តំណាងខ្មែរអ៊ីស្លាមបដិសេធការចោទប្រកាន់រឿងបង្កចលាចលនៅភាគខាងត្បូងប្រទេសថៃ

តំណាងខ្មែរអ៊ីស្លាម នៅក្នុងប្រទេសកម្ពុជា បានប្រកាសបដិសេធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ថា ជនជាតិអ៊ីស្លាម នៅកម្ពុជា មិនជាប់ពាក់ព័ន្ធនឹងការបង្កចលាចល នៅខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃឡើយ។ តាមតំណាងរូបនោះ ខ្មែរអ៊ីស្លាមនៅកម្ពុជា គ្រាន់តែឆ្លងដែន ទៅកាន់ប្រទេសថៃ និងឆ្លងកាត់ប្រទេសថៃ ដើម្បីទៅរកការងារធ្វើនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ។
តំណាងជនជាតិអ៊ីស្លាមនៅកម្ពុជា លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងពិធីជួបជុំមួយនៅវិហារអ៊ីស្លាម នៅគីឡូម៉ែត្រលេខ៩ ក្នុងជាយទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ថា ជនជាតិឥស្លាម ដែលរស់នៅកម្ពុជា ជាជនស្លូតត្រង់។ រីឯការឆ្លងដែនទៅកាន់ប្រទេសថៃ គឺដើម្បីទៅរកការងារធ្វើ និងឆ្លងដែនបន្ត ទៅកាន់ប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ ព្រោះថាការធ្វើដំណើរតាមផ្លូវគោក ចំណាយតិចជាងតាមផ្លូវអាកាស។
លោក អូស្មាន ហាស្សាន់ បានបន្ថែមថា ប្រជាពលរដ្ឋឥស្លាមកម្ពុជា សព្វថ្ងៃនេះ កំពុងតែសប្បាយ ក្នុងការប្រកបរបរនេសាទ និងធ្វើកសិកម្មរបស់ខ្លួន ហើយយុវជនស្ម័គ្រចិត្ត ដែលចុះវាស់ដីធ្លីជូនប្រជាពលរដ្ឋ ពេលនេះ ក៏មានយុវជនឥស្លាម ចូលរួមផងដែរ។ លោក អូស្មាន ហាស្សាន់ បានមានប្រសាសន៍បញ្ជាក់ថា “អីចឹងមិនមានឱកាសណាមួយ ដែលជនមូស្លីមកម្ពុជា មានគំនិត ចង់ទៅធ្វើសង្គ្រាម មានគំនិតទៅស៊ីឈ្នួលគេធ្វើសង្គ្រាម ឬក៏មានគំនិតទៅធ្វើអំពើបាបកម្មណាមួយ ក៏អត់មានទេ”។
លោក អូស្មាន ហាស្សាន់ បានមានប្រសាសន៍បន្តថា ថៃធ្លាប់បានធ្វើការចោទប្រកាន់អំពើបែបនេះ មកលើជនមូស្លីមកម្ពុជា ជាច្រើនលើកមកហើយ ដែលតាមលោកដឹងការចោទប្រកាន់បែបនេះ មានតាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយមួយនោះ សម្តេចនាយករដ្ឋមន្ត្រី មានប្រតិកម្ម បានជាស្ងប់ស្ងាត់ទៅវិញ។
លោកបន្តថា អត់មានរដ្ឋាភិបាលណា ចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនចូលទៅក្នុងអំពើណាមួយ សម្រាប់ប្រជាជនរបស់ខ្លួននោះទេ។ លោក អូស្មាន ហាស្សាន់ បានមានប្រសាសន៍បន្តទៀតថា គោលបំណងរបស់ជនមូស្លីមកម្ពុជា ធ្វើដំណើរពីប្រទេសកម្ពុជា គឺទៅប្រទេសថៃ ឬម៉ាឡេស៊ី គឺដើម្បីទៅរកស៊ី និងមួយចំនួនទៅធ្វើការដោយស្របច្បាប់នៅភាគខាងត្បូង នៃប្រទេសថៃ ដែលសំបូររោងចក្រសហគ្រាសច្រើន ហើយជនមូស្លីមកម្ពុជាមួយផ្នែកធំទៀត គ្រាន់តែឆ្លងកាត់ភាគខាងត្បូងប្រទេសថៃ ក្នុងគោលបំណងទៅប្រទេសម៉ាឡេស៊ី។
លោកបានមានប្រសាសន៍បន្តថា ការចោទប្រកាន់បែបនេះ មកលើជនមូស្លីមកម្ពុជា បង្ហាញឲ្យឃើញពីអសមត្ថភាពរបស់ក្រុមនគរបាលប្រទេសថៃ និងហាក់បីដូចជា បង្ហាញនូវភាពរើសអើងមួយ ដល់ជនមូស្លីមកម្ពុជា។ តំណាងជនអ៊ីស្លាមនៅកម្ពុជា លោក អូស្មាន ហាស្សាន់ ក៏បានតិទៀនដល់សមត្ថកិច្ចថៃ ហើយថា ថៃគួរតែរៀនសូត្រតាមកម្ពុជា ដែលបង្កឲ្យជនជាតិឥស្លាម និងសាសនាដទៃទៀត រស់នៅដោយសុខសាន្តក្នុងរយៈកាលកន្លងមក។
ទាក់ទងទៅនឹងការចោទប្រកាន់មកលើជនមូស្លីមកម្ពុជាបែបនេះ ក៏ត្រូវបានលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់របស់ជនជាតិអ៊ីស្លាមនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ថា បងប្អូនអ៊ីស្លាម នៅកម្ពុជា បានទទួលសេចក្តីសុខខ្លាំងណាស់ ដោយរាជរដ្ឋាភិបាលកម្ពុជា បានបង្កសេរីភាពសព្វបែបយ៉ាង មិនខ្វល់អ្វីទៅរកនៅកន្លែងណាផ្សេង ជាការរើបំរះ ឬទៅរួមគំនិត បះបោរនោះទេ។
សេចក្តីប្រកាសរបស់តំណាងជនជាតិឥស្លាមនៅកម្ពុជាយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីកាសែតថៃ បានផ្សាយនូវការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ កាលពីដើមសប្តាហ៍នេះ ដោយលើកឡើងថា ប៉ូលិសអន្តោប្រវេសន៍ថៃ ត្រូវបានគេណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ តាមដានអំពីវត្តមានរបស់ជនជាតិអ៊ីស្លាម មកពីប្រទេសកម្ពុជា។
ការតាមដានដោយយកចិត្តទុកដាក់លើជនជាតិម៉ូស្លីមកម្ពុជាបែបនេះ កើតមាននៅពេលដែលរដ្ឋាភិបាលក្រុងបាងកក ពង្រឹងសន្តិសុខ នៅភាគខាងត្បូង ដែលផ្ទុះចលនាបះបោរ បង្កឡើងដោយជនជាតិអ៊ីស្លាម នៅទីនោះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ