អានតួអត្ថបទ
កម្ពុជា

សវនាការ​​សំណុំ​រឿង ០០២​វគ្គ​​ទី​២ បន្ត​​ជាប់​គាំង​​ដោយ​សារ​​ជន​ជាប់​ចោទ​​ធ្វើ​ពហិការ​

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នួន ជា និង​ខៀវ សំផន នៅតែ​រក្សា​ជំហរ​មិន​ចូលរួម​សវនាការ​សំណុំរឿង ០០២វគ្គ​ទី២​ទេ ប្រសិន​បើ​សំណើ​កូន​ក្តី របស់​ពួកគេ មិន​ត្រូវ​បាន​ដោះស្រាយ។ ជន​ជាប់​ចោទ នួន ជា ទាមទារ​ផ្លាស់ប្តូរ​ចៅក្រម​កាត់ក្តី​ទាំង ៤​រូប ខណៈ​ដែល​ជន​ជាប់​ចោទ ខៀវ សំផន ទាមទារ​ពេលវេលា សម្រាប់​ធ្វើ​សា​រណា​បណ្តឹង​សារ​ទុក្ខ​សំណុំរឿង ០០២​វគ្គ​ទី​១។

ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម។
ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម។ ©REUTERS/Mark Peters/ECCC/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​រៀបចំ​សវនាការ​របស់​សំណុំរឿង​០០២ វគ្គ​ទី​២ រវាង​សាលាក្តី ជាមួយ​សហ​មេធាវី​ការពារ​ជន​ជាប់ចោទ កាល​ពី​ថ្ងៃ​ទី ២៨​តុលា មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ទេ។ សហ​មេធាវី​ការពារ​ក្តី​ជន​ជាប់ចោទ នួន ជា និង ខៀវ សំផន នៅ​តែ​រក្សា​ជំហរ​តាម​សំណើ​របស់​កូនក្តី​ដដែល​ថា ពួកគេ​មិន​អាច​ចូលរួម​សវនាការ​សំណុំ​រឿង ០០២ វគ្គ​ទី​២បាន​ទេ ប្រសិន​បើ​ការ​ទាមទារ របស់ខ្លួន​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​នោះ។

នួន ជា បង​ធំ​ទី​២ ក្នុង​របប​ខ្មែរ​ក្រហម បានដាក់​ពាក្យ​បណ្តឹង ដិត​ចិត្ត ដើម្បី​សុំ​ផ្លាស់ប្តូរ​ចៅក្រម​កាត់​ក្តី ៤​រូប​គឺ លោក និល ណុន លោក យ៉ា សា​ខន លោក យូរ ឧត្តរា និង​ចៅក្រម​ជនជាតិ​បារាំង​លោក Jean-Marc Lavergne។ លោក នួន ជា បាន​ចោទ​ចៅ​ក្រម​ទាំង ៤​រូបនេះ​ថា​លម្អៀង និង​ខ្វះ​ឯករាជ្យភាព ក្នុង​ការ​កាត់ក្តី។

លោក សុន អរុន សហ​មេធាវី​ការពារ​ក្តី​លោក នួន ជា​បាន​ថ្លែង​បញ្ជាក់​ជំហរ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ដរាប​ណា​ការ​ទារ​ម​ទារ​ផ្លាស់ប្តូរ​ចៅក្រម មិន​ទាន់​បាន​ដោះស្រាយ​ទេ លោក​មិនអាច​ចូលរួម​សវនាការ​សំណុំរឿង ០០២​វគ្គ​ទី​២​បានទេ ពីព្រោះ​កូនក្តី​របស់លោក​មិនអាច​ទទួលយក​ចៅក្រម ដែល​បាន​កាត់ទោស​គាត់​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​រួច​ហើយ​នោះ​មក​បន្ត​កាន់​សំណុំរឿង​មួយ​នេះ​បាន​ទៀតឡើយ។

លោក គង់ សំអុន សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ខៀវ សំផន មិន​អាច​ទាក់ទង បាន​ទេ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ លោក​ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ថា ដរាប​ណា​សារ​ណា​បណ្តឹង​សារទុក្ខ ក្នុង​សំណុំរឿង ០០២​វគ្គ​ទី​១ មិន​ទាន់​ចប់​ទេ កូន​ក្តី​របស់ខ្លួន គឺ​លោក ខៀវ សំផន គ្មាន​ពេល​សម្រាប់​រៀបចំ​សវនាការ​សំណុំរឿង ០០២​វគ្គទី​២​នោះ​ឡើយ។

សូមបញ្ជាក់ថា សហ​មេធាវី​ការពារ នួន ជា និង ខៀវ សំផន បាន​នាំ​គ្នា​ដើរ​ចេញ​ពី​សវនាការ កាល​ពី​ថ្ងៃ​ទី​១៧​តុលា។ ពួកគេ ក៏​បាន​ពហិការ មិន​ចូលប្រជុំ​នៅ​ថ្ងៃ​ទី​២១​តុលា​តាម​ការ​កោះអញ្ជើញ របស់​សាលាក្តី​ដែរ។ យ៉ាងណាក៏ដោយ សហ​មេធាវី​ការពារ​ជនជាប់ចោទ បាន​យល់ព្រម​ចូល​ប្រជុំ កាល​ពី​ថ្ងៃ​ទី​២៨​តុលា បន្ទាប់​ពី​ការ​ព្រមាន​របស់​តុលាការ។

យ៉ាងណា​ក៏​ដោយ កិច្ច​ប្រជុំ​ចុង​ក្រោយ​នេះ ក៏​មិន​បាន​ធ្វើ​ឲ្យ​សហ​មេធាវី​ផ្លាស់ប្តូរ​ជំហរ​ដែរ។ ប្រឈមមុខ​នឹង​បញ្ហា​នេះ សហ​ព្រះរាជអាជ្ញា បានស្នើ​ឲ្យ​តុលាការ​ពិចារណារ​កមេ​ធា​វី​បម្រុង។ ប៉ុន្តែ លោក នួន ជា បាន​បដិសេធ​រួច​ជា​ស្រេច​ថា នឹង​មិន​ព្រម​ទទួល​យក​មេធាវី​ថ្មី​ណា​ម្នាក់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ