កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 26 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 26 តុលា 2012

រដ្ឋាភិបាល​អនុម័ត​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៣​ដែល​មាន​ទឹកប្រាក់​ជាង ៣.១០០​លាន​ដុល្លារ

វិមានសន្តិភាព ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី
វិមានសន្តិភាព ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី
©ចាន់ណា

ដោយ លី ម៉េងហួរ

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃសុក្រ​នេះ បាន​ប្រជុំ​អនុម័ត​លើ សេចក្តីព្រាង​ច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៣ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ២០១៣ ដែលមានទឹកប្រាក់ ១២.៥២៧.៨០០ លានរៀល ដែលស្មើប្រមាណជាង ៣.១០០ លាន​ដុល្លារ​អាមេរិក។ ថវិកា​ សម្រាប់​ចំណាយ​សរុប ប្រចាំ​ឆ្នាំ២០១៣ នេះ បានកើនឡើង ១២,៩% បើធៀបនឹង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ២០១២ ដែលមាន​ត្រឹមតែជាង ២.៦០០ លានដុល្លារ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បង្ហាញ​ថា ការអនុម័ត​របស់​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើ​ច្បាប់​ថវិកា​ជាតិ ឆ្នាំ២០១៣ ដែល​មាន​ទឹកប្រាក់ជាង ៣.១០០ លាន​ដុល្លារ គឺ​រាជរដ្ឋាភិបាល​នៅតែ​បន្តអនុវត្ត​គោលនយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​មូលដ្ឋាន​ជូន​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ ២០% បន្ថែមទៀត នៅក្នុងឆ្នាំ២០១៣ ហើយ​ក៏បាន និង​កំពុង​បន្ត​ពង្រឹង​ការអនុវត្តន៍​បេឡា​សន្តិសុខ​សង្គម សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល និង​បេឡា​ជាតិ​សន្តិសុខ អតីត​យុទ្ធជន ដើម្បី​បន្ត​កែលំអ​ការអនុវត្ត​ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​​ឧបត្ថម្ភ​ផ្សេងៗ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។
 
សេចក្តី​ប្រកាស​ដដែល​បាន​លើក​ឡើង​ថា ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១៣ ក៏​សម្រាប់​ឲ្យ​រាជ​រដ្ឋាភិបាល បន្ត​អនុវត្ត​នូវ​គោល​នយោបាយ​កម្មវិធី​យុទ្ធសាស្ត្រ និង​បណ្តា​សកម្មភាព ការងារ​អាទិភាព​តាម​វិស័យ ពិសេស​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំ​ចេញអង្ករ បន្ត​ផ្តល់​អាទិភាព​ដល់​ការបង្កើន និង​លើក​កម្ពស់​គុណភាព​សេវាកម្ម នៅក្នុង​វិស័យ​សង្គមកិច្ច ជា​ពិសេស វិស័យ​អប់រំ សុខាភិបាល ការកសាង​ធនធាន​មនុស្ស និង​សំណាញ់​សុវត្ថិភាព​សង្គម រួម​ទាំង​ការបន្ត​អនុវត្ត​គោល​នយោបាយ ផ្តល់ដី​សម្បទាន​សង្គមកិច្ច ដល់​គ្រួសារ​អតីត​កងកម្លាំង​ប្រដាប់​អាវុធ និង​ការបន្ត​ជំរុញ​ការអនុវត្ត​សកម្មភាព​ថ្មី លើ​គោល​នយោបាយ​ចាស់ នៃ​កំណែទម្រង់​ការគ្រប់គ្រង​ដីធ្លី។
 
ការបង្កើន​ថវិកា​ជាតិ នៅឆ្នាំ​២០១៣ រហូត​ដល់​ជាង ៣​ពាន់លាន​ដុល្លារ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​អះអាង​ថា ដើម្បី​ធានា​ដល់​ការរៀបចំ​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី៥ នាខែ​កក្កដា ព្រម​ទាំង​ដើម្បី​បន្តពង្រឹង និងពង្រីក​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋនៅ​កម្ពុជា ជាដើម។ល។ និង។ល៕

tags: កម្ពុជា - សេដ្ឋកិច្ច - ហិរញ្ញវត្ថុ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close