អានតួអត្ថបទ
កម្ពុជា

យុវជន​កម្ពុជា​ងូត​​ទឹក​កកដើម្បី​ស្វែង​រកជំនួយ​មនុស្ស​ធម៌

ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ យុវជន​កម្ពុជា បាន​នាំ​គ្នា​ថត​វីដេអូ​រូប​ខ្លួន​ឯង​ដែល​កំពុង​ងូត​ទឹក​កក រួច​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដើម្បី​ស្វែង​រក​ជំនួយ​មនុស្ស​ធម៌​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​មូលនិធិ​សប្បុរសធម៌​នានា​នៅ​កម្ពុជា​។ ការ​ងូត​ទឹក​កក ឬ Ice Bucket Challenge គឺ​ជា​យុទ្ធនាការ​សកល ដែល​ផ្ទុះ​ឡើង​នៅប្រទេស​លោក​ខាង​លិច តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​​នេះ និង​ដែល​ធ្វើ​ឡើង​ក្នុង​គោលដៅ​ពង្រីក​ការ​យល់​ដឹង​ពី​ជំងឺ​​ប្រព័ន្ធ​ប្រសាទ ALS​។

លោក​ហ៊ុន ម៉ានី ចាក់​ទឹក​កក​លើ​ក្បាល ដើម្បី​អំពាវនាវ​រក​ជំនួយ ជួយ​អង្គការ Taramana
លោក​ហ៊ុន ម៉ានី ចាក់​ទឹក​កក​លើ​ក្បាល ដើម្បី​អំពាវនាវ​រក​ជំនួយ ជួយ​អង្គការ Taramana រូប​ភាព​ពី​ទំព័រ​ហ្វេសហ៊ុក​លោក​ហ៊ុន ម៉ានី
ផ្សាយពាណិជ្ជកម្ម

យុវជន​កម្ពុជា​ជា​ច្រើន​ បាន​បង្ហោះ​វីដេអូ​ ដែល​មាន​រូប​ខ្លួន​ឯង​យក​ទឹក​កក​ត្រាំ​ក្នុង​ទឹក រួច​ចាក់​ពី​លើ​ក្បាល។ អ្នក​ដែល​ទើប​តែ​ងូត​ទឹក​កក​នោះ មាន​សិទ្ធិ​អញ្ជើញ​មនុស្ស​ចំនួន​៣​នាក់ ឬ​លើស​ពីនេះ ឲ្យ​ងូត​ទឹក​កក​ដែរ​។ ជា​ការ​ងូត​ទឹក​កក ដែល​នៅ​កម្ពុជា គេ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ជំនួយ​មនុស្ស​ធម៌ ដល់​មូលនិធិ​សប្បុរសធម៌ និង​ជា​ពិសេស​គឺ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។

លោក​ហ៊ុន ម៉ានី កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ក៏​បាន​ងូត​​ទឹក​កក និង​បាន​អញ្ជើញ​លោក​ស សុខា កូន​ប្រុស​លោក​ស ខេង និង​លោក​សាយ សំអាល់ កូន​ប្រុស​លោក​សាយ ឈុំ ឲ្យ​ចូល​រួម​ងូត​ទឹក​កក​ដែរ​។ លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ព្រម​ទាំង​ប្រមុខ​បក្ស​ប្រឆាំង​ទាំង​ពីរ គឺ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ក៏​ត្រូវ​បាន​យុវជន​ខ្មែរ​មួយ​រូប អញ្ជើញ​ឲ្យ​ងូត​ទឹក​កក​ដែរ ដោយ​ថែម​ទាំង​ដាក់​លក្ខខណ្ឌ​ទៀត​ថា បើ​ថ្នាក់​ដឹក​នាំ​នយោបាយ​ទាំង​៣​រូប​នេះ​មិន​ងូត​ទឹក​កក​ទេ គឺ​ត្រូវ​បរិច្ចាគ​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។

​លោក​អ៊ាង គារវៈ ប្រធាន​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​មូលនិធិ​យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តាំង​ពី​មាន​ល្បែង​ងូត​ទឹក​កក ឬ Ice Bucket Challenge នេះ​មក ការ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​រយៈ​មូលនិធិ​របស់​លោក បាន​កើន​ឡើង​ច្រើន​មិន​ធ្លាប់​មាន​។ យ៉ាង​ណា​ក៏​ដោយ លោកយល់​ថា សកម្មភាព​នេះ អាច​មិន​ស្ថិតស្ថេរ​យូរ​អង្វែង​ទេ​។ វា​នឹង​ស្ងាត់​ទៅ​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ វា​អាច​រួម​ចំណែក​បង្កើត​ទម្លាប់ ឲ្យ​យុវជន​កម្ពុជា​ចេះ​ជួយ​គ្នា​ច្រើន​ជាង​មុន​ផង​ដែរ​។

គួរ​ជម្រាប​ជូន​ថា ការ​ងូត​ទឹក​កក ឬ Ice Bucket Challenge គឺ​ជា​យុទ្ធនាការ​សកល ដែល​ផ្ទុះ​ឡើង​នៅប្រទេស​លោក​ខាង​លិច តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​នេះ និង​ដែល​ធ្វើ​ឡើង​ក្នុង​គោលដៅ​ពង្រីក​ការ​យល់​ដឹង​ពី​ជំងឺ​​ប្រព័ន្ធ​ប្រសាទ ALS​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ