លោកស៊ូបេឌី៖ កម្ពុជានៅតែត្រូវការហេដ្ឋារចនាសម្ព័ន្ធសិទ្ធិមុស្សដ៏រឹងមាំមួយ
បើទោះបីជាស្ថានភាពនយោបាយកម្ពុជាពេលនេះ មានភាពល្អប្រសើរហើយក៏ដោយ ប៉ុន្តែស្ថានការណ៍នៃការគោរពសិទ្ធិមនុស្ស និងមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អនៅពេលនេះ នៅតែជាបញ្ហាដដែល។ នេះជាការលើកឡើងរបស់អ្នករាយការណ៍ពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ូរិយ៉ា ស៊ូបេឌី ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងសឺណែវប្រទេសស្វីសនៅថ្ងៃទី២៤ កញ្ញា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៧
លោក ស៊ូរិយ៉ា ស៊ូបេឌី បានថ្លែងថា នៅពេលនេះស្ថានការណ៍បច្ចុប្បន្នរបស់កម្ពុជាខុសគ្នាទាំងស្រុង ពេលដែលលោកបានធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិកាលពី៥ឆ្នាំមុន។ ពោលគឺអ្វី ដែលកម្ពុជាត្រូវការចំពោះមុខ ក្នុងបច្ចុប្បន្ននេះ គឺមូលដ្ឋាននៃសិទ្ធិមនុស្សដ៏រឹងមាំមួយ ដែលអាចធ្វើឲ្យសម្រេចបាននូវកំណែទម្រង់ដ៏វែងឆ្ងាយមួយ។
គួរបញ្ជាក់ដែរថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចាត់តាំងលោកស៊ូបេឌី មកកម្ពុជា ក្នុងឆ្នាំ២០០៩ ហើយពេលនោះដែរ អ្នកជំនាញអង្គការសិទ្ធិមនុស្សបានកំណត់នូវចំណុចខ្វះខាតធំៗចំនួន៤ចំណុចដូចជា ប្រព័ន្ធយុត្តិធម៌ រដ្ឋសភាកម្ពុជា ការបោះឆ្នោត និងកំណែទម្រង់ដីធ្លី។ ការកំណតស្ថាប័នទាំង៤នេះ ធ្វើឡើងដើម្បីចង្អុលប្រាប់រដ្ឋាភិបាលពីចំណុចខ្វះខាត និងឲ្យរដ្ឋាភិបាលសន្យាឲ្យបានច្បាស់លាស់ ក្នុងការកែទម្រង់ស្ថាប័នទាំងនោះឈានទៅរកការលើកស្ទួយ និងការពារសិទ្ធិមនុស្សរបស់កម្ពុជា។
លោកបានកត់សម្គាល់ថា ដោយសារតែស្ថាប័នរដ្ឋនានា ដែលទាក់ទងនឹងសិទ្ធិមនុស្សមិនបានលើកំពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យគ្រប់ដំណើរបេសកម្មរបស់លោក មានប្រជាពលរដ្ឋសាមញ្ញជាច្រើននាក់មកជួបលោក ដោយការអស់សង្ឃឹម ដើម្បីបង្ហាញពីស្ថានភាពលំបាករបស់ពួកគេ និងដាក់ញ្ញត្តិស្នើឲ្យលោកជួយធ្វើអន្តរាគមន៍។ នេះបើតាម សេចក្តីថ្លែងការស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាថ្ងៃទី២៤ មិថុនា ឆ្នាំ២០១។
គួរកត់សម្គាល់ដែរថា ចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់សិទ្ធិសម្តែងមតិ តាមរយៈការធ្វើបាតុកម្មជាទ្រង់ទ្រាយធំមិនធ្លាប់មាន។ ចំណែកគណកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលក៏បាន ផ្លាស់ប្តូរគណៈគ្រប់គ្រង ក្នុងគោលបំណងលើកស្ទួយនូវសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាដែរ។ លើសពីនេះទៅទៀតគណកម្មាធិការជំនាញទាំងឡាយក្នុងរដ្ឋសភាក៏បានកំពុងធ្វើការយ៉ាងសកម្មលើបញ្ហាសិទ្ធិមនុស្ស ក្រោយពេលដែលគណបក្សប្រឆាំងបានចូលក្នុងរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ