អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​នឹង​បោះឆ្នោត​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំថ្មី​​ ខណៈ​លោក​ កឹម​ សុខា​ នឹង​ក្លាយ​ជា​អនុប្រធាន​ទី១​នៃ​រដ្ឋ​សភា​​

រដ្ឋសភាជាតិ​កម្ពុជា​គ្រោង​នឹង​បើក​សម័យប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​របស់​រដ្ឋសភា។ គេ​រំពឹងថា សមាជិក​រដ្ឋសភា​ទាំងអស់​នឹង​បោះឆ្នោត​គាំទ្រ​បេក្ខភាព លោក កឹម សុខា ជា​អនុប្រធាន​ទី១នៃ​រដ្ឋសភា និង​លោក ងួន ញ៉ិល ជា​អនុប្រធាន​ទី២។ ចំណែកឯ​លោក សម រង្ស៊ី មិនមាន​ឈ្មោះ​នៅក្នុង​សមាសភាព​ដឹកនាំ​រដ្ឋសភា​នេះ​ទេ។

រដ្ឋសភាជាតិបើកកិច្ចប្រជុំកាលពីពេលកន្លងទៅ
រដ្ឋសភាជាតិបើកកិច្ចប្រជុំកាលពីពេលកន្លងទៅ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​រសៀល​ថ្ងៃទី២២សីហា បានកំណត់​យក​ថ្ងៃ​អង្គារ​ទី​២៦​សីហា ដើម្បី​បើក​កិច្ចប្រជុំ​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​រដ្ឋសភា។ ជាការ​បោះឆ្នោត​រុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា ទៅតាម​សំណើរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។ តាម​សេចក្តីប្រកាស​ដដែល មាន​របៀបវារៈ​សំខាន់​បី​ដែល​ត្រូវ​ដាក់​អោយ​​រដ្ឋសភា​អនុម័ត ក្នុងនោះ​រួមមាន៖​

 

ទី១-ការបោះឆ្នោត​ជ្រើសតាំង​លោក ងួន ញ៉ិល ជា​អនុប្រធាន​ទី២ នៃ​រដ្ឋសភា
ទី២-ការបោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​អនុប្រធាន​ទី១ នៃ​រដ្ឋសភា
និង​ទី៣ គឺ​ការបោះឆ្នោត​ជ្រើសតាំង ជំនួស​និង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​ទាំ​ង១០នៃ​រដ្ឋសភា។ ការបោះឆ្នោត​នឹងធ្វើ​ឡើង​ដោយ​លើកដៃ មួយ​ដំណាក់កាលម្តង។ នេះ​បើតាម​ការ​បញ្ជាក់​​ពី​​លោក ឈាង វុន សមាជិកសភា​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា។  

សូមបញ្ជាក់ថា ការបោះឆ្នោត​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​នៃ​រដ្ឋសភា ដោយ​ដាក់បញ្ចូល​អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្របតាម​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ កាល​ពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១។ ជា​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាពគ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បែងចែក​តួនាទី​ដឹកនាំ​នៅក្នុង​គណៈ​កម្មា​ធិ​កា​​​រ​​​អចិន្ត្រៃយ៍​​រដ្ឋសភា និង​ការបង្កើត​បន្ថែម​នូវ​គណៈកម្មការ​ជំនាញ​ថ្មី​មួយទៀត។

លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានអោយដឹងថា ក្រៅពី​ការបោះ​ឆ្នោត​​​ជ្រើស​តាំង​លោក កឹម សុខា ជា​អនុប្រធាន​ទី១រដ្ឋសភា គណបក្ស​សង្គ្រោះ​ជាតិ​នៅមាន​សមាស​​ភាព​ជា​ប្រធាន និង​អនុប្រធាន​នៃ​គណៈកម្មការ​ទាំង១០នៃ​រដ្ឋសភា​ផងដែរ ក្នុងនោះ លោក អេង ឆៃអ៊ាង នឹង​ក្លាយជា​ប្រធាន​គណៈកម្មការ​ទី១, លោក ប៉ុល ហំ​ម ជា​ប្រធាន​គណៈ​កម្មការ​​ទី៣, លោក យ៉ែម បុញ្ញឫទ្ធិ  ជា​ប្រធាន​គណៈកម្មការ​ទី៧, លោកស្រី មូរ សុខ​ហួរ ជា​ប្រធាន​គណៈកម្មការ​ទី៨, និង​លោក យឹម សុវណ្ណ ជា​ប្រធាន​គណៈកម្មការ​ទី១។

ចំណែកឯ​សមាសភាព​អនុប្រធាន​គណៈកម្មការ​ជំនាញ​វិញ រួមមាន លោក សុន ឆ័យ ជា​អនុ​ប្រធាន​​គណៈ​កម្មការ​ទី២, លោក ឡុង រី អនុប្រធាន​គណៈកម្មកា​រ​ទី៤, លោកស្រី ជូ​ឡុង សូ​មួ​រ៉ា អនុប្រធាន​គណៈកម្មកា​រ​ទី៥, លោក អ៊ូ ច័ន្ទ​ឫទ្ធិ ជា​អនុប្រធាន​គណៈកម្មការ​ទី៦ និង​លោក ម៉ៅ មុនី​វណ្ណ ជា​អនុប្រធាន​គណៈកម្មការ​ទី។ សំណួរ​សួ​ថា តើ​ហេតុអ្វី​បានជា​មិនឃើញ​មានឈ្មោះ​របស់លោក សម រង្ស៊ី នៅក្នុង​សមាសភាព​ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋសភា​ថ្មី​នេះ?
នោះ​​ក៏​ដោយសារតែ​លោក សម រង្ស៊ី គឺជា​ប្រធាន​គណបក្ស​ដែល​ចាំបាច់​ត្រូវ​គ្រប់គ្រង​អ្នក​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល។ នេះ​បើតាម​លោក បុញ្ញ​ឬ​ទ្ធិ៕  
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ