អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រខ្មែរ​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងៀម​ក្រោយ​ការ​បោះឆ្នោត

នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ភាពរំជើបរំជួល​ក្រោយ​ការ​បោះឆ្នោត ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជសារ​មួយ នៅ​ថ្ងៃ​ពុធ ទី៧ សីហា​នេះ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ “រក្សា​ភាព​ស្ងប់ស្ងាត់ និង​ភាព​ថ្លៃថ្នូរ​របស់​ជាតិ”។

ព្រះមហាក្សត្រខ្មែរ​ ព្រះបាទ​ព្រះបរមនាថ នរោត្តម​ សីហមុនី​
ព្រះមហាក្សត្រខ្មែរ​ ព្រះបាទ​ព្រះបរមនាថ នរោត្តម​ សីហមុនី​ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​ព្រះរាជសារ​នេះ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ក៏​បាន​អំពាវនាវ​ផងដែរ ដល់​គណបក្ស​នយោបាយ​ទាំងពីរ ដែលប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ អាណត្តិថ្មី “ឲ្យ​បន្ត​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​វិវាទ ឬ​បញ្ហា​​ទាំងឡាយ ដែល​នៅ​សេសសល់”។
 

ព្រះ​មហាក្សត្រ​​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​ប្រកប​របរចិញ្ចឹម​ជីវិត​ដោយ​ភាព​សុខសាន្ត ព្រមទាំង​រក្សា​ឯកភាព និង​សាមគ្គី​ជាតិ​ ដែល​ព្រះអង្គ​ចាត់ទុក​ថា​ជា​កម្លាំង​​របស់​ជាតិ ក្នុង​ការ​ជំនះ​រាល់​ការ​លំបាក​ធំៗ​ទាំងឡាយ​កន្លងទៅ។

ការអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​វិវាទ​នយោបាយ ដែល​កើតចេញ​ពី​ការខ្វែងគំនិត​គ្នា ជុំវិញ​ដំណើរការ និង​លទ្ធផល​បោះឆ្នោត​តំណាងរាស្រ្ត កាលពីថ្ងៃអាទិត្យ ២៨​កក្កដា កន្លងទៅ។ ទាំង​គណបក្ស​ប្រជាជន និង​ទាំង​គណបក្ស​សង្រ្គោះជាតិ​សុទ្ធតែ​បាន​នាំគ្នា​អះអាង​រៀងៗ​ខ្លួន​ថា​បាន​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​នេះ ដោយ​ទទួល​បាន​អាសនៈ​ភាគច្រើន​ដាច់ខាត។ ចំណែក​ឯ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​មិនទាន់​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ និង​ស្ថាពរ​នៅឡើយ។

គណបក្ស​សង្រ្គោះជាតិ ដែល​បាន​បដិសេធ​លទ្ធផល​បោះឆ្នោត​ ដោយ​អះអាង​ថា​មាន​ភាព​មិនប្រក្រតី​ច្រើន បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដោយ​មាន​អ.ស.ប​ជា​អាជ្ញា​កណ្តាល ដើម្បី​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​អស់ទាំងនេះ។ សំណើ​ដែល​ត្រូវ​បាន​ច្រានចោល​ដោយ​គ.ជ.ប។ ក៏ប៉ុន្តែ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​គំរាម​ថា នឹង​រៀបចំ​មហាបាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​សមស្រប ទៅ​តាម​ការទាមទារ​របស់​ខ្លួន​ទេ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ