អានតួអត្ថបទ
កម្ពុជា

លោកឈាង វុន៖ លោក ហេង សំរិន មិន​បាន​សន្យា​ចាត់​វិធានការ​ចំពោះ​អ្នក​ដុត​ទង់​ជាតិ​វៀតណាម​ទេ​

លោក​ប្រធាន​រដ្ឋសភា ហេង សំរិន មិន​បាន​សន្យា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ថា​នឹង​ចាត់​វិធានការ ចំពោះ​ក្រុមអ្នកតវ៉ា​ដែល​ដុត​ទង់​ជាតិ​វៀតណាម នៅ​កម្ពុជា​នោះ​ទេ។ នេះ​ជា​ការ​បដិសេធ​របស់​លោក ឈាង វុន មន្ត្រី​ជាន់​ខ្ពស់​រដ្ឋសភា​បន្ទាប់​ពី​លោក​បាន​អមដំណើរ​លោក ហេង សំរិន មក​ពី​ទស្សនកិច្ច ​នៅ​ប្រទេស​វៀតណាម​វិញ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។

លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្ស​ប្រជាជន​កម្ពុជា។
លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្ស​ប្រជាជន​កម្ពុជា។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​បដិសេធ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​សារព័ត៌មាន ក្នុង​ស្រុក​មួយ​ចំនួន បាន​ស្រង់​ប្រភព​ពី​កាសែត​វៀតណាម​មក​ចុះផ្សាយ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម លោក ហេង សំរិន បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​ថា​នឹង​ចាត់វិធានការ​ចំពោះ​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ដុត​ទង់ជាតិ​ប្រទេស​វៀតណាម កាលពី​សប្តាហ៍​កន្លង​ទៅ។

លោក ឈាង វុន បាន​អះអាងថា​នោះ​ព័ត៌មាន​មិន​ពិត។  លោក​បញ្ជាក់​ថា លោក ហេង សំរិន បាន​ប្រាប់​ភាគី​វៀតណាម​ថា «ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុកម្ម​ដោយសារ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​និយាយ​មិន​ត្រូវ​ទាក់ទង​នឹង​រឿង​ប្រវត្តិសាស្ត្រ»។

បើតាម​លោក ឈាង វុន សំណើរ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ដែល​ទទូច​ឲ្យ​កម្ពុជា​ចាត់វិធានការ​ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម​នោះ ត្រូវបាន​លោក ហេង សំរិន ឆ្លើយតប​ទៅកាន់​វៀតណាម​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​សកម្មភាព​បាតុកម្ម ឬ​ការដុត​ទង់ជាតិ​វៀតណាម គឺជា​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា។

គួរ​បញ្ជាក់ថា ក្រុម​អ្នក​វ៉ា​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ទុះ​កំហឹង​ដោយសារ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​អះអាង​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្លួន​តាំងពី​យូរ​មក​ហើយ។ បាតុកម្ម​ជា​បន្ត​បន្ទាប់ បាន​ឈាន​ដល់​ការ​ដុត​ទង់ជាតិ​វៀតណាម នៅ​មុខ​ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២​សីហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ