អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បើ​មាន​ការគោរព​ច្បាប់​ទាំងអស់គ្នា គ្រោះថ្នាក់​ចរាចរ​នឹងត្រូវ​កាត់បន្ថយ​ដោយ​ឯកឯង

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​មិន​រំពឹងថា​មានការ​កាត់បន្ថយ​បាន​ដោយងាយៗទេ ប្រសិនបើ​មិនមាន​ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ប្រើ​ទ្រូងផ្លូវ​ទាំងអស់។ ការធ្វើ​ច្បាប់​បែប​រឹតបន្តឹង បង្កើន​បរិមាណ​ប្រាក់​ពិន័យ​ច្រើនដង នឹង​មិនអាច​សង្ឃឹមថា​បានទទួល​ជោគជ័យ​នោះទេ ប្រសិនបើ​ការអនុវត្ត​ច្បប់​បែប​ប្រ​ឡិ​ម​ប្រ​ឡំ ហើយ​អ្នក​ដែលមាន​អំណាច និង​មាន​ប្រាក់​មួយចំនួន​នៅតែ​មើលស្រាល​ដល់​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ូលីស​ចរាចរណ៍​ភ័យខ្លាច មិន​ហ៊ាន​អនុវត្ត​ទៅលើ​ពួកគេ។ជាមួយគ្នានេះ​ការផ្លាស់ប្តូរ​ឥរិយាបទ​របស់​ប្រជាជន​ក្នុងការ​ប្រើប្រាស់​ផ្លូវ គឺជា​ការចាំបាច់​ក្នុង​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

បើ​និយាយ​ពី​ចរាចរណ៍​គ្រប់គ្នា​តែង​គិតថា ជា​បញ្ហា​សកល ក៏ប៉ុន្តែ​បើ​សម្លឹងមើល​មួយ​ជ្រុង​គេ​នឹង​មើលឃើញថា​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​នៅតែ​មិនទាន់មាន​ភាពប្រសើរ​ទាល់​តែ​សោះ។
ស្រប​ពេលនេះ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ដឹកជញ្ជូន​និង​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ជើងគោក កំពុងតែ​កែប្រែ​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ចរាចរណ៍​ជើងគោក​ចាស់​កាលពី​ឆ្នាំ​២០០៧ ឲ្យ​ទៅជា​អត្ថបទ​ថ្មី ដែលមាន​ការដាក់ទោស​ទណ្ឌ​និង​ការផាកពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន។

ដូចគ្នានេះដែរ​មាន​អង្គការ​សង្គម​ស៊ីវិល និង​ចលនា​ស្ម័គ្រចិត្ត​កាកបាទក្រហម​បាន​ប្រឹងប្រែង​ជួយ​អស់ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​ទាញ​អ្នក​ធ្វើចរាចរ​តាម​ដងផ្លូវ​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ពី​ការគោរព​ច្បាប់ និង​ស្គា​ល់ពី​ចរាចរណ៍​នៅក្នុង​ប្រទេសមួយ​ដែលជា​និច្ចកាល​ឈរ​ក្រោម​ឈ្មោះ​ប្រទេស​កំពុងអភិវឌ្ឍន៍។

ទោះជា​មានការ​ប្រឹងប្រែង​ជួយ​ពី​ផ្នែក​ពាក់ព័ន្ធ​នានា​រួមទាំង​អ្នកស្ម័គ្រចិត្ត​ផង​នោះ ក៏​លទ្ធផល​ឆ្លើយ​មក​បង្ហាញថា នៅតែមាន​មនុស្ស​ស្លាប់​ក្នុង​រង្វង់៥នាក់​ដដែល​ក្នុង​មួយថ្ងៃ។ ការថយចុះ​បន្តិច​ប​ន្ទួ​ច​នូវ​ចំនួន​អ្នក​ស្ថាប់ និង​របួស​កាលពី​ឆ្នាំ ២០១២ និង​ឆ្នាំ២០១៣ កន្លងមក​វា​ជាស​ញ្ញា​វិជ្ជមាន​ដ៏​តិចតួច​មួយ ដោយសារតែ ការព្យាយាម​កាត់បន្ថយ​បញ្ហា​ដ៏​គ្រោះថ្នាក់​នេះ​បាន​ចំណាយ​ពេល​ជា​យូរ​ឆ្នាំ​មកហើយ។កាលពី​ឆ្នាំ ២០១៣ មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​​ចំនួន ១៩៥០នាក់ ថយចុះ១៦នាក់ ធៀប​នឹង​ឆ្នាំ ២០១២ ដែលមាន​អ្នក​ស្លាប់​១៩៦៦​នាក់។ហើយ​នៅ​ឆមាស​ទីមួយ​ឆ្នាំ២០១៤នេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក៏​បង្ហាញ​ពី​ការ​កើន​ឡើង​​មិន​​ស្រាក​ស្រា​ន​ដែរ។

ប្រការនេះ​បង្ហាញថា ការផ្សព្វផ្សាយ​អប់រំ​កន្លងមក​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ។ហើយ​ប្រហែលជា​មិនបាន​ផល​ជា​រៀងរហូត និង​ជាការ​ខាត​ពេល​ឥតប្រយោជន៍ ប្រសិនបើ​បញ្ហា​មួយចំនួន​មិនត្រូវ​បាន​ដោះស្រាយ។ បញ្ហា​ទាំងនោះ​គឺមាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយ​ហើយ​តែ​ការអនុវត្ត​ពី​ផ្នែក​ពាក់ព័ន្ធ​មិនបាន​ធ្វើ​ប្រកបដោយ​ឆន្ទៈ ប្រទាក់ក្រឡា​គ្នា​នោះទេ។
ករណីនេះ​ត្រូវគេ​សម្គាល់​ជា​ញឹកញយ​ថា ច្បាប់​ដែល​ចេញ​ដោយ​រដ្ឋសភា​ដែល​តំណាង​ឲ្យ​អំណាច​កំពូល​របស់​ប្រទេស​ទាំងមូល ព្រមទាំង​មាន​ព្រះ​ហ​ស្ថ​លេខា​របស់​ព្រះមហាក្សត្រ​ផង​នោះ មិនត្រូវ​បាន​អនុវត្ត​លើ​បុគ្គល​មួយចំនួន​បានឡើយ។ បុគ្គល​ទាំងនោះ​មាន​អ្នក​មានបុណ្យ​សក្តិ និង​អ្នកមាន​ទ្រព្យ​ធុន​មួយចំនួន​មិនដែល​ខ្វល់​នឹង​ការត្រួតពិនិត្យ​ពី​ប៉ូលីស​ចរាចរណ៍​ឡើង នៅពេលដែល​ពួកគេ​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ចរាចរណ៍។

ការផ្តល់​ប័​ណ្ឌ​បើកបរ​តាមរយៈ​សាលាបង្រៀន​បើកបរ​មួយចំនួន​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការ​រៀនសូត្រ​និង​ប្រលង​ដៃចង្កូត​ត្រឹមត្រូវ គឺជា​ការរួមចំណែក​ក្នុងការ​បន្ថែម​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាន់តែ​ច្រើន​បន្ថែមទៀត។

ការប្រើ​ល្បឿន​ហួសហេតុ ការផឹក​ស្រវឹង​ហើយ​បើកបរ នៅតែមាន​ជា​រៀងរាល់ថ្ងៃ​បើ​ទោះណាជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះផ្សាយ​ភ្លូកទឹកភ្លូកដី និង​មានច្បាប់​ប​ញ្ញ​តិ​យ៉ាងណាក៏ដោយ។ការបើកបរ​មិន​គោរព​សិទ្ធិ​អត្ថិភាព និង​ការបើកបរ​បំពាន​ដោយ​ជន​បាត​សង្គម​មួយចំនួន ក៏​ត្រូវគេ​មើលឃើញថា គ្រោះថ្នាក់​ចរាចរណ៍ ពិតជា​មិនអាច​ថយចុះ​បានទេ ទោះជា​ខំប្រឹងប្រែង​ធ្វើ​ច្បាប់ ដាក់​ទោសទណ្ឌ​យ៉ាងណា​ក៏​ដោយ។

អ្វីដែល​ជាការ​ព្រួយ​បារ​ម្មណ៍​បន្ថែមទៀត​នោះ​គឺ​នៅពេល​មានច្បាប់​មួយ​ដែលមាន​ការកំរិត​ការពិន័យ​តឹងតែង និង​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​នោះ អាច​នឹងត្រូវ​បុគ្គល​ដែល​ចូលចិត្ត​លើ្ម​ស​ច្បាប់​នៅតែ​មិន​ញញើត​ដដែល។មិន​ញញើត​ដោយសារតែ​ការបំពាន​របស់គេ​នឹងត្រូវ​សម្រួល​គ្នា​តាម​ទម្លាប់ ដូចដែល​ពួកគេ​ធ្លាប់​អនុវត្ត​កន្លងមក។ទីបំផុត​អ្នក​ដែល​ប្រព្រឹត្តិ​ខុស​ដោយ​ចេតនា​នៅតែ​មិនអាច​នាំខ្លួន​ទៅ​ដាក់ទោស​ដដែល​បើ​ទោះណាជា​ច្បាប់​ចរាចរណ៍​រឹតបន្តឹង​យ៉ាងណាក៏ដោយ។

ដើម្បី​ជួយ​ឲ្យ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​មានការ​ថយចុះ​នោះ មានការ​លើកឡើង​មួយចំនួន​ដែលថា​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​នូវ​ការគាំទ្រ​ឲ្យ​បាន​ពេញទំហឹង ដល់​អ្នកអនុវត្ត​ច្បាប់​ដែលមាន​បុណ្យ​សក្តិ​តូចតាច មិនមាន​ការលើកលែង បើទោះជា​សាច់ញាតិ ឬ​បក្សពួក យ៉ាងណា​ក៏​ដោយ​។

ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ល្មម​ដល់ពេល​ភ្ញាក់រលឹក​ដូរ​ឥរិយាបទ​ហើយ នោះ​គឺ​ប​ញ្ឍ​ប់​ការបើកបរ​ដោយ​សេព​គ្រឿង​ស្រវឹង។បង្កើន​ភាព​អត់ធ្មត់​នៅលើ​ទ្រូងផ្លូវ គោរព​សិទ្ធិ​អត្ថិភាព​អ្នកដទៃ។ពិត​ហើយ​បទពិសោធន៍​នៅលើ​ទ្រូងផ្លូវ​មិន​សាមញ្ញ​ពេក​នោះទេ ប្រសិនបើ​មិនអាច​គោរព​គោលការណ៍​ដូច្នេះ​បានទេ នោះ​កុំ​សង្ឃឹមថានឹង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​នោះ។ត្រូវមាន​គោលនយោបាយ​ស្តីពី​គ្រឿង​ស្រវឹង​ជាបន្ទាន់។

ម្យ៉ាង​ទៀត​គ្រោះថ្នាក់​ចរាចរណ៍ បាន​បញ្ហា​ញ​ពី​ការស្លាប់​ជាប់​ចំណាត់ថ្នាក​ទី១ក្នុងចំណោម​គ្រោះថ្នាក់ធំៗទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​គ្រោះថ្នាក់​ដោយសារ​មីន និង​ជំងឺអេដស៍។ មីន​និង​ជម្ងឺអេដស៍​ត្រូវគេ​ចំណាយ ថវិការ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ជាពិសេស​ថវិការ​ដែល​បានមកពី​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ម្ចាស់ជំនួយ​នានា។ផ្ទុយទៅវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បែរ​ជាមាន​ជំនួយ​តិចតួច​ជាង​បញ្ហា​ប្រឈម​ទាំងពីរ​ខាងលើ។

វា​ជាការ​ចាំបាច់​ប្រសិនបើ​ផ្នែក​ពាក់ព័ន្ធ​នានា បង្កើន​ការយកចិត្តទុកដាក់​ផ្នែក​ហិរញ្ញវត្ថុ​ទៅលើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​កាត់បន្ថយ​ជាបណ្តើរៗលើ​ការចំណាយ​ទាក់ទង​ទៅនឹង​បញ្ហា​មីន និង​ជម្ងឺអេដស៍​នោះ។តាម​ការ​ឲ្យ​ដឹង​មន្ត្រី​អង្គការ​មួយចំនួន ថវិការ​ដែល​ចំណាយ​លើ​យុទ្ធនាការ​ប្រឆាំងនឹង​មេរោគ​អេដស៍ និង​គ្រោះថ្នាក់​ដោយសារ​គ្រាប់​ម៉ី​ន​ស្មើនឹង១០ដង​នៃ​ការចំណាយ​ទៅលើ​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ