អានតួអត្ថបទ
កម្ពុជា

តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រកាស​ស្វាគមន៍​ជជែក​ពី​រូប​មន្ត​គ.ជ.ប

ខណៈ​ដែល​​វិបត្តិ​​នយោ​បាយ​​នៅ​​កម្ពុជា​​កំពុង​​បន្ត​​អូស​បន្លាយ​​ជិត​​រយៈ​ពេល​​មួយ​ឆ្នាំ​​កន្លង​​ទៅ​ហើយ​ គណបក្ស​កាន់​អំណាច​​និង ​សង្គម​​ស៊ីវិល​ រួម​ទាំង​​គណបក្ស​ប្រឆាំង​​បាន​​បង្ហើប​​ថា​​មាន​​រូប​មន្ត​​ផ្លូវ​កណ្តាល​​មួយ​​ដើម្បី​​ដោះ​ស្រាយ​​បិទ​​បញ្ចប់​​ជម្លោះ​​ន​យោ​បាយ​​​ក្រោយ​​​ការ​​បោះឆ្នោត។ យ៉ាង​ណា​ក៏​ដោយ ​បក្ស​​កាន់​អំណាច​​ស្វាគមន៍​​ចំពោះ​​ការ​ជួប​​ជជែក​​ពី​​រូប​មន្ត​​ជាមួយ​​បក្ស​ប្រឆាំង​​សាជាថ្មី។

លោកឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។
លោកឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។
ផ្សាយពាណិជ្ជកម្ម

លោក ​ឈាង វុន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ស្វាគមន៍​ឱ្យមាន​ការជួប​ចរចា​សាជាថ្មី​ទៀត​រវាង​គណបក្ស​ទាំងពីរ បន្ទាប់ពី​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បានប្រកាសថា​ខ្លួន​មាន​រូបមន្ត​កណ្តាល​ចំពោះ​ការជាប់គាំង​ចុងក្រោយ​នេះ។

សមាជិកសភា​មណ្ឌល​បាត់ដំបង​ពី​គណបក្ស​ប្រជាជនកម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា រាល់​សំណើ​ទាំងអស់​ត្រូវបាន​ស្វាគមន៍ ប៉ុន្តែ​ដាច់ខាត​មិនត្រូវ​ឱ្យ​លក្ខ​ខ័​ណ្ឌ​នៃ​ការចរចា​គាំងដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​របស់​រដ្ឋ​នោះទេ។  លោក ​ឈាង ​វុន បាន​គូសបញ្ជាក់ថា ប្រសិនបើ​ការចរចាឈានដល់​ការយល់ព្រម​នោះ អ្នក​ចូលមក​ចរចា​ត្រូវមាន​សិទ្ធិ​សម្រេច​ដោយ​មិនបាច់​រង់ចាំ​ចម្លើយ​ពី​អ្នក​ទី២ និង​អ្នក​ទី៣នោះទេ។

ដើម្បី​ដោះស្រាយ​ចំពោះ​ការជាប់គាំង​នៃ​ការជ្រើសរើស​ក្បាលម៉ាស៊ីន គ.ជ.ប​នេះ ដែល​គណបក្សកាន់អំណាច​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទាមទារ​បោះឆ្នោត ៥០ បូក១ រីឯ​បក្សប្រឆាំង​របស់ ​លោក សម រង្ស៊ី ​វិញ ទាមទារ​បោះឆ្នោត ២ភាគ៣។ ដូច្នេះ​លោក ឈាង វុន បានស្នើ​រូបមន្ត​រើស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​តាម​សមាមាត្រ​នៃ​ចំនួន​សមាជិកសភា។ ពោលគឺ​គណបក្ស​ធំ​ទី១ ជា​ប្រធាន​គ.ជ.ប រីឯ​បក្ស​បន្ទាប់​ជា​អនុប្រធាន។

ដោយឡែក​សង្គម​ស៊ីវិល​ដែល​តាមដាន​បញ្ហានយោបាយ​បាន​លើកឡើងថា ខ្លួន​ក៏មាន​រូបមន្ត​ចំនួន២ដើម្បី​ស្នើ​ដល់​គណបក្ស​ដែល​កំពុងមាន​ជម្លោះ​ជាមួយគ្នា​ផងដែរ។ នេះ​បើតាម​លោក នី ​ចរិយា មន្ត្រីជាន់ខ្ពស់​អង្គការ​អាដហុក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។មន្ត្រីជាន់ខ្ពស់​អង្គការ​អាដហុក​រូបនេះ បាន​បញ្ជាក់ថា​រូបមន្ត​ទាំងពីរ​នេះ នឹង​បញ្ចេញ​នៅពេល​ជួប​ជាមួយ​គណបក្សនយោបាយ​ទាំងពីរ។

បើតាម​លោក ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក​វិញ បានស្នើ​រូបមន្ត​ចំនួន៣ គឺ​ចន្លោះ​កណ្តាល​រវាង៥០បូក​១ និង២ភាគ៣ និង​ទី២ គឺ​រូបមន្ត៥-៤ ពោលគឺ​បើ​បក្ស​មួយ​ធ្វើ​ប្រធាន បក្ស​មួយទៀត​ត្រូវមាន​តួនាទី​ជា​អនុប្រធាន។ ដោយឡែក​រូបមន្ត​ទី៣ គឺ​គណបក្ស​ទាំងពីរ​អាច​ធ្វើជា​ប្រធាន​ប្តូរ​វេន។ 

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​ លោក កឹម សុខា​ ប្រធានស្តីទី ក៏បាន​ប្រាប់​វិទ្យុ​បារាំ​ងអន្តរជាតិ​ដែរ​ថា បក្សប្រឆាំង​បាន​ត្រៀម​រូបមន្ត​ចំនួន២ទៅ៣ចំណុច​ដើម្បី​ដាក់​លើ​តុ​ចរចា​ជាមួយ​បក្ស​កាន់អំណាច​ក្នុង​ថ្ងៃ​ចរចា។ ប៉ុន្តែ​ លោក កឹម សុខា ​មិនទាន់បាន​លាតត្រដាង​នោះទេ តែ​អះអាងថា គឺជា​រូបមន្ត​ដើម្បីឱ្យ​គ.ជ.ប ឯករាជ្យ​ប៉ុណ្ណោះ។

សូមបញ្ជាក់​ជូន​ថា វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​អាយុ​ជិត១ឆ្នាំ​កន្លង​ទៅហើយ។ គណបក្ស​ទាំង​ពីរបាន​ជួបចរចា​ជាច្រើនលើក​ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ។ ប៉ុន្តែ​ការចរចា​ជាប់គាំង​ត្រង់​ការជ្រើសរើស​សមាសភាព​ក្បាលម៉ាស៊ីន​គ.ជ.ប​ដែល​នឹងត្រូវ​ដាក់​ទៅជា​ជំពូក​ទី១៥ថ្មី​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

បើទោះបីជា​បែបណាក៏ដោយ គណបក្ស​ដៃគូដែល​កំពុងមាន​ជម្លោះ​ទាំងពីរ បានបង្ហាញ​ពី​ឆន្ទៈ​នៃ​ការចង់​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅមុន​ដំណាច់​ខែកក្កដា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ