អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង ជួបជុំ​បង្សុកូល ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ នៅ​កោះ​ពេជ្រ

នៅ​រសៀល​ម៉ោង ២ ថ្ងៃ​សុក្រ ទី២១វិច្ឆិកា​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួបជុំ​ប្រារព្ធ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ នៅ​ស្ពាន​កោះ​ពេជ្រ។ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ សង់​រោង ៣ ប្រឡោះ ជាប់​ទីតាំង​ស្តូប នៅខាង​មុខ​អតីត​គល់​ស្ពាន​កោះ​ពេជ្រ ដើម្បី​ប្រារព្ធ​ពិធី ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បដិសេធ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង សាង​សង់រោង​នោះទេ ដោយ​ហេតុ​ថា អាជ្ញាធរ ត្រៀម​រៀប​ចំ​ប្រារព្ធ​ពិធី​បង្សុ​កូល ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​២២​វិច្ឆិកា​។

ពិការភាព និង​វិប្បដិសារី នៅ​តែ​តាម​យាយី​អ្នករងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​កោះពេជ្រ
ពិការភាព និង​វិប្បដិសារី នៅ​តែ​តាម​យាយី​អ្នករងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​កោះពេជ្រ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​លោក​ម៉ន​ផល្លា ប្រធាន​គណៈ​កម្មាធិការ​ប្រតិ​បត្តិ រាជធានី​ភ្នំពេញ បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​សង់​រោង ៣ ប្រ​ឡោះ ជាប់​ទីតាំង​ស្តូប នៅ​ខាង​មុខ អតីត​គល់​ស្ពាន​កោះ​ពេជ្រ ដើម្បី​ធ្វើ​ពិធី​បង្សុកូល ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​២០១0។ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រារព្ធ​ពិធី​ជួប​ជុំនោះ នៅ​ម៉ោង ២ រសៀល ថ្ងៃ​ទី​២១​វិច្ឆិកា​។

តាម​លិខិត​ចុះ​ថ្ងៃទី១៨វិច្ឆិកា ពិធី​ជួប​ជុំនោះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​សមរង្ស៊ី ប្រធាន និង​លោក​កឹម​សុខា អនុ​ប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយ​មាន​អ្នកចូលរួម​ប្រមាណ ១០០ នាក់។

ប៉ុន្តែ​លោក ឃួង ស្រេង អភិបាលរង រាជធានី​ភ្នំពេញ បានចេញ​លិខិត ចុះ​ថ្ងៃ​ទី​២០​វិច្ឆិកា មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សាង​សង់រោង​នោះទេ ដោយ​ហេតុ​ថា នៅ​ជាប់​ទីតាំង​ស្តូប​មុខ​អតីត​គល់ស្ពាន​កោះ​ពេជ្រ​នោះ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ត្រៀម​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ ស្លាប់ ៣៥៣ នាក់ និង​របួស ៣៩៦ នាក់ ដោយ​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ ថ្ងៃ​២២​វិច្ឆិកា ឆ្នាំ២០១១។ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​រៀប​ចំ​ពិធី​តាម​ទំនៀម​ទំលាប់ ប្រពៃណី សាសនា ដោយ​មាន​ការ​រាប់​បាត្រ និង​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ១០៨ អង្គ នៅ​ព្រឹក​ថ្ងៃ​២២​វិច្ឆិកា​។

លិខិត​របស់​អាជ្ញាធរ បញ្ជាក់​ថា ក្នុង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ មាន​បំណង​រៀបចំ​ពិធី​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល ជូន​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នោះ ថ្នាក់​ដឹក​នាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​រួម​ក្នុង​កម្មវិធី ដែល​រៀបចំ​ដោយ​សាលា​រាជធានី​ភ្នំពេញ។

ប៉ុន្តែ​លោក ម៉ន ផល្លា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់ថា គណបក្សប្រឆាំង នឹង​ជួបជុំ​ប្រារព្ធ​ពិធី​រយៈពេល​ខ្លី ដោយ​មិន​ធ្វើ​រោង នៅ​រសៀល​ថ្ងៃទី២១វិច្ឆិកា​នេះ ដោយ​និមន្ត​ព្រះសង្ឃ​បង្សុកូល ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ នៅ​ស្តូប​កោះ​ពេជ្រ។

ក្រៅពី​គោរព និង​ឧទ្ទិស​កុសល​ដល់​អ្នកស្លាប់ ក្នុង​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់ នៅ​ស្ពាន​កោះ​ពេជ្រ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​អ្នកទទួលខុសត្រូវ​លើ​ហេតុការណ៍ ស្លាប់​មនុស្ស​ជាង ៣០០ នាក់ ដើម្បី​បញ្ចប់​វប្បធម៌​និរទណ្ឌ​ភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ