អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​ខ្មែរ​រង​គ្រោះ ២០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​

ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន២០នាក់​ត្រូវបាន​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងស្រុក​ជួយសង្គ្រោះ​ពី​កណ្តាប់ដៃ​ថៅកែ​ទូក​នេសាទ​ថៃ។ នេះ​បើតាម លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី២៣ តុលា​នេះ។

ពលករ​ខ្មែរ​រៀប​ចាក​ចេញ​ទៅ​ធ្វើការនៅបរទេស។ (ឯកសារ)
ពលករ​ខ្មែរ​រៀប​ចាក​ចេញ​ទៅ​ធ្វើការនៅបរទេស។ (ឯកសារ) ©rfi-ម៉េងហូរ
ផ្សាយពាណិជ្ជកម្ម

ការជួយ​សង្គ្រោះ​នោះបាន​ធ្វើឡើង​នៅពេលដែល​ទូក​នេសាទ​ថៃ​ដែលមាន​ផ្ទុក​កម្មករ​ខ្មែរ​បាន​ចូល​ចត​នៅក្នុង​កំពង់ផែ​ប្រទេស​ឥណ្ឌូនេស៊ី។ លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង២០ នាក់​នោះ ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​យកទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅលើ​ទូក​នេសាទ​ថៃ។

បើតាម​លោក កុយ គួ​ង ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង២០នាក់​នោះ មាន​អាយុ​ចាប់ពី១៩ ឆ្នាំ ដល់៣៤ ឆ្នាំ និង មាន​ស្រុកកំណើត​នៅក្នុង​ខេត្តសៀមរាប បន្ទាយមានជ័យ ព្រៃវែង កំពង់ចាម កំពង់ធំ និង ខេត្តក្រចេះ។ គួរ​ជំរាបជូន​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ស្ថានទូត​កម្ពុជា​នៅឯ​បរទេស​បាន​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ព្រោះ​ចាញ់បោក​មេខ្យល់​យកទៅលក់​កម្លាំង​ពលកម្ម​នៅឯ​ក្រៅប្រទេស​នោះ។ កន្លងមក ក្រសួងការបរទេស​ក​ម្ពុ​ជាតា​មរយៈ​ស្ថានទូត​តាំងទី​នៅក្រៅ​ប្រទេស ធ្លាប់បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​មិនតិច​ទេ​ដែល​បាន​រងគ្រោះ​នៅក្នុង​ប្រទេស​ចិន ថៃ និង ម៉ាឡេស៊ី​ជាដើម​នោះ។

ជាក់ស្តែង នៅ​ថ្ងៃទី២៣ តុលា ឆ្នាំ ២០១៤ ស្ត្រី​ខ្មែរ​រងគ្រោះ​ពីរ​នាក់​នៅក្នុង​ប្រទេស​ចិន បាន​វិលត្រឡប់​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វប្រ​ទេស​ចិន រួមសហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយសង្គ្រោះ​កាលពីពេលថ្មីៗកន្លងមកនេះ។ ស្ត្រី​ខ្មែរ​ទាំងពីរ​នាក់​នេះ ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅឯ​ប្រទេស​ចិន។

ដោយឡែក ចំពោះ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដែល​ទើប​ជួយ​សង្គ្រោះបាន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ទាំង២០នាក់​នោះ កំពុង​ត្រូវបាន​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ពិនិត្យ​សុខភាព​មុន​ធ្វើ​មាតុភូមិនិវត្តន៍​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា​វិញ។ លោក កុយ គួ​ង បាន​បញ្ជាក់ថា សុខភាព​ពលរដ្ឋ​ខ្មែរ​ទាំងនោះ មាន​ស្ថាន​ភាពល្អ​ធម្មតា​ទេ ប៉ុន្តែ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ត្រូវធ្វើ​ការពិនិត្យ​សុខភាព​ពួកគេ ដើម្បី​បញ្ជាក់ថា ពួកគេ​អាចធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​មកកាន់​ប្រទេស​កម្ពុជា​បាន​ដោយ​មិនមាន​បញ្ហា។ យ៉ាងណាក៏ដោយ លោក​កុយ កួង មិនបាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង២០ នាក់​នោះ នឹង​មកដល់​ប្រ​ទេ​កម្ពុជា​នៅពេលណា​នៅឡើយ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ