អានតួអត្ថបទ
កម្ពុជា

បាតុកម្ម​ថ្ងៃ​១៥​កក្កដា​៖​ ប៉ូលិស​ចាប់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ និង​កោះ​ហៅ ​៣ នាក់​ ចូល​បំភ្លឺ

ប៉ូលិស ​បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​កញ្ញា​នេះ ​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ នៅ​ក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា។ ​បាតុកម្ម​នោះ ​កើត​មាន​អំពើ​ហិង្សា ​រវាង​បាតុករ​ និង​ក្រុម​សន្តិសុខ។​ ក្នុង​សំណុំ​រឿង​ក្តី ​ដែល​មាន​ចរិក​ជា​រឿង​នយោបាយ​នេះ ​ចៅក្រម​ ក៏​បាន​ចេញ​ដីកា​ បង្គាប់​ឲ្យ​យុវជន​ ៣​ នាក់​ផ្សេង​ទៀត​ របស់​គណបក្ស​ប្រឆាំង​ ចូល​ឆ្លើយ​បំភ្លឺ ​ជា​បន្ត​បន្ទាប់​ ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញា​ ថ្ងៃ​១​តុលា​ និង​ថ្ងៃ​ទី​២​តុលា។

ក្រុមប៉ូលីស និង​បាតុករ ប៉ះទង្គិចគ្នា នៅ​​ក្នុង​​បាតុកម្ម​នា​ពេ​ល​កន្លង​មក។
ក្រុមប៉ូលីស និង​បាតុករ ប៉ះទង្គិចគ្នា នៅ​​ក្នុង​​បាតុកម្ម​នា​ពេ​ល​កន្លង​មក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

យុវជន​ម្នាក់​ទៀត​ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ ​លោក ​ស៊ុំ វុទ្ធី​ ត្រូវ​បាន​ប៉ូលិស ​ចាប់​ខ្លួន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា។ ​រហូត​ដល់​ល្ងាច​ ថ្ងៃ​ចន្ទ​នេះ ​ចៅក្រម​បាន​សម្រេច​បញ្ជូន​យុវជន​ ស៊ុំ វុទ្ធី​ ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ យឹម​ សុវណ្ណ ​បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​យុវជន​នោះ។​ លោក​ យឹម សុវណ្ណ ​បន្ថែម​ថា ​បើ​សិន​ជា​ករណី​ចាប់​ខ្លួន​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​កញ្ញា​នេះ ​ពាក់​ព័ន្ធ​នឹង​ករណី​បាតុកម្ម​ថ្ងៃ១៥កក្កដា នោះ​វា​ជា​រឿង​នយោបាយ ​ដែល​គណបក្ស​កាន់​អំណាច ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ​ដាក់​គំនាប​ជាថ្មី​លើ​គណបក្ស​ប្រឆាំង។

សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យកាលពី​ថ្ងៃ១៥កក្កដា​នោះ ត្រូវបាន​លោក​មេធាវី សំ​សុ​គង់ ឲ្យ​ដឹងថា ចៅក្រម​ស៊ើបសួរ បានចេញ​ដីកា​កោះហៅ​យុវជន ៣ នាក់ ដែល​ត្រូវបាន​ដោះលែង កាលពី​ខែសីហា ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ជា​បន្តបន្ទាប់ ចាប់ពី​ព្រឹក​ថ្ងៃទី៣០កញ្ញា ថ្ងៃ១តុលា និង​ថ្ងៃទី២តុលា។

ជាការ​កត់សម្គាល់ ក្នុង​សំណុំរឿង​បាតុកម្ម​របស់លោក​ស្រី មួរ សុខ​ហួរ ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី១៥កក្កដា ឆ្នាំ២០១៤ បាន​កើតមាន​អំពើហិង្សា រវាង​បាតុករ និង​ក្រុម​សន្តិសុខ។ ក្រុម​សន្តិសុខ បានដាក់​ពាក្យ​ប្តឹង ហើយភ្លាមៗ លោកស្រី មួរ​សុខ​ហួរ និង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ២ រូប​ទៀត ត្រូវបាន​ចាប់ខ្លួន។

ក្នុង​សំណុំរឿង​ដដែល​នោះ អ្នក​ជាប់ឆ្នោត​តំណាងរាស្ត្រ ៤ រូប​ផ្សេងទៀត រួមទាំង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងហោចណាស់ ៤ នាក់​ទៀត ត្រូវបាន​ចាប់ឃុំខ្លួន ជា​បន្តបន្ទាប់។ បន្ទាប់ពី​សម្របសម្រួល​នយោបាយ ត្រូវរ៉ូវ​គ្នា រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី២២កក្កដា ទើប​បេក្ខជន​ជាប់ឆ្នោត និង​មេដឹកនាំ​យុវជន​សរុប ៨ រូប ត្រូវបាន​ដោះលែង​មកវិញ។

ប៉ុន្តែ​សំណុំ​រឿងក្តី ដែលមាន​ច​រិ​ក​ជា​រឿង​នយោបាយ​នោះ ត្រូវបាន​ចៅក្រម បន្ត​បើក​ការ​ស៊ើប​អង្កេត ដោយ​កោះហៅ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម​សុខា និង​ថ្នាក់ដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ​ជាច្រើនរូប​ផ្សេងទៀត ចូល​បំភ្លឺ​ជា​បន្តបន្ទាប់។

លោក​មេធាវី សំ សុ​គង់ បាន​លើកឡើងថា រឿងក្តី​នោះ អាច​នឹងធ្វើ​ឲ្យ​ជនជាប់ចោទ ជាប់​ពន្ធនា​គារ​ចន្លោះ​ពី ២០ ឆ្នាំ ទៅ ៣០ ឆ្នាំ ក្នុង​បទចោទប្រកាន់​ដឹកនាំ ចូលរួម​កុប្បកម្ម ផ្តើម​គំនិត ចូល​ញុះញង់ បង្ក​អំពើហិង្សា និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ