកម្ម​ថ្មី​មួយ​ដែល​ឆក់​ យក​ជីវិត​មនុស្ស​ជា​រៀងរាល់​ថ្ងៃ។ ​នៅ​ចុង​សប្តាហ៍​នេះ ​មាន​មនុស្ស​៧​នាក់​ស្លាប់​ និង​១១​នាក់​រង​របួស ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ធំ។ ​នេះ​ជា​សោក​នាដកម្ម​ធំ​ទី២​ហើយ ​ដែល​បាន​កើត​ឡើង ​ក្នុង​អំឡុង​ខែ​មីនា​នេះ​បន្ទាប់​ពី​ឧបទ្ទវហេតុ​ដូចគ្នា​បាន​កើត​ឡើង​ កាលពី​ដើម​ខែមីនា​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ដែល​បណ្តាល​ឱ្យ​មនុស្ស​១៩​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ។

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
 
27/03/2011
 
 

មនុស្ស​៧​នាក់​បាន​ស្លាប់ និង​ ១១​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល។ ​នេះជា​តុល្យការបឋម​នៅ​ឯ​កន្លែង​កើត​ហេតុ​នៃ​គ្រោះថ្នាក់​ចរាចណ៍​មួយ​ ដែល​កើត​ឡើង​លើ​បណ្តោយ​ផ្លូវ​លេខ​៧១ ​ក្នុង​ទីប្រជុំជន​កំពង់ថ្ម ​ខេត្ត​កំពង់ធំ​ កាលពី​ពាក់​កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៧​មីនា​ចុង​សប្តាហ៍​នេះ។​ គ្រោះថ្នាក់​ចរាចណ៍​នេះ​បាន​កើត​ឡើង​ដោយសារ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បុក​រ៉ឺម៉ក​ ដែល​ដឹក​មនុស្ស​ពេញ​ ហើយ​ដែល​កំពុង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​រៀងៗ​ខ្លួន។

នេះ​ជា​គ្រោះថ្នាក់​ដ៏​គួរ​ឱ្យ​រន្ធត់​ដែល​បាន​សម្លាប់​មនុស្ស​ជាក្រុម​ ជា​លើក​ទី២​ហើយ​ ក្នុង​អំឡុង​ខែ​មីនា​នេះ។ ​កាលពី​ថ្ងៃទី​៤​មីនា ឆ្នាំ​២០១១ ​គ្រោះថ្នាក់​ដ៏​សាហាវ​ជាងគេ​បំផុត​មួយ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ ១៩​នាក់ ​និង​របួស​ធ្ងន់​៨​នាក់​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ ​សោកនាដកម្ម​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​សម្លាប់​មនុស្ស​ជា​ក្រុម​ៗ​ទាំងនេះ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន។
 
ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​ប្រជាពលរដ្ឋ​ ដើម្បី​គណនេយ្យ​ភាព​សង្គម ​ដែល​ជា​បណ្តុំ​អង្គការ​-​សមាគម​មិនមែន​រដ្ឋាភិបាល​ចំនួន ១៣ បាន​សម្តែង​ការព្រួយ​បារម្ភយ៉ាង​ខ្លាំង ​នៅពេល​ដែល​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ចេះតែ​កើន​ឡើង​ ហើយ​កំពុង​ក្លាយ​ជា​សោកនាដកម្ម​សម្លាប់​ជីវិត​ជនស្លូតត្រង់​កម្ពុជា​ជា​បន្តបន្ទាប់​។ ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ ​ដោយ​កត់សម្គាល់​ថា​ សោកនាដកម្ម​ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​បាន​បន្សល់​ទុក​នូវ​ស្ត្រី​មេម៉ាយ​ កុមារកំព្រា ​ជនពិការ ​ភាពក្រីក្រ ​និងក្តី​អស់​សង្ឃឹម​សម្រាប់​អ្នក​រស់​នៅ​គ្មាន​ទីពឹង​។​
 
ប្រឈមមុខ​ចំពោះ​គ្រោះ​មហន្តរាយ​ថ្មី​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចាំបាច់​ជា​បន្ទាន់​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ។ គ្រោះថ្នាក់​ដែល​ភាគច្រើន​បណ្តាល​មក​ពី​អាកប្បកិរិយា​មិន​គោរព​ច្បាប់​របស់​អ្នក​បើកបរ។
 
កាលពី​ក្នុង​ឆ្នាំ​២០១០ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​សម្លាប់​មនុស្ស​ជាង ​១.៦០០ នាក់។ ការ​សិក្សា​របស់​អង្គការ​ជនពិការ​ប៊ែលហ្សិក  Handicap International កាលពី​ឆ្នាំ​២០០៩ ​បាន​បង្ហាញ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ធ្វើឱ្យ​ខាតបង់​ទឹកប្រាក់​រហូត​ដល់ ​២៤៨ ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ៕

tags: កម្ពុជា - ចរាចរណ៍
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close