សំណួរ-ចម្លើយស្តីពីដំណើរការកាត់ទោសអតីតមេខ្មែរក្រហម

តាមរយៈកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ អង្គជំនុំជម្រះវិសាមញ្ញមួយត្រូវបានបង្កើតឡើង នៅក្នុងតុលាការកម្ពុជា ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ អង្គជំនុំជម្រះវិសាមញ្ញនេះ បានចាប់ដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៦មក។
ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយគន្លឹះ ដើម្បីយល់អំពីដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
១. តើអ្នកណាខ្លះនឹងត្រូវប្រឈមមុខនឹងការជំនុំជម្រះ?
យោង តាមច្បាប់ស្តីពីការបង្កើតតុលាការខ្មែរក្រហម បុគ្គលដែលនឹងត្រូវយកមកជំនុំជម្រះនៅតុលាការខ្មែរក្រហមមាន ពីរប្រភេទ គឺ “មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះបទឧក្រិដ្ឋដែលប្រព្រឹត្តិ នៅចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩។ ដូចនេះ កូនទាហានខ្មែរក្រហមតូចតាចដែលធ្វើតែតាមបញ្ជាថ្នាក់លើនោះ នឹងមិនត្រូវយកមកជំនុំជម្រះនោះទេ។
មកទល់ពេលនេះ មានអតីតមេដឹកនាំខ្មែរក្រហមចំនួន ៥នាក់ ហើយដែលត្រូវបានតុលាការធ្វើការចោទប្រកាន់ ក្នុងនោះរួមមាន៖
នួន ជា អនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានគេស្គាល់ថា ជាបងទីពីរ បន្ទាប់ពីប៉ុល ពត។
ខៀវ សំផន ប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។
អៀង សារី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃកម្ពុជាប្រជាធិបតេយ្យ។
អៀង ធីរិទ្ធិ (ប្រពន្ធអៀង សារី) រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៃកម្ពុជាប្រជាធិបតេយ្យ។
កាំង ហ្កេចអ៊ាវ ហៅ ឌុច ប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែង។
២. តើត្រូវជំនុំជម្រះលើបទឧក្រិដ្ឋអ្វីខ្លះ?
បទល្មើស ដែលចូលក្នុងសមត្ថកិច្ចរបស់តុលាការខ្មែរក្រហមរួមមាន៖ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ បទឧក្រិដ្ឋប្រព្រឹត្តិលើមន្រ្តីទូត ដែលទទួលបានការការពារពីអនុសញ្ញាក្រុងវីយ៉ែនស្តីពីទំនាក់ទំនង ការទូត និងបទល្មើសផ្សេងទៀត ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌរបស់កម្ពុជាឆ្នាំ១៩៥៦។
៣. ហេតុអ្វីបានជាត្រូវកាត់ទោសអតីតមេខ្មែរក្រហមទាំងនេះ?
៣០ ឆ្នាំក្រោយពីការដួលរលំនៃរបបខ្មែរក្រហម ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានគេមើលឃើញពីសារប្រយោជន៍ផ្សេងៗគ្នា ដូចជា ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ទាំងអ្នកដែលបានបាត់បង់ជីវិតទៅ ទាំងអ្នកនៅរស់ដល់សព្វថ្ងៃនេះ។ ដើម្បីឲ្យជនរងគ្រោះបានធូរស្បើយពីមុខរបួសកាលពីអតីតកាល។ ដើម្បីលុបបំបាត់នូវវប្បធម៌និទណ្ឌភាព។ ដើម្បីពង្រឹងការគោរពច្បាប់ និងនីតិរដ្ឋ។ ដើម្បីជួយឲ្យក្មេងជំនាន់ក្រោយអាចដឹងការពិតទាក់ទងនឹងអ្វីដែល បានកើតឡើង នៅក្រោមរបបខ្មែរក្រហម។ ដើម្បីបិទទំព័រចាស់នៃប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះ ហើយបើកទំព័រថ្មី ឆ្ពោះទៅរកការផ្សះផ្សារគ្នា និងការកសាងសង្គមជាតិឡើងវិញ។ មានមតិជាច្រើនយល់ឃើញថា ដើម្បីឲ្យមានការផ្សះផ្សារមួយបាន គេចាំបាច់ត្រូវតែរកយុត្តិធម៌ជូនដល់ជនរងគ្រោះជាមុនសិន។
៤. តើជនជាប់ចោទអាចនឹងត្រូវទទួលទោសអ្វីខ្លះ?
ជន ជាប់ចោទណា ដែលត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាព អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់អស់មួយជីវិត។ ប៉ុន្តែ នឹងគ្មានទោសប្រហារជីវិតនៅក្នុងតុលាការខ្មែរក្រហមទេ ព្រោះថា តុលាការនេះត្រូវគោរពទៅតាមច្បាប់ជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ហាមឃាត់មិនឲ្យមានទោសប្រហារជីវិត។
ក្រៅពីទោសជាប់ពន្ធនាគារ ពិរុទ្ធជនអាចនឹងត្រូវរដ្ឋរឹបអូសយកទ្រព្យសម្បត្តិណា ដែលបានមកពីបទឧក្រិដ្ឋរបស់គេ។
៥. តើអ្នកណាខ្លះអាចដាក់ពាក្យបណ្តឹងបាន?
សហ ព្រះរាជអាជ្ញា ដែលមានពីររូបចៅក្រមខ្មែរមួយ និងចៅក្រមបរទេសមួយ គឺជាអ្នកមានអំណាចធ្វើបណ្តឹងអាជ្ញា។
ជនរងគ្រោះអាចដាក់ពាក្យ បណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីបាន នៅគ្រប់ដំណាក់កាលនៃនីតិវិធី រហូតដល់ពេលចាប់បើកសវនាការជំនុំជម្រះ។
៦. តើអ្នកណាជាអ្នកជំនុំជម្រះ?
ការជំនុំជម្រះត្រូវធ្វើ ឡើងដោយចៅក្រម ៥រូប នៅសាលាដំបូង (៣រូបជាចៅក្រមខ្មែរ និង២រូបជាចៅក្រមបរទេស) និង ៧រូប នៅតុលាការកំពូល (៤រូបជាចៅក្រមខ្មែរ និង៣រូបជាចៅក្រមបរទេស)។
ចៅក្រមខ្មែរ ត្រូវបានតែងតាំងឡើងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ចំណែកចៅក្រមបរទេសវិញ ក៏ត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែរ តែតាមសំណើរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
៧. តើដំណើរការកាត់ទោសនេះនឹងត្រូវចំណាយពេលប៉ុន្មាន និងលុយប៉ុន្មាន?
ដំណើរ ការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមត្រូវបានកំណត់ពេល ៣ឆ្នាំ។ ថវិកាក៏ត្រូវបានកំណត់សម្រាប់តែរយៈពេល៣ឆ្នាំនេះដែរ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ដំណើរការកាត់ទោសនេះបានចាប់ផ្តើមជិត២ឆ្នាំទៅហើយ តែទើបតែបានបញ្ចប់ការស៊ើបអង្កេតលើមួយករណីប៉ុណ្ណោះ គឺករណីរបស់ ឌុច។ តុលាការខ្មែរក្រហមកំពុងតែស្វះស្វែងឲ្យមានការពន្យារពេល និងរកថវិកាបន្ថែម។
ដំណើរការកាត់ទោសរយៈពេល៣ឆ្នាំ ដែលបានគ្រោងទុក ពីដំបូង នឹងត្រូវចំណាយថវិកាអស់ ៥៦,៣លានដុល្លារ ក្នុងនោះ មានប្រមាណជា៦០%ត្រូវយកចំណាយផ្នែកបុគ្គលិក។ បច្ចុប្បន្ននេះ តុលាការខ្មែរក្រហមកំពុងតែស្វែងរកថវិកាបន្ថែម។
៨. តើដំណើរការកាត់ទោសនេះមានដំណាក់កាលអ្វីខ្លះ?
សហព្រះរាជអាជ្ញា គឺជាអ្នកមានភារៈធ្វើការអង្កេតបឋម ដើម្បីកំណត់ជនសង្ស័យ។ នៅពេលដែលសហព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យហើយ សហព្រះរាជអាជ្ញានឹងចេញដីកាបញ្ជូនរឿងទៅឲ្យសហចៅក្រមស៊ើបអង្កេតជា អ្នកបើកការស៊ើបអង្កេត។
សហចៅក្រមស៊ើបអង្កេត ដែលមានសមាសភាពជាចៅក្រមខ្មែរ១រូប និងចៅក្រមបរទេស១រូបដែរនោះ គឺជាអ្នកមានភារៈធ្វើការស៊ើបអង្កេត។
នៅពេលបិទបញ្ចប់ការ ស៊ើបអង្កេត ប្រសិនបើសហចៅក្រមស៊ើបអង្កេតរកឃើញថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើជនជាប់ចោទ សហចៅក្រមនឹងចេញដីកាបញ្ជូនរឿងទៅឲ្យអង្គជំនុំជម្រះសាលាដំបូង ដើម្បីបើកសវនាការជំនុំជម្រះ។
នៅសាលាដំបូង សេចក្តីសម្រេចអាចធ្វើទៅបាន លុះត្រាតែមានចៅក្រម ៤រូប (ក្នុងចំណោម ៥រូប) យល់ព្រម។
ប្រសិនបើជនជាប់ជោទ ឬសហព្រះរាជអាជ្ញាជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូង ពួកគេអាចប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល (តុលាការខ្មែរក្រហមគ្មានសាលាឧទ្ធរណ៍នោះទេ)។ តុលាការកំពូលមានសមត្ថកិច្ចពិនិត្យទាំងអង្គច្បាប់ និងអង្គហេតុ។ សេចក្តីសម្រេចអាចធ្វើទៅបានលុះត្រាតែមានចៅក្រម ៥រូប (ក្នុងចំណោម ៧រូប) យល់ព្រម។ សេចក្តីសម្រេចរបស់តុលាការកំពូលគឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
នៅ ក្នុងករណីមានវិវាទរវាងសហព្រះរាជអាជ្ញាទាំងពីរ ឬរវាងសហចៅក្រមស៊ើបអង្កេតទាំងពីរ ឬករណីតវ៉ាជំទាស់នឹងសេចក្តីសម្រេចចេញដោយសហព្រះរាជអាជ្ញា ឬសហចៅក្រមស៊ើបអង្កេត អង្គបុរេជំនុំជម្រះគឺជាអ្នកមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទ នេះ។ សមាសភាព និងនីតិវិធីក្នុងការសម្រេចសេចក្តីរបស់អង្គបុរេជំនុំជម្រះមាន លក្ខណៈដូចគ្នាទៅនឹងអង្គជំនុំជម្រះសាលាដំបូងដែរ។ ក៏ប៉ុន្តែ សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះគឺជាសេចក្តីសម្រេចបិទផ្លូវ តវ៉ា។
៩. តើសវនាការកាត់ទោសនឹងត្រូវរៀបចំធ្វើនៅទីណា?
រាល់ សវនាការនឹងត្រូវរៀបចំធ្វើជាសាធារណៈ (លើកលែងតែក្នុងករណីពិសេសដែលត្រូវធ្វើជាសម្ងាត់) នៅក្នុងទីតាំងតុលាការខ្មែរក្រហម ស្ថិតនៅជាយក្រុងភ្នំពេញ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គឺជាទីតាំង ដែលកាលពីដំបូងត្រូវបានសង់ឡើង សម្រាប់ធ្វើជាទីស្នាក់ការអគ្គបញ្ជាការដ្ឋាននៃកងទ័ពជាតិ។
១០. តើអ្នកដែលត្រូវកាត់ឲ្យជាប់ទោសហើយអាចសុំការលើកលែងទោសបានដែរ ឬទេ?
រាជរដ្ឋាភិបាលកម្ពុជាមិនអាចសុំការលើកលែងទោស ឬការអនុគ្រោះទោសដល់ជនទាំងឡាយណា ដែលត្រូវបានកាត់ទោសដោយតុលាការខ្មែរក្រហមនោះឡើយ។ ចំពោះវិសាលភាពនៃការលើកលែងទោស ឬការអនុគ្រោះទោស ដែលត្រូវបានផ្តល់នៅមុនដំណើរការនៃតុលាការពិសេសនេះ គឺត្រូវទុកឲ្យចៅក្រមនៃតុលាការខ្មែរក្រហមជាអ្នកសម្រេច៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati




