អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដើរ​ឲ្យ​ទាន់​សភាពការណ៍​ជា​កត្តា​ស្លាប់​រស់​របស់​អ្នក​នយោបាយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុគ​សម័យ​សកល​ភាវូបនីយកម្ម​ និង​បច្ចេក​វិជ្ជា​ជឿនលឿន​ដូចជា​បច្ចុប្បន្ន​នេះ ​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ជា​ពិសេស​អ្នក​នយោបាយ ​និង​អ្នក​ដឹក​នាំ​តែ​ម្តង​តាម​ដាន​ព័ត៌មាន​ និង​ស្វែង​យល់​អំពី​ការវិវឌ្ឍ​នានា​ឲ្យ​បាន​ដិតដល់។ ​ការ​តាម​ទាន់​សភាពការណ៍​នេះ​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធិភាព​ចំពោះ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ។ ​ ផ្ទុយ​ទៅ​វិញ ​គណបក្ស​ណា​ដែល​តាម​មិន​ទាន់​សភាពការណ៍​ច្បាស់​ជា​មិន​អាច​ទទួល​ជោគជ័យ​ផ្នែក​នយោបាយ​បាន​ឡើយ។

ពិភពពីរផ្សេងគ្នារវាងអ្នកមាននិងអ្នកក្រនៅកម្ពុជា
ពិភពពីរផ្សេងគ្នារវាងអ្នកមាននិងអ្នកក្រនៅកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ត្រូវ​ការ​របស់​មនុស្ស​មាន​ការវិវឌ្ឍ​ពី​ដំណាក់​កាល​មួយ​ទៅ​មួយ​យ៉ាង​ទៀង​ទាត់​ទៅ​តាម​ក្រឹត្យ​ក្រម​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ។​ ជាក់​ស្តែង​ កាល​ពី​សម័យ​ខ្មែរ​ក្រហម​ បំណង​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ​គឺ​ការ​បន់ស្រន់​រក​អ្នក​ជួយ​សង្គ្រោះ​ជីវិត​ពី​សេចក្តី​ស្លាប់​និង​អាច​ផ្តល់​អាហារ​ចម្អែត​ក្រពះ​ដល់​ខ្លួន​តែ​ប៉ុណ្ណោះ។

លុះ​ក្រោយ​ឆ្នាំ​ ១៩៧៩​ ពេល​មាន​អាហារ​ចម្អែត​ក្រពះ​ហើយ ​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ​ខ្មែរ​ក៏​ចេះ​តែ​វិវឌ្ឍន៍​ទៅ​មុខ​ឥត​ឈប់​ឈរ​ពោល​គឺ​ត្រូវ​ការ​ម្ហូប​ឆ្ងាញ់​ លំនៅដ្ឋាន​កម្មសិទ្ធិ ​សម្លៀក​បំពាក់​​ស្អាត ​យាន​ជំនិះ ​និង​ត្រូវ​ការ​ផាសុកភាព​ក្នុង​ការ​រស់នៅ​កាន់​តែ​ខ្លាំង​ឡើង​ជា​លំដាប់។ ក្រៅ​ពី​នោះ​ មនុស្ស​ក៏​ត្រូវ​ការ​សេរីភាព​និង​សិទ្ធិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ។

បច្ចុប្បន្ន​  អ្នក​មាន​និង​អ្នក​ធំ​មាន​អ្វី​ៗ​ទាំង​នេះ​អស់​ហើយ។​ នៅ​ឡើយ​តែ​អ្នក​ក្រ​មួយ​ចំនួន​នៅ​តែ​តស៊ូ​ត្រឹម​តែ​ដើម្បី​មាន​ផ្ទះ​សម្បែង​ជ្រក​កោន​និង​មាន​ម្ហូបអាហារ​បរិភោគ​គ្រប់គ្រាន់​នៅ​ឡើយ។ ម្យ៉ាង​ទៀត​ សង្គម​សម្ភារៈ​និយម​បាន​បង្ខំ​ឲ្យ​មនុស្ស​គ្រប់​គ្នា​រាប់​ទាំង​អ្នក​ក្រ​ផង​ដែរ​មាន​តម្រូវ​ការ​ជីវភាព​សមរម្យ​ដើម្បី​អាច​ចូល​ចុះ​ក្នុង​សង្គម​ពីព្រោះ ​ក្រៅ​ពី​ជីវភាព​ប្រចាំថ្ងៃ​ មនុស្ស​គ្រប់គ្នា​មាន​កាតព្វកិច្ច​សង្គម​ជា​ច្រើន​ទៀត​ដូច​ជា ​ចំណាយ​ទៅ​លើ​ពិធី​បុណ្យ ​និង​អាពាហ៍ពិពាហ៍​ជា​ដើម។

ក្នុង​បរិបទ​បែប​នេះ ​អ្នក​គ្រប់គ្រង​រដ្ឋ​មាន​កាតព្វកិច្ច​ធ្ងន់​ធ្ងរ​ណាស់​ក្នុង​ការ​បំពេញ​តម្រូវការ​របស់​ពលរដ្ឋ។ ការ​លើក​យក​របប​ខ្មែរ​ក្រហម​មក​ប្រៀបធៀប​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ប៉ុន្តែ ​ដោយ​យោង​លើ​ក្រឹត​ក្រម​នៃ​ការ​អភិវឌ្ឍ​ខាង​គំនិត​ដូច​លើក​ឡើង​ខាង​ដើម​ ហេតុ​ផល​នេះ​វា​គ្រាន់​តែ​ជា​រឿង​អតីត​កាល​មួយ​ប៉ុណ្ណោះ។ ​អតីតកាល​ឈឺ​ចាប់​នេះ​គ្មាន​អ្នក​ណា​អាច​បំភ្លេច​បាន​ទេ​ ប៉ុន្តែ ​សូម​កុំភ្លេច​ថា​ មនុស្ស​កំពុង​រស់​ជាមួយ​នឹង​បច្ចុប្បន្នកាល។

ម្យ៉ាង​ទៀត​ បើ​ទោះ​ជា​សម័យ​នេះ​នៅ​មាន​អ្នក​ក្រ​ច្រើន​នៅ​ឡើយ​ក៏​ដោយ​ ក៏​ផ្នត់​គំនិត​មនុស្ស​ផ្លាស់​ប្តូរ​មិន​ដូច​ពី​មុន​ដែរ។​ បើ​សិន​មនុស្ស​គ្រប់​គ្នា​មាន​ជីវភាព​ក្រីក្រ​ប្រហាក់​ប្រហែល​គ្នា​វា​មិន​ថ្វី​ទេ ​ប៉ុន្តែ ​គម្លាត​ខុស​គ្នា​ឆ្ងាយ​ពេក​រវាង​អ្នក​មាន​និង​អ្នក​ក្រ​បាន​ក្លាយ​ជា​បញ្ហា​ដែល​ពិបាក​នឹង​លើក​ហេតុ​ផល​មក​ពន្យល់។ ​ជាក់​ស្តែង​ រដ្ឋាភិបាល​អាច​លើក​ហេតុផល​ថា​គេ​មិន​អាច​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ឲ្យ​បាន​ច្រើន​ពីព្រោះ​តែ​រដ្ឋ​គ្មាន​ថវិកា។

ហេតុ​ផល​នេះ​ទំនង​ជា​អាច​យល់​បាន​ប្រសិន​បើ​អ្នក​បម្រើ​រាជការ​ទាំង​អស់​មាន​ជីវភាព​ប្រហាក់​ប្រហែល​គ្នា។ ​ប៉ុន្តែ ​ហេតុ​អ្វី​បាន​ជា​មន្ត្រី​រាជការ​ដែល​មាន​តួនាទី​សំខាន់​ៗ​មាន​ជីវភាព​ហ៊ឺហារ​និង​ស្តុកស្តម្ភ​ខ្លាំង​ម្ល៉េះ? ​សំណួរ​នេះ​នឹង​កើត​ឡើង​ជា​ស្វ័យ​ប្រវត្តិ​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ការ​ពន្យល់​ហេតុ​ផល​ថា​រដ្ឋ​គ្មាន​ថវិកា​នោះ​ក្លាយ​ជា​គ្មាន​ន័យ។ ​ដូច្នេះ ​ក្នុង​យុគសម័យ​បច្ចុប្បន្ន​ គេ​ត្រូវ​ព្យាយាម​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ​ជា​ជាង​ការ​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​យល់​ហេតុ​ផល​ដែល​ពិបាក​នឹង​ទទួល។

ក្រៅ​ពី​ជីវភាព​ នៅ​មាន​បញ្ហា​ច្រើន​យ៉ាង​ណាស់​ដែល​មន្ត្រី​រដ្ឋាភិបាល ​និង​អាជ្ញាធរ​ ក្នុង​ឋានៈ​ជា​អ្នក​ដឹក​នាំ​ត្រូវ​តាម​ឲ្យ​ទាន់​សភាពការណ៍។ ​របៀប​ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​ប្រើ​អំណាច គំរាម​កំហែង​ គាប​សង្កត់​ ជា​រឿង​ហួស​សម័យ។ ​ការ​ព្យាយាម​បិទ​ខ្ទប់​ព័ត៌មាន​មិន​ឲ្យ​ចេញ​មក​ខាង​ក្រៅ​មិន​អាច​ទៅ​រួច​ទៀត​ឡើយ​ក្នុង​យុគ​សម័យ​ដែល​សារព័ត៌មាន​កំពុង​មាន​ឥទ្ធិពល។ ​រីឯ​ការ​កែ​ប្រែ​រឿង​ស​ឲ្យ​ទៅ​ជា​ខ្មៅ​ឬ​រឿង​ខ្មៅ​ឲ្យ​ទៅ​ជា​ស​ក៏​ពិត​ជា​មិន​អាច​លាក់​បាំង​ពី​ភ្នែក​មហាជន​បាន​ទៀត​ដែរ។

សរុប​មក​វិញ​ នេះ​មិន​មែន​ជា​ពេល​វេលា​ដែល​ត្រូវ​កាត់​ក្បាល​តម្រូវ​តាម​មួក​ទេ​ តែ​ជា​ពេល​ដែល​ត្រូវ​កាត់​មួក​តម្រូវ​តាម​ក្បាល​ មាន​ន័យ​ថា ​អំណឹះ​តទៅ ​អ្នក​នយោបាយ​និយាយ​ជារួម​ និង​អ្នក​ដឹក​នាំ ​និយាយ​ដោយ​ឡែក​ ត្រូវ​ខិត​ខំ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ​ តែ​មិន​មែន​តម្រូវ​ឲ្យ​ពលរដ្ឋ​ជឿ​និង​ធ្វើ​តាម​អ្វី​ខ្លួន​ចង់​បាន​នោះ​ឡើយ។ ​អ្នក​ដែល​ក្តាប់​សភាព​ការណ៍​បាន​ល្អ ​ឆ្លើយ​តប​បាន​ត្រឹម​ត្រូវ​និង​ឆាប់​រហ័ស​គឺ​ជា​អ្នក​ឈ្នះ។ ​រី​ឯ​អ្នក​នយោបាយ​ឬ​អ្នក​ដឹក​នាំ​ទាំង​ឡាយ​ណា​ដែល​ដើរ​មិន​ទាន់​សភាពការណ៍​នេះ​ច្បាស់​ជា​ត្រូវ​គេ​ផាត់​ចោល​ពី​សង្វៀន​ជា​មិន​ខាន។

ការ​ស្រុត​ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ​គឺ​ផ្តើម​ចេញ​ពី​ភាព​យឺត​យ៉ាវ​ដើរ​មិន​ទាន់​សភាព​ការណ៍​វិវឌ្ឍ​នេះ​ឯង។ ​ដូច្នេះ ​អំណឹះ​តទៅ​ ការ​តាម​ទាន់​សភាព​ការណ៍​ឬ​មិន​ទាន់​គឺ​ជា​វិញ្ញាសា​ស្លាប់​រស់​សម្រាប់​បក្ស​នយោបាយ​ដែល​ជា​គូ​ប្រជែង​អំណាច​នៅ​កម្ពុជា។ ​អ្នក​ដែល​មើល​រំលង​បញ្ហា​នេះ​ច្បាស់​ជា​គេច​មិន​ផុត​ពី​រលក​យក្ស​ស៊ូណាមិ​ថ្មី​មួយ​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ