អានតួអត្ថបទ
កម្ពុជា

លោក ​ស៊ូប៊ែរ​ឌី​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្តពង្រឹង​ច្បាប់​ ដើម្បី​ការពារ​សិទ្ធិ​​មនុស្ស​

លោក សូរិយា ប្រាសាទ ស៊ូ​បែរ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធមនុស្ស​នៅ​កម្ពុជា នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ពង្រឹង​ច្បាប់​បន្ថែម​ទៀត ដើម្បី​ការ​ការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ របាយការណ៍​ចុងក្រោយ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ ត្រូវបាន​លោក ស៊ូ​បែរ​ឌី​ដាក់ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី ១៥ សីហា និង ទើបបាន​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ។

លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិ
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ជា​ភាសា​អង់គ្លេស​ដែលមាន​កម្រាស់ ២០ ទំព័រ​នោះ លោក សូរិយា ប្រា​សា​ទ ស៊ូ​ប៊ែ​រ​ឌី បាន​រៀបរាប់​ពី​ការ​បាតុកម្ម​នានា​នាពេល​កន្លងមក​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៣ ការបង្ក្រាប​ដោយ​ហិង្សា​លើ​បាតុកម្ម​កម្មករ និង ការ​បោសសម្អាត​អ្នក​តវ៉ា​របស់​បក្សប្រឆាំង​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​កាលពីដើម​ខែមករា​កន្ល​ង​ទៅ។ ការមិន​អនុញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​ហែរ​ក្បួន ឫ ជួបជុំ​នៅ​ទី​សា​ធារណៈ ដោយ​រដ្ឋាភិបាល​នាពេល​កន្លងមក ក៏ត្រូវ​បាន​សរសេរ​នៅក្នុង​របាយការណ៍​នោះ​ផងដែរ។

លោក ស៊ូ​ប៊ែ​រ​ឌី បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការ​មិនទាន់មាន​ការស៊ើបអង្កេត​ដោយ​ហ្មត់​ចត់ ជឿជាក់ និង ឯករាជ្យ​នៅឡើយ​ចំពោះ​ឧប្បត្តិ​ហេតុដែល​បានកើត​ឡើង​ក្នុងពេល​ធ្វើ​បាតុ​កម្ម ដោយ​អ្នកបង្ក​អំពើហិង្សា​មិនទាន់​ត្រូវ​យកទៅ​កាត់ក្តី។ ប្រឈម​នឹង​បញ្ហា​នេះ លោក សង្កត់​ធ្ងន់ថា បញ្ហា​និ​ទណ្ឌ​ភាព​នៅតែ​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។ 

លោក ស៊ូ​ប៊ែ​រ​ឌី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ពង្រឹង​ច្បាប់ ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​​កម្ពុជា ។ អ្នក​រាយ​ណ៍​ពិសេស​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រូបនេះ បានផ្តល់​អនុសាសន៍​ប​ន្ថែ​ម​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​នាំ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​នៅក្នុង​អំឡុងពេល​បាតុកម្ម​យកទៅ​កាត់ទោស រួមទាំង​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ​ដែល​បានធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង រងរបួស ហើយ​ធានាថា សំណង​គ្រប់គ្រាន់​ត្រូវបាន​ផ្តល់​ដល់​ជនរងគ្រោះ ឫ សាច់ញាតិ​របស់​ពួកគេ។

លោក ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ សៅរ៍ ទី ២៣ សីហា ថា លោក​មិនទាន់​អាច​វាយតម្លៃ​របាយការ​ណ៍​​នេះ​​បាន​នៅឡើយ​ទេ ដោយសារ​លោក​ទើបតែ​បានទទួល និង កំពុង​ពិនិត្យមើល។ យ៉ាង​ណា​ក៏ដោយ លោក ម៉ក់ សម្បត្តិ បាន​អះអាងថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​កំពុង​ខិត​ខំ​​ពង្រឹង​ច្បាប់​ការពារ​សិទ្ធិមនុស្ស​នេះហើយ។ លោក លើកឡើង​បន្ថែមថា ស្ថានភាព​សិទ្ធិនៅ​កម្ពុជា​កំពុង​វិ​វ​ឌ្ឈ​ទៅរក​ភាពល្អប្រសើរ តែ​លោក​ក៏​មិនបាន​បដិសេធ​ពី​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​នៅតែ​កើតមាន​នោះដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ