អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈ​«ត្រី​ងៀត​ឆ្លៀត​ពង»​ជា​បញ្ញើ​ក្អែក​ធ្វើ​ឲ្យ​រដ្ឋ​ក្រីក្រ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្គម​កម្ពុជា ​មនុស្ស​ជា​ទូទៅ ​រាប់​តាំង​ពី​ប្រជា​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ហាក់​ដូចជា​កំពុង​ដិតដាម​ដោយ​ទស្សនៈ​«ត្រី​ងៀត​ឆ្លៀត​ពង»​ ពោល​គឺ​ឲ្យ​តែ​មាន​ឱកាស​ ម្នាក់​ៗ​នឹង​ឆ្លៀត​រក​ផល​ចំណេញ​ដាក់​ហោប៉ៅ​ជា​មិន​ខាន។​ ទស្សនៈ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​ៗ​ និង​ក៏​ជា​អំណោយ​ផល​ដល់​អំពើ​ពុក​រលួយ​ផង​ដែរ។ ​ទស្សនៈ​«ត្រី​ងៀត​ឆ្លៀត​ពង»​បាន​ធ្វើ​ឲ្យ​រដ្ឋ​ក្រីក្រ​ប្រៀប​បាន​នឹង​រុក្ខជាតិ​ដែល​រួប​រឹត​ដោយ​បញ្ញើ​ក្អែក ។​ តើ​គេ​គួរ​បណ្តោយ​ស្ថាន​ភាព​នេះ​ឲ្យ​អូស​បន្លាយ​ទៅ​មុខ​ទៀត​ឬ​ទេ?

ប្រជាជន​កម្ពុជា​មួយ​ចំនួន​​ដែល​ស្ថិត​ក្នុង​ភាព​ក្រីក្រ​។
ប្រជាជន​កម្ពុជា​មួយ​ចំនួន​​ដែល​ស្ថិត​ក្នុង​ភាព​ក្រីក្រ​។ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សង្គម​ខ្មែរ​មាន​ឧទាហរណ៍​ច្រើនយ៉ាង​ណាស់​ដែល​បង្ហាញថា មនុស្ស​ហាក់ដូចជា​រង់​ចាំតែ​ឱកាស​ដើម្បី​រក​ផលចំណេញ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន។ ទស្សនៈ«ត្រីងៀត​ឆ្លៀត​ពង» ឬក៏«មាន់​ដែល​ពង​លើ​ស្រូវ​តែងតែ​ស៊ី​គ្រាប់ស្រូវ»បាន​ចាក់ឫស​កាន់តែ​ជ្រៅ​ទៅក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជាពិសេស​នៅក្នុង​សម័យកាល​សម្ភារៈ​និយម​ដូចជា​បច្ចុប្បន្ននេះ។ ទស្សនៈ​នេះ​បាន​ដិតដាម​ទាំង​នៅក្នុង​ចំណោម​ពលរដ្ឋ​សាមញ្ញ​រហូតដល់​មន្ត្រីរាជកា​រ​គ្រប់​លំដាប់ថ្នាក់។

ជាក់ស្តែង នៅ​រដូវ​បុណ្យទានម្តងៗ អ្នកលក់ដូរ​នៅតាម​រមណីយដ្ឋាន​តែងតែ​ឆ្លៀត​កោរ​ភ្ញៀវ​នៅពេល​ដែលមាន​អ​ថិ​ជន​ច្រើន​សម្រុក​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន។ អ្នករត់​រថយន្ត​ឈ្មួ​ល​និង​អាជីវករ​ផ្សេងទៀត​ក៏​តែង​ឆ្លៀតឱកាស​ដើម្បី​ដំឡើងថ្លៃ​សេវាកម្ម​និង​ទំនិញ​របស់ខ្លួន​នៅ ពេល​ដែលមាន​មនុស្ស​ច្រើន​នាំគ្នា​ជិះ​រថយន្ត និង​ទិញ​ទំនិញ​ចាំបាច់​មួយចំនួន។ នៅក្នុង​រដ្ឋបាល​សាធារណៈ​វិញ មន្ត្រីរាជការ ឬ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ឆ្លៀត​រក​កម្រៃ​ពី​តួនាទី​របស់​ខ្លួន​តាម​ដែល​អាចធ្វើ​ទៅបាន ពោលគឺ​អ្នកកាន់ការ​អ្វី​ឆ្លៀត​រក​កម្រៃ​ពី​ការងារ​នោះ​តាម​លទ្ធភាព​​ដែល​អាចទៅរួច​តាមរបៀប«តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ»។

អ្នកខ្លះ​ឆ្លៀត​រក​កម្រៃ​ខាងក្រៅ​បន្តិចបន្តួច​ដើម្បី​តែ​បង្គ្រប់​ជីវភាព ប៉ុន្តែ អ្នក​ខ្លះទៀត​ឆ្លៀត​ទាញ យក​ផលប្រយោជន៍​ពី​តួណាទី​ដើម្បី​បំពេញ​ភាពមានបាន​មិនចេះ​ឆ្អែតឆ្អន់​របស់ខ្លួន។ នេះ​ស​បញ្ជាក់ថា ការ​ឆ្លៀតឱកាស​រក​កម្រៃ​ពី​តួនាទី​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​មិនមែន​គ្រាន់តែ​ដើម្បី​បង្គ្រប់​ជីវភាព​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ទម្លាប់​ទូទៅ​មួយ​ទៅហើយ។ នៅពេល​គេ​និយាយ​ពី​មន្ត្រី​រាជការ គេ​មិនដែល​សួរ​អំពី​ប្រាក់ខែ​ឡើយ តែ​គេ​ច្រើនតែ​សួរថា តើ​ការងារ​នោះ​រកប្រាក់​បាន​ច្រើន​ឬទេ? រកប្រាក់​បាន​ឬ​មិនបាន​អាស្រ័យទៅលើ​ការងារ​នោះ«ចំ​កន្លែង​ខ្លាញ់»ឬក៏​អត់? មានន័យថា អ្នកធ្វើការ​ចំ​កន្លែង​លុយ​អាច​អាច​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស។ បញ្ហានេះ​មិនពិបាកមើលទេពីព្រោះជាទូទៅ ទ្រព្យសម្បត្តិទាំង នោះត្រូវបានគេ សម្ញែង ដោយ​មិន​លាក់​លៀមឡើយ។

ជាការពិតណាស់ បើនិយាយពីជំនួញ ការឆ្លៀតឱកាសដើម្បីរ​ក​ផលចំណេញ​មិនមែន​ជារឿង​អ្វីចម្លែកទេនៅក្នុងសង្គមទីផ្សារសេរី។ ជាទូទៅមនុស្សដែលចេះក្តាប់ឱកាស និងចេះប្រើ​ប្រាស់​ឱកាសមិនខុសឡើយពីព្រោះឱកាសល្អមិនមែនមានគ្រប់ពេលនោះទេ។ ដូច្នេះ នៅ​ពេល​ដែល​ឱកាស​ល្អហុចឲ្យគេមិនគួរនឹងបណ្តោយឲ្យឱកាសនោះកន្លងផុតទៅឡើយ។ ប៉ុន្តែ ការ​ឆ្លៀត​ឱកាស​មិនគួ​រ​នឹង​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​ទៅ​លើ​អ្នក​ដទៃ​ក្នុង​កាលៈ​ទេសៈ​​ដ៏​​លំបាក​​ណាមួយ​ឬ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​សង្គម​នោះ​ឡើយ​។

អ្នកបម្រើការនៅក្នុងរដ្ឋបាលសាធារណៈរឹតតែត្រូវចៀសវាងឲ្យផុតពីការកេងរកប្រយោជន៍ពី
តួនាទីរបស់ខ្លួនពីព្រោះអ្នកទាំងនោះធ្វើការបម្រើជាតិនិងបានទទួលប្រាក់ខែពីរដ្ឋ។ ប្រសិន​បើពួកគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយទុកប្រយោជន៍ប្រទេសជាតិមួយឡែកគឺជា​​រឿង​ធ្ងន់ធ្ងរ​។ ប៉ុន្តែ ទស្សនៈ«ត្រីងៀតឆ្លៀតពង»ឬ«មាន់ពងលើស្រូវតែងតែស៊ីស្រូវ»​បានក្លាយជា​រនាំងបិទ​បាំងអំពើពុករលួយ និងបានធ្វើឲ្យមនុស្សជាច្រើនភ្លេចគិតពីការខ្មាស​អៀននៅ​ពេល​ដែល​ពួក​គេបិចបោចប្រយោជន៍ជាតិដើម្បីបំប៉នប្រយោជន៍ផ្ទាល់ខ្លួន។ ជាផលវិបាក នៅ​កម្ពុជា​ រដ្ឋ​គ្មាន​ថវិកាតែមន្ត្រីហឺហារជាងប្រទេសអ្នកមានទៅទៀត។

ដូច្នេះ ដើម្បីធ្វើឲ្យប្រទេសចាកចេញពីភាពក្រីក្របានឆាប់រហ័ស ការកែតម្រូវរបៀបគ្រប់គ្រង និងកែទស្សនៈខុសឆ្គងមួយចំនួនគួរតែចាប់ផ្តើមពីពេលនេះទៅដោយមិនអាចបង្អង់បានឡើយ។ ជាបឋម រដ្ឋត្រូវធានាថា មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលិសទាហាន ត្រូវតែមានប្រាក់​ខែសមរម្យ​ដែលអនុញ្ញាតឲ្យពួកគេរស់ដោយថ្នៃថ្នូរបាន។ ប៉ុន្តែ ការដំឡើងប្រាក់ខែ​តែមួយមុខក៏មិនគ្រប់​គ្រាន់ដែរពីព្រោះមានមនុស្សច្រើនណាស់មិនមែនប្រព្រឹត្តអំពើពុករលួយដើម្បីតែជីវភាពប៉ុណ្ណោះ
ទេ តែគឺដើម្បីបំពេញការលោភលន់គ្មានព្រំដែនរបស់ខ្លួនមិនចេះស្កប់ស្កល់។

ក្នុងបរិបទនេះ ការអនុវត្តច្បាប់តឹងរ៉ឹងជាកិច្ចការដ៏សំខាន់មួយទៀត។ បន្ទាប់មកទៀត មនុស្ស​ខ្មែរជាពិសេសមន្ត្រីរាជការដែលធ្វើការបម្រើជាតិត្រូវនាំគ្នាផ្លាស់ប្តូរទស្សនៈកេងចំណេញពីរដ្ឋ
ឲ្យទៅជាអ្នកចូលរួមចំណែកជួយរដ្ឋនិងជួយសង្គមជាតិវិញបើមិនដូច្នោះទេសេដ្ឋកិច្ចកម្ពុជានឹង
មានវាសនាមិនខុសពីរុក្ខជាតិមួយដើមដែលរួបរឹតដោយបញ្ញើក្អែកយ៉ាងជុំ​​​ជិតនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ