អានតួអត្ថបទ
កម្ពុជា

ជម្លោះ​របស់​កម្មករ​រោងចក្រ​ជី​ម លី ឈាន​ដល់​សុំ​អន្តរាគមន៍​ពី​សភា

នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា​នេះ កម្មករ​រោងចក្រ​ជីម​លី​ជា​ច្រើន​រយ​នាក់​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភាជាតិ​ដើម្បី​ស្នើសុំ​ឱ្យមាន​កិច្ច​អន្តរាគមន៍​ចំពោះ​ការ​ទាមទារ​លក្ខខណ្ឌ​ចំនួន​៩​ចំណុច​របស់​ខ្លួន។ ការទាមទារ​នេះ គឺ​ក្រោយ​ពេល​គ្មាន​ដំណោះ​ស្រាយ​រវាង​ក្រសួង​ការងារ​និង​ក្រុម​កម្មករ។

កម្មករ​រោងចក្រ​ តវ៉ា​នៅ​រដ្ឋ​សភា​
កម្មករ​រោងចក្រ​ តវ៉ា​នៅ​រដ្ឋ​សភា​ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​រវាង​កម្មករ​រោងចក្រ​ជីម លី (Ghim Li) និង​ថៅកែ​បាន​ឈាន​ដល់​ការតវ៉ា​នៅ​ខាង​មុខ​រដ្ឋសភា​ហើយ​នៅ​ថ្ងៃ​ទី​សុក្រ​ទី២១​វិច្ឆិកា​នេះ។ ជាការ​ប្រមូលផ្តុំ​ក្រោយ​គ្មាន​ដំណោះ​ស្រាយ​ស្រុះស្រួល​ដាច់ស្រេច​ពី​ក្រសួង​ការងារ។ កម្មករ​ដែល​មាន​គ្នា​រាប់រយ​នាក់ តាំង​ពី​ព្រឹក​បាន​ប្រមូល​ផ្តុំគ្នា​នៅ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ទាមទារ​ចំនួន​៩​ចំណុច​។ ជា​ញត្តិ​ដែល​បាន​ស្នើឱ្យ​សមាជិកសភា​ជួយ​អន្តរាគមន៍។

ចំណុច​ទាំង​៩​នោះ​គឺ ការ​ទាមទារ​ឱ្យ​ទទួល​យក​ជាង​ម៉ាស៊ីន​វិញ ស្នើសុំ​ប្រាក់​អាហារ​ចំនួន​៤​ពាន់​រៀល ក្នុង​មួយថ្ងៃ ធ្វើ​ដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ចំនួន​១៥​ដុល្លារ និង​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់ (លុយ​ព្រីម) ១៨​ដុល្លារ រួមទាំង​ការ​ទាមទារ​ឱ្យ​បើក​ប្រាក់​បី​ខែ​មុន​សម្រាប់​អ្នក​សម្រាល​កូន​ជា​ដើម​។ ក្រុម​អ្នក​តវ៉ា បាន​អះអាង​ថា​ចំនួន​ទាំង​៩​នេះ គឺ​ចំណុច​ប្រឈម និង​ដើម្បី​ឱ្យមាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​សម្រាប់​កម្មករ​នៅ​រោងចក្រ ជីម លី ដែល​មាន​ទី​តាំង​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ​។

លោក​ប៉ាវ ស៊ីណា​ប្រធាន​សហជីព​ចលនា​កម្មក​រ បាន​លើក​ឡើង​ថា​លោក​រំពឹង​ថា​ដំណោះ​ស្រាយ​នៅ​រោងចក្រ ជីម​លី និង​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា។ រដ្ឋសភា​ដែល​តាមរយៈ​គណៈកម្មការ​ទី៨ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ប្រជា​ពលរដ្ឋ​និង​បាន​សន្យា​កោះហៅ​មន្ត្រី​ក្រសួង​ការងារ​មក​ឆ្លើយ​បំភ្លឺ​ក្នុង​សភា។ សូម​រំលឹកថា បាតុកម្ម​របស់​ក្រុម​កម្មករ​រោង​ចក្រ​ជីម​លី បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​កន្លង​ទៅ​ដោយ​សារ​តែ​ការ​បណ្តេញចេញ​កម្មករ​ជាងភ្លើង​កាលពី​ថ្ងៃ​ទី​៣០​តុលា។ ហើយ​ជម្លោះ​នេះ បាន​ក្លាយជា​បាតុកម្ម​ធំ​ឡើង​ៗ​ដែល​ក្រុម​កម្មករ​កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា​កន្លង​ទៅ​បាន​ប្រមូល​ផ្តុំ​តវ៉ា នៅ​ខាង​មុខ​ក្រសួង​ការងារ​ថែម​ទៀត​ផង​។

លោក វង្ស សុវណ្ណ អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បាតុកម្ម និង​កូតកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ បាន​លើក​ឡើង​ថា សំណើរ​របស់​ក្រុម​កម្មករ​ដែល​បាន​ទាមទារ គឺ​មាន​លក្ខណៈ​លើ​ពី​ច្បាប់​ដែល​មាន​ចែង​។ ហើយ​ការ​ទាមទារ​នេះ​គឺអាច​លំបាក​សម្រាប់​ការចរចា​ជាមួយ​ក្រុម​ភាគី​រោងចក្រ។ លោក វង្ស សុវណ្ណ បាន​គូស​បញ្ជាក់​ថា​ក្រសួង​កំពុង​បន្ត​សម្រប​សម្រួល​រវាង​ភាគី​ជម្លោះ​ទាំងពីរ​។ ប៉ុន្តែ​ក្នុង​ករណី​មិន​អាច​សម្រុះ​សម្រួល​បាន​នោះ ក្រសួង​ការងារ​នឹង​បន្ត​ករណី​នេះ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោះ​ស្រាយ​ជា​បន្ត​ទៀត​។

យ៉ាង​ណា​ក៏​ដោយ ក្រុម​កម្មករ​ដែល​បាន​ប្រមូល​ផ្តុះ​គ្នា​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា​នេះ បាន​រំសាយ​វិញ​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ