កម្ពុជាវៀតណាមប្រារព្ធខួប ៤៥ ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរ

ប្រទេសកម្ពុជា និងវៀតណាមនឹងប្រារព្ធខួបទី៤៥ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរនៅថ្ងៃអាទិត្យទី២៤មិថុនាស្អែកនេះ។ ពិធីនេះនឹងផ្តើមឡើងដោយការសម្ពោធបង្គោលព្រំដែនថ្មីមួយទៀតរវាងខេត្តកំពត និងខេត្តកៀងយ៉ាងរបស់វៀតណាមក្រោមអធិបតីភាព របស់នាយករដ្ឋមន្ត្រីហ៊ុនសែន និងសមភាគីវៀតណាមលោកង្វៀនតឹនយុង។ បន្ទាប់មកប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរនឹងចូលរួមដឹកនាំសន្និសីទកម្ពុជាវៀតណាមលើកទី៣ស្តីពីការជំរុញការវិនិយោគទុនរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យុង នឹងចូលរួមធ្វើជាអធិបតីក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ ដែលខណ្ឌចែកខេត្តកំពតរបស់កម្ពុជានិងខេត្តកៀងយ៉ាងរបស់វៀតណាមនៅថ្ងៃអាទិត្យទី២៤មិថុនាស្អែកនេះ។ ពិធីសម្ពោធបង្គោលព្រំដែននេះគឺជាផ្នែកមួយនៃការប្រារព្ធខួបទី៤៥ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ (២៤មិថុនា ឆ្នាំ១៩៦៧- ២៤មិថុនា ឆ្នាំ២០១២)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្រោយពីសម្ពោធបង្គោលព្រំដែននេះរួច នាយករដ្ឋមន្ត្រីប្រទេសទាំងពីរនឹងចូលរួមធ្វើជាសហប្រធាននៃសន្និសីទកម្ពុជា-វៀតណាម លើកទី៣ស្តីពីការជំរុញការវិនិយោគទុនរវាងប្រទេសទាំងពីរ។ សន្និសីទនេះនឹងបើកធ្វើនៅទីក្រុងហាទៀង ខេត្តកៀងយ៉ាង ប្រទេសវៀតណាម។ ប្រតិភូកម្ពុជាដែលរួមមានមន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញជាង១០០នាក់ នឹងអមដំណើរលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅចូលរួមក្នុងពិធីនោះ។ កម្ពុជា និងវៀតណាមក៏គ្រោងចុះហត្ថលេខាលើវិសោធនកម្មស្តីពីការជំរុញ និងការការពារអ្នកវិនិយោគទុនរវាងប្រទេសទាំងពីរផងដែរ។ នៅក្នុងសន្និសីទនោះ នាយករដ្ឋមន្ត្រីកម្ពុជាត្រូវគេរំពឹងថានឹងថ្លែងទាក់ទាញអ្នកវិនិយោគទុនវៀតណាមឲ្យមកបោះទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើនថែមទៀត។
របាយការណ៍វិនិយោគប្រទេសទាំងពីរបានបង្ហាញថា ទឹកប្រាក់វិនិយោគមកពីប្រទេសវៀតណាមបានកើនឡើងពី ១៥៣ លានដុល្លារ ក្នុងឆ្នាំ២០១០ រហូតដល់ជិត ៧០០ លានដុល្លារក្នុងឆ្នាំ២០១១។ ការវិនិយោគវៀតណាមនៅកម្ពុជាផ្តោតសំខាន់លើផ្នែកធនាគារ ទូរគមនាគមន៍ និង ដំណាំកៅស៊ូជាដើម។
ប្រទេសកម្ពុជានិងវៀតណាមគ្រោងបញ្ចប់ការបោះបង្គោលព្រំដែនគោករួមគ្នានៅដំណាច់ឆ្នាំ២០១២ នេះ។ ទោះបីជាមានការរិះគន់ជាច្រើនថា ការបោះបង្គោលព្រំដែនបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរជាប្រយោជន៍ដល់ប្រទេសវៀតណាមក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងភ្នំពេញ និងហាណូយនៅតែបង្ហាញភាពល្អូកល្អឺននិងចុះសម្រុងគ្នាយ៉ាងខ្លាំងចំពោះបញ្ហានេះ។ ខួបទី៤៥ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរនៅថ្ងៃស្អែកដែលយកការសម្ពោធបង្គោលព្រំដែនជានិមិត្តរូបគឺជាភស្តុតាងបញ្ជាក់ថា ប្រទេសទាំងពីរកំពុងតែជំរុញការបោះបង្គោលព្រំដែនឲ្យចប់តាមផែនការដោយគ្មានអ្វីអាចរារាំងបានឡើយ ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ