ព្រហស្បតិ៍ 26 សីហា 2010
នីតិវិធី​ក្នុង​ការ​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ
ដោយ សេង ឌីណា

នៅ​ក្នុង​នាទីយល់ដឹង​អំពីច្បាប់ នៅថ្ងៃ​ព្រហស្បតិ៍នេះ សេង ឌីណា នឹង​ពន្យល់​​អំពី​នីតិវិធី​នៃ​ការ​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ដោយ​មាន​អន្តរាគមន៍​ពីសំណាក់​មន្រ្តី​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​ ក្រុងភ្នំពេញ។

អត្តសញ្ញាណប័ណ្ណ គឺ​ជា​លិខិត​សម្គាល់ថា​ជាពលរដ្ឋ​ខ្មែរ ហើយ​មានប្រយោជន៍ សម្រាប់ការ​ប្រើប្រាស់ ក្នុងការ​បំពេញ​បែបបទ​ផ្សេងៗ​ទៅតាម​ការ​កំណត់​នៃ​ច្បាប់ ដូចជា៖ ចុះឈ្មោះ​បោះឆ្នោត ឈរឈ្មោះបោះឆ្នោត សុំរៀបអាពាហ៍ពិពាហ៍ សុំធ្វើ​សំបុត្រ​កំណើតកូន សុំធ្វើការងារ សុំប្រកបអាជីវកម្ម សុំធ្វើ​លិខិតឆ្លងដែន សុំធ្វើ​ម្ចាស់កម្មសិទ្ធិលើ​អចលនទ្រព្យ ។ល។ និង ។ល។

យោង​តាមប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះខែ​កក្កដា ២០០៧ ប្រជាពលរដ្ឋ​ដែល​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណបាន ត្រូវមាន​អាយុ​ ចាប់​ពី​១៥​​ឆ្នាំ​ឡើងទៅ ហើយ​​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​មាន​សុពលភាព​រយៈពេល ១០ឆ្នាំ។ នៅពេល​ផុតសុពលភាព សាម៉ីខ្លួន​ត្រូវ​ស្នើសុំ​ធ្វើ​សាជាថ្មីឡើងវិញ។
 
ប្រកាស​របស់​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​នីតិវិធី​ពិសេស​មួយ​ ក្នុង​ការ​រៀបចំ​ចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ នៅ​ទូទាំង​ប្រទេស។ ​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​​តាម​នីតិវិធី​ពិសេស​នេះ គឺ​ធ្វើ​ឡើង​តាម​គំនិត​ផ្តួចផ្តើម​​របស់​​​មន្រ្តី​មាន​សមត្ថកិច្ច ហើយ​ធ្វើ​ឡើង​ដល់​ប្រជាពលរដ្ឋ​​ជាក្រុមៗ តាមរយៈ​ស្ថានីយ៍​ចល័ត នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ។
 
នៅ​ក្នុង​នីតិវិធី​បែបនេះ ប្រជាពលរដ្ឋ​មិនចាំបាច់​ដាក់ពាក្យសុំ​ទៅ​អាជ្ញាធរ​នោះទេ។ គឺ​ខាង​អាជ្ញាធរ​ទៅវិញ​ទេ ដែល​ជា​អ្នក​ចេញ​លិខិត​អញ្ជើញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កាន់ស្ថានីយ៍​ចល័ត ដើម្បី​រៀបចំ​សំណុំបែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ។
 
ប្រជាពលរដ្ឋ​ដែលមានឈ្មោះ​ត្រូវ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ ត្រូវ​ទៅ​កាន់​​កន្លែង​ធ្វើ ​ដោយ​ផ្ទាល់​ខ្លួន ដើម្បី​បំពេញ​សំណុំបែបបទ ថត​រូប និង​ផ្តិត​ស្នាម​ក្រយ៉ៅដៃ ហើយ​ត្រូវ​នាំ​ទៅជាមួយ​នូវ​ឯកសារ​សំខាន់ៗ​មួយចំនួន ដែល​បញ្ជាក់​អំពី​សញ្ជាតិខ្មែរ។ ឯកសារ​ទាំងនោះ​រួមមាន៖ សំបុត្រកំណើត និង​សៀវភៅ​ស្នាក់នៅ​ (ក២) ឬ​សៀវភៅ​គ្រួសារ (ក៤)។
ក្នុង​​​ករណីពិសេស​ខ្លះ សាម៉ី​អ្នក​សុំ​​អាច​ផ្តល់​នូវ​ឯកសារ​ផ្សេង​ ដើម្បី​បញ្ជាក់ពី​សញ្ជាតិ​ខ្មែរ ដូចជា៖
 

  • សេចក្តីសម្រេច​ទទួលស្គាល់​តាមផ្លូវច្បាប់​នៃ​ការ​ធ្វើ​សញ្ជាតូបនីយកម្ម ឬ​​ការទាមទារ​សញ្ជាតិ សម្រាប់​ជនបរទេស ដែល​បាន​ចូល​សញ្ជាតិខ្មែរ​។
  • សាលក្រម​តុលាការ ឬ​ឯកសារ​ផ្លូវការផ្សេងទៀត ដែល​អាច​បញ្ជាក់ថា សាម៉ីជន​ពិតជា​កើត​ពី​ឱពុក ឬ​ម្តាយ​ដែល​មាន​សញ្ជាតិខ្មែរ​មែន ជាពិសេស សម្រាប់​អ្នក​ដែល​កើ​ត​នៅបរទេស ប៉ុន្តែ មាន​ឱពុក ឬម្តាយ​ ​ជាសញ្ជាតិខ្មែរ។

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ អភិបាល​ខេត្ត-ក្រុង​មានភារកិច្ច​ទទួលខុសត្រូវ​លើ​ដំណើរការ​ផលិត​អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​ទាន់ពេលវេលា ក្នុង​រយៈពេល ៣០ថ្ងៃ គិត​​ចាប់​ពីថ្ងៃ​បំពេញបែបបទ រហូតដល់​ថ្ងៃ​ចែកជូនប្រជាពលរដ្ឋ​ប្រើប្រាស់។
 
រហូតមកទល់ពេលនេះ ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជាក្រុម នៅតែបន្តធ្វើ​វិលជុំ ពីឃុំ-សង្កាត់មួយ ទៅ​ឃុំ-សង្កាត់មួយ ហើយ​ធ្វើ​ឡើង​ដោយ​ឥតគិតថ្លៃ។ ប្រសិនបើ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជាក្រុម ត្រូវ​បាន​គេ​ធ្វើ​ហួស​ទៅ​សង្កាត់​ផ្សេង​​​ទៅហើយ អ្នក​ដែល​ចង់​​បាន​អត្តសញ្ញាណប័ណ្ណ​អាច​ធ្វើការ​ស្នើសុំ​ដាច់ដោយឡែក​តែឯងបាន។
 
គួរបញ្ជាក់បន្ថែម​ថា ដើម្បី​សុំ​អត្តសញ្ញាណប័ណ្ណ​បាន គេ​ត្រូវមាន​សំបុត្រ​កំណើត​ជាមុន។ ដូច្នេះ សម្រាប់​អ្នក​ដែល​កើត​មុន​ពេល ឬ​ក្នុង​ពេល​ស្រុក​មាន​សង្រ្គាម ហើយ​មិន​បាន​ចុះសំបុត្រ​កំណើត​ ឬ​ក៏​បាន​ចុះ​ដែរ​ ក៏ប៉ុន្តែ សំបុត្រ​កំណើត​ត្រូវបាត់បង់​អស់ អ្នក​ទាំងនោះ​ត្រូវ​ទៅ​សុំ​សំបុត្រ​បញ្ជាក់​កំណើត​ជាមុនសិន មុននឹង​ទៅសុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ។
 
ការ​សុំ​សំបុត្រ​បញ្ជាក់​​កំណើត​​ត្រូវ​ធ្វើ​​នៅ​សាលាឃុំ-សង្កាត់ ដែល​​សាម៉ី​អ្នកសុំ​​មាន​ទីលំនៅ​ជាប់លាប់បច្ចុប្បន្ន។ អ្នកសុំ​​ត្រូវមាន​សាក្សី​​ចំនួន ២នាក់ ដែល​ជា​នីតិជន ហើយ​ដែល​បាន​ស្គាល់​ច្បាស់​ពី​ប្រវត្តិ​របស់​អ្នកសុំ និង​ធ្លាប់​រស់​នៅ​ក្នុង​ភូមិ ឃុំ ឬ​សង្កាត់​ជាមួយ​ ពីពេល​ដែល​សាម៉ីខ្លួន​កើត៕

ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (5)

ការធ្វើអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋ

្្ជជុំវិញការធ្វើអត្តសញ្ញាណប័ណ្ណនៅតាមភូមិ ឃុំ ខ្ញុំបាទសង្កេតឃើញថាវាជាការល្អប្រសើរណាស់ ក៏ប៉ុន្តែ ភ្នាក់ងារមានសមត្ថកិច្ចគួរតែអនុវត្ត ការងារនេះអោយមានប្រសិទ្ធភាពបន្តិចផង ពីព្រោះការធ្វើអត្តសញ្ញាណប័ណ្ណមានលក្ខណៈ ជាប្រព័ន្ធបែបនេះ គឺមានការយឺតយ៉ាវខ្លាំងណាស់ ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ ជូនកាលរយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ ឬ យូរជាងនេះទៅទៀត ប្រជាពលរដ្ឋពុំបានទទួល អត្តសញ្ញាណប័ណ្ណរបស់ពួកគាត់នោះឡើយ ។ តែប្រសិនបើពួកគាត់ចង់ស្រាវជ្រាវរកអត្តសញ្ញាណប័ណ្ណដែលពួកគាត់​បានធ្វើ គឺត្រូវទៅទំនាក់ទំនងនៅឯការិយាល័យអត្តសញ្ញាណប័ណ្ណជូនកាលរកឃើញ ហើយជូនកាលរកពុំឃើញ តែបើរកឃើញវិញ គឺត្រូវអស់ម្នាក់ៗ ១០ ដុល្លា ឬ ច្រើនជាងនេះទៀតផង ខ្ញុំពុំបានដឹងថាតើនេះជានីតិវិធីនៃសេវាសាធារណៈ របស់ពួកគាត់(មន្ត្រីមានសមត្ថកិច្ចជំនាញ)នោះទេ​ ពីព្រោះខ្ញុំពុំបានដឹងពីការលំបាក ការខ្វះខាតរបស់ពួកគាត់ ស្រេចតែឯកឧត្តម លោកជំទាវ លោក លោកស្រី ជួយពិចារណាទៅចុះ ។ តែពួកគាត់គួរតែមានវិធានការណ៍គ្រ​ប់គ្រងសេវានេះអោយបានល្អ ធ្វើការចែកចាយដល់ប្រជាពលរដ្ឋអោយបានរហ័ស កុំទុកតម្កល់ដើម្បីលាភសក្ការៈ ត្រូវគិតដល់ប្រជាពលរដ្ឋយើងផង ជួយសំរួលដល់ពួកគាត់ផង បើពួកគាត់បានដឹងដូចខ្ញុំវាមិនសូវលំបាកទេ តែបើគាត់មិនដឹងវិញនោះ គឺ មិនដឹងធ្វើយ៉ាងណាអោយបានមកប្រើប្រាស់ទេ ។ ដូចជាខ្លឹមសារនៃកម្មវត្ថុបានលើកឡើងថា អត្តសញ្ញណប័ណ្ណ គឺមានសារៈសំខាន់ណាស់ចំពោះប្រជាពលរដ្ឋទាំងអស់ ក្នុងការរស់នៅ ។ ខ្ញុំមានយោបល់មួយ ដើម្បីគ្រប់គ្រងការធ្វើអត្តសញ្ញាណប័ណ្ណអោយមានប្រសិទ្ធភាព គឺ ៖
១. ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំទាំងអស់ត្រូវតែទៅធ្វើ​អត្តសញ្ញាណប័ណ្ណកុំបីខាន (មិនធ្វើ មិនបាន ត្រូវផាកពិន័យ)។
២. ប្រជាពលរដ្ឋទាំងអស់ត្រូវបានទទួលអត្តសញ្ញាណប័ណ្ណនោះមកប្រើប្រាស់ ក្នុងកំឡុងពេលយ៉ាងយូរ រយៈពេល ១ ខែ ។
៣. បើមានការបាត់បង់ ត្រូវផ្តល់ភាពងាយស្រួលក្នុងការសហការចំពោះពួកគាត់ ។
៤. ចំពោះតម្លៃសេវាសាធារណៈដែលជាទម្លាប់ខុសពីច្បាប់ ពុំគួរយកពីប្រជាពលរដ្ឋ​ច្រើនពេកទេ ។
៥....។ល។
សូមអស់លោកជួយគិតវិភាគរឿងមួយតាមឧទាហរណ៍ ល៏មើល ៖
មានអំពើឃាតកម្មមួយកើតឡើង ែដលជនល្មើសបានទុកនូវស្នាមម្រាមដៃទាំងអស់ជាភស្តុតាង តាមស្នាមមេដៃទាំងអស់បញ្ជាក់ថាជនល្មើសជាមនុស្សអាយុលើសពី ២០ ឆ្នាំ ។ នៅកន្លែងកើតហេតុពុំបានបន្សល់ទុកនូវភស្តុតាងណាផ្សេង ឬ សាក្សីទេ ។
តើមានវិធានការយ៉ាងណាដើម្បីកំណត់អត្តសញ្ញាណរបស់ជនល្មើស បើជនល្មើសមិនមាននៅក្នុងបញ្ជីគ្រប់គ្រងអត្តសញ្ញាណប័ណ្ណទេនោះ។
សូមអគុណដែលបានអានមតិនេះ សូមអស់យោបល់ ។

ខ្ញុំបាទឈ្មោះ ទ្រី សោភណ្ឌ័

ខ្ញុំបាទឈ្មោះ ទ្រី សោភណ្ឌ័ ជានិស្សិតនៃសាកលវិទ្យាមួយនៅក្នុងរាជធានីភ្នំពេញ
ដែលទីលំនៅខេត្តកំពង់ចាម
ស្រុកក្រូចឆ្មា
ឃុំ រការខ្នុរ
ខ្ញុំបាទ បានធើ្វអត្តសញ្ញាណបណ័ កាលពីឆ្នាំ ២០១០ មកដល់ឥឡូវ ប្រហែលជា ជិតមួយឆ្នាំហើយ នៅតែមិនបានទទួលទៀត។ ហើយក៏មិនមែនមានតែខ្ញុំមួយនាក់នោះទេ គឺមាន បងប្អូន ញាតិមិត្ត ជិតខាងជាច្រើនទៀត។
ដូចដែលលោកអ្នកបានជ្រាបតាមអត្តន័យក្នុងខ្លឹមសារខាងលើ។
ដូច្នោះ សូមលោកអ្នកជួយវិភាគមើលទៅតាមការគួរ។

រាល់ការស្នើសុំអត្តសញ្ញាណប័ណ្ណ

រាល់ការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អជ្ញាធរតែងតែទារប្រាក់ចំនួន៥០ដុល្លា។ តើនេះជាការត្រឹមត្រូវតាមច្បាប់ឬទេ?

ខ្ញុំសង្កេតឃើញថា​

ខ្ញុំសង្កេតឃើញថា​ ច្បាប់ទាំងឡាយនៅប្រទេសខ្មែរ មានប្រសិទ្ធិភាពណាស់តែចំពោះប្រជាជនធម្មតាបុណ្ណោះ
តែបើ​ចំពោះអ្នកមានអំណាច និង អ្នកមានឥទ្ធិពលវិញ!!!!!!!!?
មន្រ្តីរាជការ មួយចំនួន កាន់ច្បាប់ តែឃើញខុសច្បាប់ ធ្វើមិនដឹងមិនឮ ព្រោះលុយបិទមាត់ ​និងខ្លាចអត់កៅអីអង្គុយ

lateness of issue the Id card for cambodian

I'm one of the cambodia who did the Id card since last June at Boeng
kang keng District office....!!Up to now i still not yet recevie the
Id card..!!What ashamed for the authority???Sometime the place that i attended ask me for Id card....!!!It bad habit of cambodian or it is the lateness due to the Technician problem???

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close