អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គ្រោះថ្នាក់​ថ្មី​សម្រាប់​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​​យុវវ័យ​​​​​ដែល​កើត​​ក្រោយ​​សម័យ​​សង្គ្រាម​​ត្រូវ​គេ​​ចាត់​​ទុក​​ថា​​មាន​​សំណាង​​ខ្លាំង​ ណាស់​​​​​បើ​ធៀប​ទៅ​​នឹង​មនុស្ស​​សម័យ​​មុនៗ​​​ដែ​ល​​ភាគ​ច្រើន​​បាន​បាត់​​បង់​​ទាំង​​ស្រុង​​នូវ​ ​កុមារ​ភាព​​​ឬ​​យុវភាព​របស់​ខ្លួន​​ដោយសារ​សង្គ្រាម​ស៊ីវិល។យុវវ័យ​​សម័យ​​នេះ​កើត​​មក​​ដោយ​​មិន​បាន​រត់លូន​គេចគ្រាប់កាំភ្លើងដូច​ រៀមច្បងសម័យមុនឡើយ។ ប៉ុន្តែ យុវវ័យ​សម័យ​ថ្មីជា​ច្រើន​មិន​បាន​ទាញ​យក​​ប្រយោជន៍​​ពី​ស្ថានភាព​សន្តិភាព និងការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យបានសមស្របទេ។ តើហេតុ​អ្វីបានជាដូច្នេះ?

យុវជន​ខ្មែរ​សម័យ​ថ្មី
យុវជន​ខ្មែរ​សម័យ​ថ្មី © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

នៅកម្ពុជា សន្តិភាពពេញលេញទូទាំងប្រទេសទើបតែកើតឡើងចាប់ពីឆ្នាំ១៩៩៨តែ​ប៉ុណ្ណោះ​គឺបន្ទាប់ពីក្រុមខ្មែរក្រហមចុងក្រោយបានចុះចូលនិងធ្វើសមាហរ័ណកម្មទាំងស្រុងជាមួយ ​រដ្ឋាភិបាល។

យុវវ័យដែលធំដឹងក្តីឡើងក្នុងសម័យសន្តិភាពឬហៅថា«ក្មេងក្រោយសង្គ្រាម» មាន​សំណាង​ណាស់​ដោយ​ហេតុថា ពួកគេមិនត្រឹមតែមិនបានរត់លូនគេចពី​គ្រាប់​កាំភ្លើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេហាក់មានឱកាសច្រើនណាស់ក្នុងការទទួលយក​កាលានុវត្តភាពថ្មី។

ទោះជាយ៉ាងនេះក្តី យុវវ័យសម័យក្រោយសង្គ្រាមហាក់មិនបានទាញយកប្រយោជន៍ពីសម័យ​សន្តិភាពឲ្យបានសមស្របឡើយ។ ដើម្បីស្វែងយល់ពីបញ្ហានេះ​ គេត្រូវពិនិត្យមើលទិដ្ឋភាពពីរ​យ៉ាង​៖ ទី១ សម្រាប់កូនអ្នកមាន និងមធ្យម ពួកគេមានអ្វីៗគ្រប់យ៉ាង​គឺ​មានទាំង​ឱកាស ទាំង​ចំណី​អាហារដ៏សម្បូរបែប រីឯសាលារៀនក៏សម្បូរបែបដែរ។ ប៉ុន្តែ គួរឲ្យ​សោក​ស្តាយ ក្រុម​យុវវ័យ​​​​កូនអ្នកមានលទ្ធភាពទាំងនោះមួយចំនួនបែរជាបណ្តោយ​ខ្លួនឲ្យភាព​ភ្លើតភ្លើន​អូស​ទាញ​ទៅវិញ។

ទិដ្ឋភាពទី២ គឺសម្រាប់កូន​អ្នកទីទ័លក្រ ពួកគេក៏មិនអាចទាញ​យកប្រយោជន៍​ពីសន្តិភាព​និង​ការអភិវឌ្ឍន៍របស់​​ប្រទេសជាតិបានដែរពីព្រោះតែពួកគេស្ថិតនៅ​យ៉ាងឆ្ងាយពី​ការ​​អភិវឌ្ឍន៍​។​និយាយបែបផ្សេង កាលានុវត្តភាព​សង្គមបានដើរហួសទៅមុខយ៉ាងឆ្ងាយ​ចោល​ពួកគេបាត់​ទៅ​ហើយ។

ជាការពិតណាស់ មនុស្សដែលកើតសម័យសង្គ្រាម ជាពិសេសអ្នកដែលបានធំដឹងក្តីឡើងក្នុង​សម័យខ្មែរក្រហមបានបាត់បង់កុមារភាព ឬយុវភាពរបស់ខ្លួនស្ទើរតែទាំងស្រុង។ ពួកគេបានធំ​ដឹងក្តីឡើងនៅពេល​ដែល​ប្រទេសជាតិកំពុងធ្លាក់ក្នុងរបបទាសភាពរបស់​ខ្មែរក្រហម។ កុមារ​បាត់​​បង់​ការថ្នាក់ថ្នមពីឪពុក​ម្តាយ គ្មានចំណីអាហារគ្រប់គ្រាន់ គ្មានសាលា​រៀន។

លើសពីនេះ ពួកគេ​បានរងការរំលោភសិទ្ធិគ្រប់បែបយ៉ាង​ដូចជា​ការបង្ខំឲ្យធ្វើការ​បាក់​កម្លាំង និងការកាប់​សម្លាប់គ្មានត្រាប្រណី។ យ៉ាងណាក៏ដោយ យុវវ័យជាច្រើនដែលរួច​រស់​ជីវិត​ពី​របបខ្មែរក្រហម​បាន​ខិតខំកសាងអនាគតរបស់ខ្លួនសា​ជាថ្មីបើទោះបីជាកុមារភាព​របស់​ពួក​គេត្រូវបានបំផ្លាញ​ទាំងស្រុងដោយពួកខ្មែរក្រហមក្តី។ ពួកគេបានតស៊ូក្នុងស្ថានភាព​បាតដៃ​ទទេ​​ដើម្បី​បំពេញ​ក្រពះ​​​ផង និងដើម្បីរៀនសូត្រផងក្នុងស្ថានភាពដ៏អត្តខាត់បំផុត។

ប៉ុន្តែ ទីបំផុត មនុស្សជាច្រើន​បានទទួលជោគជ័យក្នុងជីវិត។ ចំណុច​ខ្លាំងរបស់យុវវ័យ​សម័យ​នោះ​​គឺ«ការតស៊ូ»នេះឯង។​

ងាកមកមើលយុវវ័យសម័យបច្ចុប្បន្នវិញ ពួកគេកើតមកក្រោមការថ្នាក់ថ្នម​ពី​ឪពុកម្តាយ មាន​ចំណីអាហារគ្រប់គ្រាន់ មានសាលារៀនក្បែរផ្ទះ និងមានសម្ភារៈប្រើប្រាស់​មិន​ខ្វះអ្វីឡើយ។

ប៉ុន្តែ ស្ថានភាព​ដ៏អំណោយផលនេះបែរជាធ្វើឲ្យ​យុវវ័យភាគ​ច្រើន​ខ្វះការតស៊ូទៅវិញ។ ពួកគេ​ពឹងពាក់យ៉ាងខ្លាំងទៅលើឪពុកម្តាយ ហើយយុវវ័យជាច្រើនបាននិងកំពុងបណ្តោយ​ខ្លួនឲ្យលង់​ក្នុងភាពភ្លើតភ្លើនទៅតាមសម័យកាលសម្ភារនិយម។ ពួកគេជាច្រើនប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗដូចជា សេពគ្រឿងញៀន ល្បែងហ្គែម ក្មេងទំនើង ​និងការវក់វីនឹង​ស្នេហា​​​​ខុស​​ប្រពៃណី​និងខុសវ័យជាដើម។ ​ភាពភ្លើតភ្លើនទាំងនេះបានជំរុញឲ្យពួកគេបំភ្លេច​ការ​​សិក្សា​ដែលជាគ្រឹះ​សម្រាប់អនាគតរបស់ខ្លួន និងរបស់ប្រទេសជាតិ។

ក្រុមអ្នកវិភាគ​និងតាមដានការវិវឌ្ឍន៍​សង្គមកម្ពុជាបានមើលឃើញមូលហេតុសំខាន់មួយចំនួន​ដូច​ខាង​ក្រោមៈ ទី១ គឺជាកំហុសរបស់ឪពុកម្តាយដែលខ្វះសមត្ថភាពក្នុងការតម្រង់ទិសកូន​។ ទី២ គឺដោយសារតែ​ប្រព័ន្ធ​អប់រំ​នៅមានកម្រិតទាប រត់មិនទាន់សភាពការណ៍ ទើបមិន​អាច​យក​​ឈ្នះ​លើ​ភាពភ្លើត​ភ្លើន​របស់យុវវ័យបាន និងទី៣ ផលវិបាកអវិជ្ជមាន​នៃ​ការអភិវឌ្ឍន៍​សង្គម​​ដែល​គ្មាន​ទស្សនវិស័យច្បាស់លាស់ ដែលទីបំផុតបានបណ្តាយឲ្យវប្បធម៌អាក្រក់​ពី​ខាងក្រៅ ​ក្នុង​សម័យ​សាកល​ភាវូបនីយកម្មវាយលុកយ៉ាងពេញទំហឹងមកលើសង្គមខ្មែរ​ដែលគ្មានរបាំងការពាររឹងមាំ​ដើម្បីទប់ទល់ឡើយ។

ស្ថានភាពនេះបានបណ្តោយឲ្យយុវវ័យខ្មែរជាច្រើនដែលជា«ទំពាំងស្នងឬស្សី»ទទួល​រង​គ្រោះ​ហើយ​បាន​ធ្លាក់​ក្នុង​សភាព​វិលវល់​មិនច្បាស់លាស់ ខណៈដែលពិភពលោក​កំពុង​វិវឌ្ឍ​ទៅ​រក​សម័យ​បច្ចេកវិទ្យា​ដ៏​កំពូល​បំផុត​​ទៅ​ហើយ​នោះ។ តើ​នេះ​មិនមែន​ជា​គ្រោះថ្នាក់​របស់​​យុវវ័យ​សម័យ​​​ក្រោយ​​សង្គ្រាម​ទេឬ? តើ​​គេអា​ចស្រមៃឃើញយ៉ាងដូចម្តេចពីអនាគតសង្គមខ្មែរ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ