អានតួអត្ថបទ
កម្ពុជា

យុវជន​ត្រូវ​បាន​ផ្តល់​ឳកាស​មួយ​ផ្នែក​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដី​ធ្លី​និង​លំនៅ​ស្ថាន

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​១៤​ស្ថាប័ន​ សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ និង​នគរូប​នីយកម្ម​និង​សំណង់​ បាន​រៀប​ចំ​វេទិកា​ថ្នាក់​ជាតិ​មួយ​ នៅ​ថ្ងៃ​ទី​២៧​តុលា​នេះ ​ស្តី​ពី​ ​ដី​ធ្លី​ និង​លំនៅ​ស្ថាន។ វេទិកា​នេះ ​ក៍​បាន​ផ្តល់​តួនាទី​មួយ​ផ្នែក​អោយ​យុវជន​ ចូល​រួម​ស្វែងរក​ដំណោះ​ស្រាយ​លើ​បញ្ហា​ជម្លោះ​ដីធ្លី​ និង​លំនៅ​ស្ថាន​នៅ​កម្ពុជា។​ បញ្ហា​ដី​ធ្លី​ និង​លំនៅ​ស្ថាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។

សង្គម​ស៊ីវិល​បាន​បើក​វេទិកា​មួយ​ស្តី​ពី​ជម្លោះ​ដីធ្លី​កាល​ពី​ពេល​កន្លង​មក​។
សង្គម​ស៊ីវិល​បាន​បើក​វេទិកា​មួយ​ស្តី​ពី​ជម្លោះ​ដីធ្លី​កាល​ពី​ពេល​កន្លង​មក​។ RFI
ផ្សាយពាណិជ្ជកម្ម

វេទិកាថ្នាក់ជាតិ​នេះ បានរៀបចំ​ធ្វើឡើង​នៅឯ​សណ្ឋាគា​អ៊ី​ម​ភើ​រៀល​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ចន្ទ​ទី២៧តុលា ដោយមាន​យុវជន​មកពី​ខេត្ត​ក្រុង​នានា​ចូលរួម ក្នុងនោះ​រួមមាន​យុវជន​នៅ​តាម​សហគមន៍​រងគ្រោះ​ដីធ្លី យុវជន​មកពី​សកល​វិទ្យាល័យ​នានា និង​យុវជន​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល ដែល​បាន​ចុះ​វាស់វែង​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅមុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣កន្លងទៅនេះ។ គោលបំណង​សំខាន់​នៃ​វេទិកានេះ គឺ​ទី១. ដើម្បី​បង្កើន​ការយល់ដឹង​របស់​យុវជន​លើ​បញ្ហាដីធ្លី លំនៅស្ថាន និង​យន្តការ​ដោះស្រាយ ទី២. បណ្តុះ​មនសិការ សីលធម៌ និង​បង្កើន​ឳ​កាស​ចូលរួម​របស់​យុវជន ពិភាក្សា​លើ​បញ្ហាដីធ្លី និង​លំនៅស្ថាន ជាមួយ​​អាជ្ញាធរ​ពាក់ព័ន្ធ និង​ទី៣. គឺ​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​យុវជន និង​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​បញ្ហាដីធ្លី។

លោក ប៉ែន សុ​មុនី នាយក​ប្រតិបត្តិ អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម (CVS) រំពឹងថា វេទិការ​នេះ បាន​បញ្ជាក់ថា បច្ចុប្បន្ន និង​អនាគត យុវជន​ត្រូវការ​សុវត្ថិភាព​ដីធ្លី និង​លំនៅស្ថាន។ ដូច្នេះ​យុវជន​ត្រូវតែ​ចូលរួម​ដោះស្រាយ​បញ្ហាដីធ្លី។

ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​និង​លំនៅស្ថាន​នេះ លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​នៅក្នុង​វេទិកានេះ​ថា រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​មួយចំនួន​ដើម្បី​កាត់បន្ថយ​ជម្លោះដីធ្លី​នៅ​កម្ពុជា។ នៅ​ខែកក្កដា​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បានអនុម័ត​សេចក្តីថ្លែងការណ៍​ស្តីពី គោលនយោបាយ​ដីធ្លី ហើយ​នៅ​ខែឧសភា​ឆ្នាំ២០១៤ រដ្ឋាភិបាល​ក៍​បានអនុម័ត​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅស្ថាន រួម​ទាំង​​ដាក់ចេញ​នូវ​បទបញ្ជារ​លេខ០១ ដើម្បី​បញ្ជូន​និស្សិត​ទៅ​វាស់វែង​ដីធ្លី​នៅ​ទូទាំងប្រទេស​ថែមទៀត។ លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា គិត​ត្រឹម​ដំណាច់ខែ​កញ្ញា​ឆ្នាំ២០១៤នេះ ការ​ចុះបញ្ជី​ដីធ្លី​សម្រេចបាន​ជាង៣លាន៦សែន​ប័ណ្ណ។

ប៉ុន្តែ​យ៉ាងណា​ក៍ដោយ ការតវ៉ា​ពី​បញ្ហា​ជម្លោះដីធ្លី​នៅតែ​បន្ត​កើតមាន។ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ​មកពី​ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ក្រចេះ​ជាដើម បាន​ឡើងមក​តវ៉ា​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់ ហើយ​ឥឡូវនេះ ប្រជាពលរដ្ឋ​មកពី​ខេត្តបាត់ដំបង និង​ខេត្ត​ព្រះ​វិហារ​កំពុង​នាំគ្នា​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ។

យោងតាម​របាយការណ៍​កាលពី​ឆ្នាំ២០១២ រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង២លាន៦សែន​ហិច​តា (២៦៥៧៤៧០) ដែល​បានធ្វើអោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា៧៧ម៉ឺន​នាក់។ ប៉ុន្តែ​តាមរយៈ​បទបញ្ជា​លេខ០១ រាជរដ្ឋាភិបាល​បាន​កាត់​ផ្ទៃដី​សរុប​ទំហំ១លាន​ហិច​តា​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ព្រៃ​សម្បទាន ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​វិញ។ បើតាម​លោក ចាន់ សុ​វ៉េ​ត អនុប្រធាន​អង្កេត​ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក មាន​មូលហេតុ​បី​សំខាន់ ដែលនាំអោយ​មាន​ជម្លោះដីធ្លី​នៅ​កម្ពុជា​សព្វថ្ងៃនេះ​និង​មិនអាច​ស្វែងរក​ដំណោះស្រាយ​បាន ទី១.មកពី​កំណើនប្រជាជន ទី២.ការធ្វើ​វិច្ឆេទកម្ម​ដី​របស់​ឈ្មួញ ទី៣.ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ខ្វះ​ការអនុវត្តន៍​ច្បាប់ និង​ទី៤. កង្វះ​ការត្រួតពិនិត្យ និង​ទទួលខុសត្រូវ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ