អ្នកត្រូវការអចលនទ្រព្យគួរបោះទុននៅពេលនេះឬ?
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យមួយចំនួននៅក្នុងប្រទេសកម្ពុជា បាននិយាយថា នេះគឺជាពេលវេលាដែលអ្នកត្រូវការអចលនទ្រព្យអាចបោះទុន ទិញហើយ ពីព្រោះតម្លៃរបស់វាបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏អ្នកទិញនៅមិនទាន់កម្រើកនៅឡើយទេ។
ប្រសិនបើគេមានប្រាក់គ្រប់គ្រាន់ល្មមនឹងទិញផ្ទះសម្បែងដីធ្លី ដើម្បីរស់នៅ ឬដើម្បីធ្វើអាជីវកម្មនោះ តើគេគួរទិញនៅពេលនេះ ឬគេគួររង់ចាំបន្តិចទៀត ក្រែងលោទីផ្សារវារឹតតែចុះបន្ថែមទៀត។ នេះជាសំណួរដែលប្រជាជនមួយចំនួនធំបាននិងកំពុងចោទឡើងគ្រប់ៗគ្នា។
ដើម្បីឆ្លើយតបទៅនឹងសំណួរនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយចំនួនបានអត្ថាធិប្បាយនៅថ្ងៃអាទិត្យនេះថា ពេលវេលាបច្ចុប្បន្ននេះ គឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់អ្នកមានបំណងទិញអចលនទ្រព្យ ពីព្រោះតម្លៃអចលទ្រព្យជាទូទៅមានការធ្លាក់ចុះជិតពាក់កណ្តាល ជាពិសេសអចលទ្រព្យនៅក្រៅក្រុងភ្នំពេញ។ លោក សៀវ សុផល នាយកក្រុមហ៊ុន Time Property បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា អ្នកមានបំណងទិញផ្ទះលើកទីមួយ សម្រាប់រស់នៅ គួរតែបោះទុនទិញនៅពេលនេះ ពីព្រោះ ម្យ៉ាងតម្លៃអចលនទ្រព្យបានធ្លាក់ចុះស្ទើរដល់បាត និងម្យ៉ាងទៀត ធនាគារបានបើកឱកាសអោយអ្នកខ្ចីទិញផ្ទះទីមួយ រហូតដល់ទៅ៧៥ភាគរយនៃតម្លៃផ្ទះក៏មានដែរ។
លោកស៊ា ឆៃលីន តំណាងភ្នាក់ងារអចលនទ្រព្យ Visal Real Estate បានបញ្ជាក់បន្ថែមទៀតថា អ្នកសល់ប្រាក់នៅនឹងដៃ ហើយមានបំណងចង់ទិញអចលនទ្រព្យនោះ ពួកគេគួរតែវិនិយោគ នៅពេលនេះ។ ការបោះទុននៅពេលដែលអចលនទ្រព្យអត់តម្លៃនោះ ពួកគេអាចមានវាសនាចំណេញ នៅពេលណា ដែលទីផ្សារអចលនទ្រព្យងើបឡើងវិញ។
បើទោះបីជាតម្លៃអចលទ្រព្យបានធ្លាក់ដល់កម្រិតក៏ដោយក្តី ក៏អ្នកមានបំណងទិញភាគច្រើននៅតែមិនទាន់មានទំនុកចិត្តទៅលើទីផ្សារអចលនទ្រព្យនៅឡើយទេ។ ពួកគេមួយចំនួនបានគិតថា តម្លៃអចលនទ្រព្យអាចនៅបន្តចុះថ្លៃទៀត។ ដូច្នេះ ប្រសិនបើគេទិញនៅពេលនេះ ពួកគេអាចខាតបង់ដូចអ្នកទិញពីពេលមុនទៀត។ ដូច្នេះ ពួកគេត្រូវតែរង់ចាំមើលទីផ្សារបន្តិចទៀតសិន។
សូមបញ្ជាក់ថា អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមឡើងថ្លៃខ្លាំង ចាប់ពីឆ្នាំ២០០០មក ប៉ុន្តែវាបានដាំក្បាលចុះទៅវិញ កាលពីដើមឆ្នាំ២០០៨ រហូតមកដល់ពេលនេះតែម្តង។ ការប៉ាន់ស្មានមួយចំនួនបានបញ្ជាក់ថា ប្រាក់រាប់ពាន់លានដុល្លារអាមេរិកបានកប់នៅក្នុងដី ដោយសារតែដីធ្លី ផ្ទះសម្បែងគ្មានហាងឆេងនោះ។
អ្នកជំនាញដីធ្លី និងអ្នកសេដ្ឋកិច្ចខ្លះបាននិយាយថា ទីផ្សារអចលនទ្រព្យអាចងើបឡើងវិញ នៅក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំទៀតខាងមុខនេះ។ ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើងដោយសំអាងទៅលើកំណើនសេដ្ឋកិច្ច ដែលទំនងជាចាប់ផ្តើមងើបក្បាលឡើងវិញ នៅឆ្នាំ២០១០នេះ។ ប៉ុន្តែការពិតវាយ៉ាងណានោះ គ្មាននរណាអាចដឹងនៅឡើយទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ